កម្ពុជា៖ ទណ្ឌិត​៥៥៥​នាក់ អាច​នឹង​ត្រូវ​លើក​លែង និង​បន្ថយ​ទោស

ទណ្ឌិតសរុបចំនួន៥៥៥ នាក់ នៅទូទាំងប្រទេស ត្រូវបានក្រសួងយុត្តិធម៌ បានស្នើរសុំទៅព្រះមហាក្សត្រ ព្រះរាជទាន​លើកលែងទោស និងបន្ទូរបន្ថយទោស នៅក្នុងពិធីចូលឆ្នាំប្រពៃណីខ្មែរ ដែលនៅក្នុងប្រតិទិនបាន​កំណត់ចាប់​ពីថ្ងៃ​ទី១៤ ដល់ថ្ងៃទី ១៦ខែមេសា។
Loading...
  • ដោយ: លោក គិន
  • កែប្រែចុងក្រោយ: April 07, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទណ្ឌិតសរុបចំនួន៥៥៥ នាក់ នៅទូទាំងប្រទេស ត្រូវបានក្រសួងយុត្តិធម៌ បានស្នើរសុំទៅព្រះមហាក្សត្រ ព្រះរាជទាន​លើកលែងទោស និងបន្ទូរបន្ថយទោស នៅក្នុងពិធីចូលឆ្នាំប្រពៃណីខ្មែរ ដែលនៅក្នុងប្រតិទិនបាន​កំណត់ចាប់​ពីថ្ងៃ​ទី១៤ ដល់ថ្ងៃទី ១៦ខែមេសា។


ព្រះមហាក្សត្រព្រះបាទ នរោត្តម សីហមុន្នី ទ្រង់គ្រងរាជបល្ល័ង្គ ក្នុងរាជាណាចក្រទីពីរនៃកម្ពុជា។

ប្រព័ន្ធយុត្តិធម៌ - លោក សម ប្រជាមានិត នាយកខន្ទកាល័យក្រសួងយុត្តិធម៌ បានថ្លែងឲ្យដឹងថា អគ្គនាយកដ្ឋាន​ពន្ធនាគារនៃក្រសួងមហាផ្ទៃ បានស្នើរសុំព្រះមហាក្សត្រព្រះរាជទានលើកលែងទោស និងបន្ទូរបន្ថយទោស ដល់​ទណ្ឌិតទូទាំងប្រទេស សរុបចំនួន ៥៥៥ នាក់ បន្ទាប់ពីពិនិត្យ លើសំណើស្នើរសុំរបស់អគ្គនាយកដ្ឋានពន្ធនាគារ ស្នើរ​មកចំនួន ៦២៥ នាក់ ដោយសារទណ្ឌិតមួយចំនួន ពុំបានអនុវត្តន៍តាមនិតិវិធី។

លោកបានឲ្យដឹងទៀតថា ក្នុងចំណោមទណ្ឌិត ៥៥៥នាក់នោះ មានទណ្ឌិតចំនួន ៧០ នាក់ ត្រូវបានស្នើរសុំទៅ​ព្រះមហាក្សត្រ ព្រះរាជទាន​លើកលែងទោសទាំងស្រុង ចំនែកចំនួន ១១៦នាក់ ត្រូវបានបន្ធូបន្ថយទោសចំនួន ១២ ខែ។ ទណ្ឌិតចំនួន១១១នាក់ត្រូវបានបន្ធូបន្ថយទោស៩ខែ និង ២៥៨នាក់ត្រូវបានបន្ថយទោស៦ខែ។

លោកបានបន្ថែមឲ្យដឹងទៀតថា៖ «ទណ្ឌិតដែលត្រូវបានលើកលែងទោស ត្រូវអនុវត្តទោសរបស់ខ្លួន២ភាគ៣ និង​មានឆន្ទះកែប្រែ ខ្លួនអាចត្រឡបទៅរស់នៅក្នុងសង្គមវិញបាន»។

អនុវត្តទោសបាន២ភាគ៣ ...

លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងប្រហាក់ប្រហែលគ្នានេះដែរថា ចំពោះការលើកលែង​ទោស​ដល់ទណ្ឌិតនោះ គឺ​ទណ្ឌិតដែលបានកាត់ទោស​ប្រភេទធម្មតា ហើយ អ្នកដែលត្រូវបន្ធូរបន្ថយទោសបាន លុះត្រា​តែ​បានជាប់ពន្ធនាគារ ចំនួន១ភាគ៣នៃទោស​ដែល​ត្រូវបានកំណត់ ចំណែកអ្នកដែលត្រូវលើកលែងទោស តែម្តងលុះ​ត្រាអនុវត្តន៍ទោស​របស់ខ្លួន២ភាគ៣ ទើបអាច​យកមកពិចារណាលើកលែងទោសឲ្យបាន។ លោកបានថ្លែងឲ្យដឹង​ទៀតថា៖ «ប៉ុន្តែចំពោះរំលោភសេពសន្ថវៈលើកុមារ ភេរវកម្ម មនុស្សឃាដ គ្រឿងញៀន មិនត្រូវបានអនុញ្ញាតិ ឲ្យ​លើកលែងទោសនោះទេ បើទោះបីជាគេបានអនុវត្តន៍២ភាគ៣រឺក៏៣ភាគ៤ក៏ដោយ»។

លោក សំ សុផល ប្រធានពន្ធនាគារខេត្តព្រះសីហនុបានថ្លែងឲ្យដឹងថា ពន្ធនាគាររបស់លោក បានស្នើរសុំបន្ធូរ​បន្ថយ​ទោស និងលើកលែងទោសសរុបចំនួន១៨នាក់ ប៉ុន្តែលោកពុំដឹងថាខាងក្រសួងបានកំណត់ឲ្យចំនួនប៉ុន្មាននោះទេ។ លោកបានថ្លែងឲ្យដឹងទៀតថា៖ «នៅក្នុងឆ្នាំនេះ យើងពុំបានស្នើរសុំបន្ធូរបន្ថយទោសដល់ទណ្ឌិត ជាជនជាតិ​បរទេស​នោះទេ ដោយសារតែពួកគាត់អនុវត្តន៍ពុំទាន់គ្រប់និតិវិធីច្បាប់កំណត់នៅឡើយ»។

អំពើពុករលួយ អាចនៅចោទជាបញ្ហា

ទាក់ទិនទៅ និងការលើកលែងទោសបន្ធូរបន្ថយទោសនោះ លោក ចាន់ សុវ៉េត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ សមាគម​ការពារសិទ្ធិមនុស្ស អាដហុក បានថ្លែងឲ្យដឹងថា លោកតែងតែទទួលបានដំណឹងពីខាងសាច់ញាត្តិទណ្ឌិតថា បើ​ទណ្ឌិតទាំងនោះ ត្រូវបានលើកលែងទោស រឺបន្ធូរបន្ថយទោស លុះត្រាតែលុយដល់មន្ត្រីពន្ធនាគារ ទើបមាន​ឈ្មោះ​នៅក្នុងបញ្ជីរលើកលែងទោស។ លោកបានថ្លែងឲ្យដឹងទៀតថា៖ «ដោយសារតែការពុករលួយនេះ ទណ្ឌិតខ្លះបាន​អនុវត្តន៍ទោសលើស២ភាគ៣ តែពុំត្រូវបានស្មើរសុំឲ្យលើកលែងទោសនោះទេ ដូចជាករណីលោកស សុង ដែលត្រូវ​បានកាត់ទោសឲ្យជាប់ពន្ធនាគារទាក់ទិនករណីជម្លោះដីធ្លីរបស់គាត់»។

សុំរម្លឹកផងដែរថា កាលពីថ្ងៃ ទី៤ ខែកុម្ភៈ ឆ្នាំ ២០១៣ រដ្ឋាភិបាលកម្ពុជា ធ្លាក់បានស្នើរសុំទៅព្រះមហាក្សត្រ ធ្វើការ​លើក​លែងទោសដល់ ទណ្ឌិតនៅទូទាំងប្រទេសចំនួន ៤១២នាក់ និងបន្ធូរបន្ថយទោសដល់ទណ្ឌិត ៨៤នាក់ ក្នុងពិធី​ថ្វាយព្រះភ្លើងដល់ព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រ នរោត្តម សីហនុ ដោយក្នុងនោះមានទាំងស្តី្រដែល​មាន​ផ្ទៃ​ពោះ​ចាស់ជរា និងមានជំងឺរ៉ាំរៃ ផងដែរ៕

------------------------------
ដោយ គិន ង៉ុយ (ទំនាក់ទំនង [email protected]) - ភ្នំពេញ ថ្ងៃទី០៧ មេសា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...