បក្សប្រជាជន និងបក្សសង្គ្រោះជាតិ ចោទគ្នាថាធ្វើ«រដ្ឋប្រហារ»រដ្ឋធម្មនុញ្ញ
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: September 25, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការប្រជុំរដ្ឋសភាលើកដំបូងថ្ងៃទី២៣ ខែកញ្ញា ការបោះឆ្នោតតែងតាំងរដ្ឋាភិបាលតាមវិធីបោះឆ្នោតដោយ«កញ្ចប់» ជាការរំលោភលើរដ្ឋធម្មនុញ្ញយ៉ាងធ្ងន់ធ្ងរ។ រាល់ការរៀបចំ«ក្បាលម៉ាស៊ីន» ទាំងរដ្ឋសភា ទាំងរដ្ឋាភិបាល ជាការវិលត្រឡប់ទៅរករបបកុម្មុយនីស ដែលប្រើប្រាស់នូវប្រព័ន្ធ«បក្សតែមួយ» ដែលផ្ទុយពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស១៩៩១ ដោយបានកំណត់ថាកម្ពុជាប្រកាន់នូវរបប«ប្រជាធិបតេយ្យសេរីពហុបក្ស»។ ជាសភា និងជារដ្ឋាភិបាលមិនតំណាងឲ្យឆន្ទៈប្រជាពលរដ្ឋនោះឡើយ ពិសេសនេះជាការធ្វើ«រដ្ឋប្រហារ»រដ្ឋធម្មនុញ្ញ។ នេះជាការលើកឡើងរបស់លោក សម រង្ស៊ី មេដឹកនាំប្រឆាំងនៅកម្ពុជា។
លោក សម រង្ស៊ី និងលោក កឹម សុខា នៅទីលានប្រជាធិបតេយ្យ ថ្ងៃទី២៦ខែសីហា។ (រូបថត MONOROOM.info/ O. Vary)
រាជធានីភ្នំពេញ - លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិក្នុងសន្និសីទកាសែតកាលពី ព្រឹកថ្ងៃទី ២៥ ខែកញ្ញានេះ បានបង្ហាញពី«ជំហរ»របស់ខ្លួនជុំវិញស្ថានការណ៍នយោបាយនាពេលបច្ចុប្បន្ន។ លោកថា«គោលជំហររបស់យើង មិនត្រឹមតែមិនទទួលស្គាល់នោះទេ យើងសូមថ្កោលទោសទៅលើរដ្ឋាភិបាល និងរដ្ឋសភាថ្មីនេះ ដោយស្នើសុំទៅសហគមន៍ជាតិ អន្តរជាតិ និងក្រុមហ៊ុននានាកុំឲ្យមានការឲ្យតម្លៃ និងផ្តល់ប្រយោជន៍ ឬចរចាចុះហត្ថលេខាជាមួយរដ្ឋាភិបាល«ខុស»ច្បាប់មួយនេះ។
ប្រធានគណបក្សសង្រ្គោះជាតិរូបនេះបន្តរថា«យើងមិនអាចទទួលស្គាល់រដ្ឋាភិបាល និងសហការណ៍ជាមួយរដ្ឋាភិបាលបែបនេះទេ។ ការប្រជុំសភាមុននេះ ជាការរំលោភរដ្ឋធម្មនុញ្ញ ឯការបង្កើតរដ្ឋាភិបាល និងរដ្ឋសភាតាមរយៈការបោះឆ្នោតជាកញ្ចប់ (វា)ជាការដើរ«ថយក្រោយ» ទៅរបប«ឯកបក្ស»ខុសពីខ្លឹមសារកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១។
ប្រធានបក្សសង្គ្រោះជាតិបានបញ្ជាក់ថា គណបក្សសង្គ្រោះជាតិនៅតែទាមទារឲ្យមានការស្វែងរកការពិត នៅតែទទូចទាមទារឱ្យមានការបង្កើតគណៈកម្មាធិការឯករាជ្យ ស៊ើបអង្កេតភាពមិនប្រក្រតីជាមុនសិន។ «យើងអត់ទៅប្រជុំសភាដើម្បីប្រថាប់ត្រាឱ្យគេបាននោះទេ។ យើងនឹងចូលរួមប្រជុំ ដរាបមានការបឈ្ឈប់ការយកដីប្រជារាស្រ្ត ការកាប់បំផ្លាញព្រៃឈើ។ យើងចង់ឱ្យមានតុល្យភាពអំណាច នៅក្នុងប្រទេសដែលមានស្ថាប័នបី ដូចជានីតិបញ្ញត្តិដោយបក្សឈ្នះមួយ នីតិប្រតិបត្តិដោយបក្សឈ្នះឆ្នោតមួយផ្សេងទៀត និងតុលាការត្រូវស្ថិតក្រោមយន្តការ នៃការត្រួតពិនិត្យដោយបក្សឈ្នះឆ្នោតទាំងពីរដើម្បីការគោរពច្បាប់ និងភាពយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋ។»
ឯអនុប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខាបានបន្ថែមថា «យើងគោរពឆន្ទៈម្ចាស់ឆ្នោត យើងគោរពគោលការណ៍ប្រជាធិបតេយ្យ និងរដ្ឋធម្មនុញ្ញ ដែលជាចែងពីប្រជាធិបតេយ្យសេរីពហុបក្ស។ យើងមិនចូលដៃក្នុងការមិនគោរពរច្បាប់រដ្ឋធម្មនុញ្ញជាមួយគេនោះទេ។» ជាមួយគ្នានេះអនុប្រធានបក្សប្រឆាំងរូបនេះបានបញ្ជាក់ថា «យើងមិនទាន់មានការឯកភាពគ្នា ដូច្នេះការបង្កើរដ្ឋាភិបាល និងរដ្ឋសភាជា«រដ្ឋប្រហារដ្ឋធម្មនុញ្ញ»។ លោកបន្តរថាដូច្នេះអ្វីៗដែលគណបក្សសង្គ្រោះជាតិបានដើរ ឬការសម្រេចចិត្តមិនចូលប្រជុំរដ្ឋសភា ជាភាពជោគជ័យមួយដ៏ខ្ពស់របស់គណបក្សសង្គ្រោះជាតិ ហើយលោកបានចាត់ទុកថាជាការដើរលើផ្លូវមួយដ៏ត្រឹមត្រូវ។
