អ្នក​រាយការណ៍ អ.ស.ប៖ ការ​រិត​ត្បិត​សម្លេង​ពលរដ្ឋ​គម្រាមដល់​«ស្ថិរភាព»

មន្ត្រីអ្នករាយការណ៍ពិសេសស របស់អង្គការសហប្រជាជាតិ ស្ដីពីបញ្ហាសិទ្ធិមនុស្ស នៅកម្ពុជា បានថ្លែងព្រមានពីទីក្រុង ហ្សឺណែវ ប្រទេសស្វីសថា ការរិតត្បិតសម្លេងរបស់ពលរដ្ឋ នឹងគម្រាមកំហែងដល់«ស្ថិរភាព» ដល់ប្រទេសនេះ ប្រសិនជារដ្ឋាភិបាលកម្ពុជា មិនងាកមករកការដឹកនាំប្រទេស តាមលទ្ធិប្រជាធិបតេយ្យទេនោះ។ ជាការលើកឡើងដំបូងបង្អស់ របស់អ្នកជំនាញអន្តរជាតិរូបនេះ បន្ទាប់ពីព្រឹត្តិការណ៍នយោបាយ ក្នុងប្រទេសកម្ពុជា បានកើតឡើងជាបន្តបន្ទាប់ អស់រយៈពេលជាច្រើនខែមកហើយ។
អ្នក​រាយការណ៍ អ.ស.ប៖ ការ​រិត​ត្បិត​សម្លេង​ពលរដ្ឋ​គម្រាមដល់​«ស្ថិរភាព»
ពីឆ្វេងទៅស្ដាំ៖ អ្នកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសស របស់អង្គការសហប្រជាជាតិ ស្ដីពីបញ្ហាសិទ្ធិមនុស្ស នៅកម្ពុជា និងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។ (រូបថត MONOROOM.info)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១១ធ្នូ ២០១៧
  • កែប្រែចុងក្រោយ: December 11, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅចំពោះវិបត្តិនយោបាយសព្វថ្ងៃ «ប្រទេសកម្ពុជា កំពុងស្ថិតនៅផ្លូវបំបែកដ៏សំខាន់»។ នេះ ជាការលើកឡើងរបស់អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ (អ.ស.ប) ស្ដីពីបញ្ហាសិទ្ធិមនុស្ស នៅកម្ពុជា នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ដែលផ្សាយចេញក្នុងថ្ងៃទី១១ ខែធ្នូនេះ ពីស្នងការដ្ឋានជាន់ខ្ពស់ អ.ស.ប ទទួលបន្ទុកសិទ្ធិមនុស្ស ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស។

មន្ត្រីជំនាញរបស់អ.ស.ប.រូបនេះ បានពន្យល់ថា ប្រទេសកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ច ដែលមិនធ្លាប់មានពីមុន ដែលអនុញ្ញតឲ្យប្រទេសនេះ អាចជួយរំដោះពលរដ្ឋ ចេញពីភាពក្រីក្រ និងលើកស្ទួយសង្គម ឲ្យមានការអភិវឌ្ឍន៍ ទាំងក្នុងវិស័យអប់រំ និងក្នុងវិស័យសុខាភិបាល។ អ្នកស្រីថា៖ «ប៉ុន្តែដើម្បីរក្សាបាន ការអភិវឌ្ឍន៍ ទាំងផ្នែកសេដ្ឋកិច្ច និងផ្នែកសង្គមនេះ វាជាប្រការសំខាន់ណាស់ ដែលត្រូវគោរពសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ មានដូចជា សេរីភាពសារព័ត៌មាន សេរីភាពបញ្ចេញមតិ ការជួបជុំដោយសន្តិវិធី និងការបង្កើតសមាគម»។

