សម្ភាស មុត ចន្ថា៖ ជាតិនិយម រួមជាមួយសង្គ្រោះជាតិ ដើម្បី«ខ្លាំង»
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: April 07, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
គណបក្សជាតិនិយម មិនមែនចុះចូលជាមួយ គណបក្សសង្គ្រោះជាតិទេ តែជាការរួបរួម ការរួមកម្លាំងប្រជាធិបតេយ្យ ដើម្បីធ្វើឲ្យកម្លាំងនោះកាន់តែខ្លាំង និងមិនបែកខ្ញែកគ្នា។ លោក មុត ចន្ថា អគ្គលេខាធិការគណបក្សជាតិនិយម បានបង្ហាញពីគោលជំហរ នៃការរួមរួបនេះថាគណបក្សលោក ក៏ដូចជាគណបក្សសង្គ្រោះជាតិ ចង់ធ្វើអ្វីទៅតាមឆន្ទៈរបស់រាស្រ្ត ដែលចង់ឲ្យមានការផ្លាស់ប្តូរ។
សមាជិកគណបក្សជាតិនិយម កាលពីពេលធ្វើការរួបរួមជាមួយគណបក្សហ្វុនស៊ីនប៉ិច។ (រូបថតគណបក្ស)
នយោបាយ - ក្នុងពិធីរំលឹកខួប១ឆ្នាំ នៃការបង្កើតគណបក្សសង្គ្រោះជាតិ នាព្រឹកថ្ងៃទី៧ ខែមេសានេះ នៅស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិចាក់អង្រែលើ លោក ប៉ុល ហំម ប្រធានគណៈកម្មាធិការនាយកនៃគណបក្សសង្រ្គោះជាតិ បានប្រកាសជាផ្លូវការថា«គណបក្ស ជាតិនិយម» នឹងរួបរួមជាមួយគណបក្សសង្គ្រោះជាតិ។ ការប្រកាសខាងលើ បានធ្វើឡើងនៅចំពោះវត្តមានលោក ផែង ហេង ជាប្រធានគណបក្ស និងលោក មុត ចន្ថា ជាអគ្គលេខាធិការ«គណបក្សជាតិនិយម» ដែលអង្គុយនៅលើវេទិកានោះដែរ។
ក្នុងកិច្ចសម្ភាសដោយឡែកមួយ ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ លោក មុត ចន្ថា បានលើកឡើងថាគណបក្សជាតិនិយម ជាគណបក្សប្រជាធិបតេយ្យ ដូច្នេះត្រូវតែរកដៃគួរបស់ខ្លួន ដែលប្រកាន់ជំហរជាអ្នកប្រជាធិបតេយ្យដូចគ្នា។ ជាចុងក្រោយលោកបានបង្ហាញថា លោកមានការសម្លឹងឃើញ មានតែគណបក្សសង្គ្រោះជាតិមួយគត់ ដែលអាចយកជាដៃគូរ ក្នុងការដឹកនាំប្រទេសឈានទៅរកលិទ្ធិប្រជាធិបតេយ្យពិតប្រាកដ។
លោក មុត ចន្ថា បានអះអាងថា៖ «បើចង់ឲ្យកម្ពុជាមានការផ្លាស់ប្តូរ ទាល់តែអ្នកប្រជាធិបតេយ្យរួបរួមគ្នា។ យើងត្រូវតែរួមកម្លាំង ជាមួយអ្នកប្រជាធិបតេយ្យដូចគ្នា។ បើអ្នកប្រជាធិបតេយ្យ ធ្វើការទីទៃៗពីគ្នា នោះជាបញ្ហាធំនៃការបែកកម្លាំងរបស់អ្នកប្រជាធិបតេយ្យ។» អគ្គលេខាធិការរូបនេះ បានបញ្ជាក់ថា ឈរលើជំហរតែមួយនេះ វាអាស្រ័យទៅលើពេលវេលាខាងមុខទៀត ថា តើពេលណាដែលត្រូវច្របាច់បញ្ចូលគ្នា នៃគណបក្សទាំងពីរនាពេលខាងមុខ។ លោកបន្តថា ចាប់ពីពេលនោះតទៅ លោកនៅតែបន្តទុកនូវអត្តសញ្ញាណនៃគណបក្សជាតិនិយម រហូតដល់ក្រោយឆ្នាំ២០១៧ ដើម្បីការពារ និងរក្សានូវសមាជិកក្រុមប្រឹក្សាឃុំសង្កាត់។
«យើងរួបរួមនៅក្នុងបញ្ជីបោះឆ្នោតតែមួយ។ ឯការបោះឆ្នោត យើងបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ។ យើងរួបរួមគ្នា ធ្វើការជាមួយគ្នាដើម្បីជាតិ។»