សូមមើលអត្ថបទបន្ថែម ស្ដីពីទស្សនះរបស់លោក ម៉ម សូណង់ដូ ស្ដីពីការបង្កើតរដ្ឋាភិបាលដែលខុសពីឆន្ទះរាស្ត្រ ជារដ្ឋប្រហារដ្ឋធម្មនុញ្ញ ដោយចុចលើទីនេះ។
ឆ្លើយតបទៅនឹងការលើកឡើងខាងលើ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ រដ្ឋសភាទើបនឹងតែងតាំងថ្មី លោក ជាម យៀប បានបញ្ជាក់ចំពោះបញ្ហាចោទ ទាក់ទងនឹងគណបក្សប្រជាជនកម្ពុជាធ្វើ«រដ្ឋប្រហារដ្ឋធម្មនុញ្ញ» យ៉ាងដូច្នេះថា ការលើកឡើង ការចោទប្រកាន់នានាជាសិទ្ធិសេរីភាពរបស់លោក សម រង្ស៊ី តែត្រូវធ្វើយ៉ាងណាឲ្យស្របទៅតាមច្បាប់។ តែលោកបានបដិសេធទាំងស្រុង មិនអាចទទួលយកបានទេ ចំពោះការលើកឡើងទាំងនោះ ដោយលោកបានពន្យល់ថា «ឯកបក្ស»មានបក្សតែមួយ តែសម្រាប់ការបោះឆ្នោតមានប្រាំបីគណបក្ស ហើយមានតែពីរគណបក្សទេដែលទទួលបានសម្លេងក្នុងរដ្ឋសភា។
«ស្លឹកឈើ ជ្រុះមិនឆ្ងាយពីគល់ ...»
ជាមួយគ្នានេះប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ក៏បានចោទប្រកាន់ទៅលើលោកសម រង្ស៊ី និងលោក កឹម សុខា ថាជាអ្នកធ្វើ«រដ្ឋប្រហាររដ្ឋធម្មនុញ្ញ»ទៅវិញនោះ។ លោកថា «ស្លឹកឈើ ជ្រុះមិនឆ្ងាយពីគល់ទេ។ សម រង្ស៊ី មានគំនិតជាប្រព័ន្ធប្រហារដូចលោក សម សារី ឪពុកគាត់អញ្ចឹង»។ លោកក៏បានចោទទៀតថា លោក សម រង្ស៊ី បានធ្វើការឃុំខ្លួនតំណាងរាស្រ្តទាំង៥៥រូបនៅសៀមរាបដោយមិនអនុញ្ញាតិឲ្យមកប្រជុំរដ្ឋសភាជាការ«ប្រមាថ»ដល់សិទ្ធិមនុស្ស។ «ខ្ញុំសូមជំរាបថា គណបក្សប្រជាជនគោរពច្បាប់មួយរយភាគរយ រដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីការជ្រើសតាំងតំណាងរាស្រ្ត គោរពតាមព្រះរាជសារព្រះករុណា។»
ចំពោះបញ្ហា «ឯកភាពជាតិ» លោកបានលោកឡើងថា គឺខាងគណបក្សសង្គ្រោះជាតិទេដែល«មិនឯកភាព ហើយដឹកនាំទៅរកការក្បត់ជាតិ»នោះ ឯគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់ព្រះមហាក្សត្រ ជាព្រះប្រមុខរដ្ឋ។ គ.ជ.ប ក៏បានធ្វើអ្វីៗទៅតាមសមត្ថកិច្ចរបស់ខ្លួនដែរ និងក្រុមប្រឹក្សាធម្មនុញ្ញក៏បានអនុវត្តនូវនីតិវិធីរបស់ខ្លួនចប់សព្វគ្រប់ហើយ និងក៨បានបិទផ្លូវតវ៉ាដែរ។
សូមមើលអត្ថបទបន្ថែម ស្ដីពីរាជានិយមនៅកម្ពុជានឹងមានបន្ត ដរាបណាគ្មាន«រដ្ឋប្រហាររដ្ឋធម្មនុញ្ញ» ដោយចុចលើទីនេះ។
ដោយឡែកនៅថ្ងៃជាមួយគ្នានៃការបដិសេធមិនទទួលស្គាល់រដ្ឋាភិបាលដោយគណបក្សសង្គ្រោះជាតិ នៅឯវិមានសន្តិភាពបន្ទាប់ពីរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តបង្កើតរាជរដ្ឋាភិបាលកាលពីថ្ងៃទី២៤ ខែកញ្ញា ដោយមានសម្លេងគាំទ្រ៦៨លើ៦៨ ក្នុងការដឹកនាំសមាជិកគណៈរដ្ឋមន្ត្រីអាណត្តិទីប្រាំនៃកិច្ចប្រជុំគណរដ្ឋមន្រ្តីដំបូង ក្រោយពីបានធ្វើសម្បថក្នុងព្រះបរមរាជវាំង ក្រោមព្រះរាជធិបតី សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២៥ កញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