ព្រឹត្តិការណ៍នយោបាយធំៗជាច្រើន បានកើតឡើង នៅប្រទេសកម្ពុជា ក្នុងរយៈពេលចុងក្រោយ រាប់បញ្ចូលទាំងការបិទទ្វាអង្គការក្រៅរដ្ឋាភិបាល សារព័ត៌មាន វិទ្យុ ការចាប់ខ្លួនប្រធានគណបក្សប្រឆាំង មុននឹងគណបក្សនេះ ត្រូវបានប្រកាសរំលាយ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយតុលាការកំពូលកម្ពុជា ដែលត្រូវបានគេមើលឃើញថា មានសមាសភាពចៅក្រមភាគច្រើន និងអគ្គព្រះរាជអាជ្ញា គឺជា​មន្ត្រីជំនិត​របស់​គណបក្សប្រជាជនកម្ពុជា។ ព្រឹត្តិការណ៍ទាំងនេះ បានបង្កឲ្យមានប្រតិកម្មចំរុះ ពីសហគមន៍អន្តជាតិ ហើយទណ្ឌកម្ម ដាក់ប្រឆាំងរនឹងរដ្ឋាភិបាលកម្ពុជា ក៏បានធ្លាក់ចុះជាបន្តបន្ទាប់ដែរ។

ចំពោះរដ្ឋាភិបាលកម្ពុជា បានច្រានចោលរាល់ការរិះគន់ និងបានបញ្ជាក់ដដែលៗ ចាត់ទុកចំណាត់ការរបស់ខ្លួន ទាំងប៉ុន្មានខាងលើ គ្រាន់តែជាការអនុវត្តន៍ច្បាប់ នៅក្នុងប្រទេសនីតិរដ្ឋប៉ុណ្ណោះ។ ប៉ុន្តែច្បាប់ទាំងនោះមួយចំនួន ដូចជាច្បាប់ទាក់ទងនឹងគណបក្សនយោបាយ និងការបោះឆ្នោតជាដើម ត្រូវបានមើលឃើញថា បានរងការធ្វើវិសោធនកម្ម យ៉ាងតក់ក្រហល់ និងជាច្រើនដង ដោយមិនមានការជួបជជែក ឲ្យបានគ្រប់គ្រាន់ និងប្រកបដោយតម្លាភាព ពីគ្រប់ភាគីនោះទេ។

សម្រាប់អ្នកស្រី រ៉ូណា ស្មីត វិញ បានចាត់ទុក​ចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជា ​ថាជា​ការ​បដិសេធ ​មិន​ទទួល​ស្គាល់​សិទ្ធិ​របស់​ប្រជាជន​ ក្នុង​ការ​ចូល​រួម​កិច្ច​ការ​សាធារណៈ តាម​រយៈ​តំណាង​ ដែល​ពួកគេ​បាន​ជ្រើស​រើស​ដោយ​សេរី​នា​ពេល​កន្លង​មក​នោះ។ នៅមុនការបោះឆ្នោតជាតិ ឆ្នាំ២០១៨មកដល់ អ្នក​ស្រី ស្មីត ​បាន​អំពាវ​នាវ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ស្ដារ​ឡើង​វិញ ​នូវ​លំហ​សម្រាប់​ប្រជា​ពលរដ្ឋ​កម្ពុជា​គ្រប់​រូប ដើម្បី​ឲ្យ​ពួកគេ​អាច​អនុវត្ត​សិទ្ធិ​របស់ពួកគេ ដោយ​ពុំ​មាន​ការ​ភ័យ​ខ្លាច និង​ការ​គំរាម​កំហែង។

ផ្ទុយទៅវិញ «ការរិតត្បិតសំឡេងរបស់ប្រជាពលរដ្ឋកម្ពុជា នៅទីបញ្ចប់ អាចគម្រាមកំហែង ដល់ស្ថិរភាព ដែលរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានកសាងវាដោយលំបាក»។ នេះ ជាការគូសបញ្ជាក់ចុងក្រោយ របស់អ្នករាយការណ៍ពិសេស របស់ អ.ស.ប៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...