លោកបានពន្យល់យ៉ាងដូច្នេះថា៖ «បើយើងធ្វើនយោបាយដើម្បីជាតិ យើងត្រូវស្វែងរកអ្វី (គណបក្ស) ដែលមានទិសដៅដូចគ្នា។ ហើយទៅតាមអ្វី ដែលជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋលោកចង់បាននូវការផ្លាស់ប្តូរ។ (…) ការផ្លាស់ប្តូរនេះអាចទៅបានលុះត្រា តែកម្លាំងអ្នកប្រជាធិបតេយ្យខ្លាំង និងមិនបែកខ្ញែកគ្នា។»
ជាមួយនឹងសំនួចោទសួរថា ហេតុអ្វីមិនរួមកម្លាំងជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សមួយកំពុងកាន់អំណាចសព្វថ្ងៃនោះ លោកបានពន្យល់ថា ដោយគណបក្សលោកប្រកាន់គោលជំហរ គោលការណ៍ប្រជាធិបតេយ្យ និងគោរពនូវឆន្ទៈរបស់ប្រជាពលរដ្ឋ។ លោកបន្តថា ការដែលមិនចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ព្រោះថា មនោគមវិជ្ជានៃគណបក្សប្រជាជនកម្ពុជា ខុសគ្នានឹងគណបក្សជាតិនិយម ដោយឡែកត្រូវគ្នាជាមួយនឹងមនោគមន៍វិជ្ជានៃគណបក្សសង្គ្រោះជាតិ។
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំប្រតិកម្មពីលោក ជៀម យាប មន្រ្តីជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា ដើម្បីប្រតិកម្មតបចំពោះការលើកឡើងខាងលើរបសល់លោក មុត ចន្ថា បានទេ។ តែលោក ផៃ ស៊ីផាន មន្ត្រីនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោកមិនមានយោបល់អ្វីចំពោះការចូលរួមនៃគណបក្សទាំងពីរនោះទេ ព្រោះថានោះជាសិទ្ធិរបស់ពួកគេ។ តែយ៉ាងណាក៏ដោយលោក ក៏ដូចជាគណបក្សប្រជាជនកម្ពុជា ក៏មិនមានអ្វីជាការព្រួយបារម្មណ៍ និងប្លែកនោះទេ នូវសម្ព័ន្ធភាពថ្នីនេះ។ លោកបញ្ចាក់ដូចច្នេះថា «គណបក្សជាតិនិយមតែងតែទទួលបរាជ័យ ដោយប្រជាពលរដ្ឋលោកមិនបោះឆ្នោតឲ្យ។ យើង (គណបក្សប្រជាជនកម្ពុជា) មានការពិសោធន៍ជាមួយការងារ ប្រជែងតាមរយៈការបោះឆ្នោត តាំងពីពេលកន្លងមកហើយ។»
សូមរម្លឹកថា គណបក្សជាតិនិយម ត្រូវបានប្រសូតចេញ តាមរយៈការប្តូឈ្មោះពី«គណបក្សនរោត្តមរណឫទ្ធិ» កាលពីថ្ងៃសុក្រទី២៤ ខែសីហា ឆ្នាំ២០១២ បន្ទាប់ពីការការដកព្រះកាយរបស់ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ ដែលធ្លាប់ជាព្រះប្រធានគណបក្សនេះ ចេញពីឆាកជីវិតជាអ្នកនយោបាយកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១២។ គណបក្សនេះធ្លាប់បានចូលធ្វើសម្ព័នភាព ជាមួយគណបក្សហ្វុនស៊ីនប៉ិច នៅមុនការបោះឆ្នោតសកល ខែកក្កដាឆ្នាំ២០១៣ តែបានប្រកាសបំបែកខ្លួនចេញពីសម្ព័ន្ធភាពនេះវិញ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤៕
--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី០៧ មេសា ២០១៤