មួរ សុខហួរ៖ សម រង្ស៊ី គ្រាន់តែបកស្រាយតាមរដ្ឋធម្មនុញ្ញ
មន្រ្តីអ្នកនាំពាក្យបណ្តោះអាសន្ន របស់គណបក្សសង្រ្គោះជាតិ លោកស្រី មួរ សុខហួរ បានអះអាងលោកសម រង្ស៊ី មានសិទ្ធិគ្រប់គ្រាន់ក្នុងការបកស្រាយថា សមាជិកសភា ត្រូវមានយ៉ាងតិ១២០រូប ស្របតាមរដ្ឋធម្មនុញ្ញ និងជាការទូលថ្វាយព្រះមហាក្សត្រ។ ការលើកឡើងរបស់លោកស្រី មួរ សុខហួរ គឺបានកើតឡើយក្រោយពេលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ព្រមានថានឹងប្តឹងលោកសម រង្ស៊ី ពីបទមិនគោរពសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ។
លោក សម រង្ស៊ី នៅក្នុងក្បួនដង្ហែរំលឹកខួបការបាញ់សម្លាប់មេដឹកនាំសហជីពកាលពី១០ឆ្នាំមុន លោក ជា វិជ្ជា។ (រូបថត MONOROOM.info/ O.Vary)
នយោបាយ - «លោកប្រធានសម រង្ស៊ី អត់និយាយអ្វីខុសពីការពិតនោះទេ តែជាការនិយាយតាមរដ្ឋធម្មនុញ្ញ ដែលចែងអំពីសភាត្រូវមានសមាជិកយ៉ាងតិច១២០រូប ដើម្បីបើកជាសភា ស្របតាមស្មារតីសេរីពហុបក្ស។ នេះជាជំហរ និងគំនិតដើម ដើម្បីថ្វាយព្រះករុណា»។ នេះជាការលើកឡើងរបស់លោកស្រីមួរ សុខហួរ មន្រ្តីអ្នកនាំពាក្យបណ្តោះអាសន្ន របស់គណបក្សសង្រ្គោះជាតិ ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី០៧ មេសា នេះ។
លើសពីសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលចុះថ្ងៃទី០៥ មេសា ដែលថ្កោលទោស លោក សម រង្ស៊ី ថាបានប្រមាថព្រះមហាក្សត្រ និងមិនគោរពសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ហើយព្រមានចាត់វិធានការ ទោះក្នុងតម្លៃណាក៏ដោយនោះ លោក ហ៊ុន សែន ក៏បានអះអាងដែរថា បណ្តឹងប្រឆាំងលោកសម រង្ស៊ី នឹងទៅដល់ដៃតុលាការមុនចូលឆ្នាំខ្មែរ។
នាយករដ្ឋមន្រ្តីកម្ពុជាលោកហ៊ុន សែន ក្នុងកម្មវិធីមួយនៅកោះពេជ្រ ថ្ងៃទី០៧ មេសា នេះបានអះអាងថាក្រុមអ្នកច្បាប់កំពុងតែសិក្សាពីនីតិវិធីច្បាប់ ដើម្បីដាក់បណ្តឹងទៅតុលាការ ប្រឆាំងលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ពីបទជំទាស់សេចក្តីសម្រេចរបស់ ក្រុមប្រឹក្សាធម្មនុញ្ញ ឲ្យបានមុនចូលឆ្នាំខ្មែរ។ លោកហ៊ុន សែន បានបញ្ជាក់ច្បាស់ទៀតថា៖ «ការដឹកនាំធ្វើបាតុកម្មនាំឲ្យមានអំពើហិង្សាកន្លងមក រួមទាំងការប្រឆាំងនឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ គឺវាគ្រប់គ្រាន់សម្រាប់ការដាក់ទោសហើយ។»
តែសម្រាប់លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌល អភិវឌ្ឍន៍ពលរដ្ឋ និងសន្តិភាព បានលើកឡើងថា ការសម្រេចចិត្តរបស់អ្នកនយោបាយ យកការប្តឹងផ្តល់ទៅតុលាការ ដើម្បីមានប្រៀបនោះ វានឹងធ្វើឲ្យបញ្ហាគ្រប់យ៉ាងកាន់តែស្មុគស្មាញ ខណៈវិបត្តិនយោបាយ នៅបន្តជាប់គាំងនៅឡើយនោះ។
ប្រធានមជ្ឈមណ្ឌល អភិវឌ្ឍន៍ពលរដ្ឋ និងសន្តិភាព រូបនេះ បានសម្តែងចម្ងល់ថា៖ «យើងឃើញគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ បានប្រឹងប្រែងស្វែងរកដំណោះស្រាយនយោបាយច្រើនមកហើយ ទាក់ទងនឹងបញ្ហាបោះឆ្នោត ចុះហេតុអ្វីនៅពេលទៅជ្រើសរើសការប្តឹងផ្តល់ ដែលនឹងនាំឲ្យបញ្ហាកាន់តែលំបាក? ពួកគេគម្បីជជែកគ្នាឲ្យបានច្រើន ហើយបោះបង់ការប្តឹងផ្តល់គ្នានៅតុលាការ៕»
-------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៧ មេសា ២០១៤