«បារាំងកំពុងពិចារណាកោះប្រជុំហត្ថលេខីកិច្ចព្រមព្រៀងក្រុងប៉ារីស»
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១០ ធ្នូ ២០១៧
- កែប្រែចុងក្រោយ: December 11, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការធ្វើដំណើររបស់មន្ត្រីជាន់ខ្ពស់ នៃរដ្ឋាភិបាលបារាំង មកកាន់ប្រទេសកម្ពុជា ដើម្បីអន្ទោលរដ្ឋាភិបាលម្ដងហើយម្ដងទៀត ដើម្បីអ្វីមួយដែលប្រទេសសហប្រធាន នៃកិច្ចព្រមព្រៀងសន្តិភាព ក្រុងប៉ារីស ឆ្នាំ១៩៩១ លើកឡើងថា ជាការស្នើសុំ ឲ្យកម្ពុជាងាកត្រឡប់ មករក«មាគ៌ាប្រជាធិបតេយ្យ»វិញនោះ នឹងមិនស្ថិតនៅទ្រឹង ដោយគ្មានចំណាត់ការបន្តនោះទេ។ ប្រទេសបារាំងកំពុងសម្លឹងមើល ដើម្បីកោះប្រជុំបណ្ដាសមាជិកជាហត្ថាលេខី ដ៏សំខាន់បំផុត នៃកិច្ចព្រមព្រៀងសន្តិភាពមួយនេះ ដើម្បីពិនិត្យឡើងវិញពីការអនុវត្ត នូវរាល់មាត្រាទាំងឡាយ ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀង ដោយមិនចាំបាច់ មានភាគីរដ្ឋាភិបាលលោក ហ៊ុន សែន ចូលរួម។
លោក អង់ដ្រេ ហ្គាតូឡាំង (André Gattolin) សមាជិកព្រឹទ្ធសភា មកពីគណបក្ស «En Marche!» ដែលជាគណបក្សរបស់ប្រធានាធិបតី កំពុងកាន់អំណាចសព្វថ្ងៃ របស់ប្រទេសបារាំង បានថ្លែងដូច្នេះនៅក្នុងជំនួបមួយ ជាមួយពលរដ្ឋខ្មែរបារាំង កាលពីថ្ងៃទី១០ ខែធ្នូនេះ ក្នុងទីក្រុង «Pusignan» ស្ថិតនៅភាគខាងត្បូង នៃប្រទេសបារាំង។ លោក ហ្គាតូឡាំង បានបង្ហើបថា លោកបាននិយាយ ជាមួយរដ្ឋមន្ត្រីការបរទេសបារាំង លោក ហ្សង់ អ៊ីវ ឡឺឌ្រីយ៉ង់ (Jean-Yves Le Drian) ជាលក្ខណៈក្រៅផ្លូវការ និងសំងាត់ ជុំវិញទម្រង់ថ្មីមួយ ដើម្បីកោះប្រជុំដោយគ្មានភាគីលោក ហ៊ុន សែន ហើយដែលអាចមានត្រឹម តែ៦ ទៅ៧ភាគី នៃសមាជិកហត្ថលេខីដ៏សំខាន់ៗ របស់កិច្ចព្រមព្រៀង ឆ្នាំ១៩៩១។
សមាជិកព្រឹទ្ធសភាបារាំង បានចាត់ទុកព្រឹត្តិការណ៍នយោបាយចុងក្រោយ នៅក្នុងប្រទេសកម្ពុជា ថាជា«រដ្ឋប្រហារធម្មនុញ្ញ» បង្កឡើងដោយក្រុមបុរសខ្លាំងកម្ពុជា ដែលចាំបាច់តម្រូវឲ្យប្រទេសបារាំង ប្រើតួនាទីរបស់ខ្លួន ក្នុងនាមជាសហប្រធានកិច្ចព្រមព្រៀង ដើម្បីពិនិត្យមើល អំពីស្ថានភាពសិទ្ធិមនុស្ស ដំណើរការនៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ឲ្យបានជាប់លាប់ឡើងវិញ។
លោកបានមានប្រសាសន៍ថា៖ «ប្រទេសបារាំង មិនមែនជាប្រទេស ដូចប្រទេសដទៃទៀតទេ។ ហើយបារាំង ក៏មិនមែនយកនាមខ្លួន ជាអតីតអាណាព្យាបាលរបស់កម្ពុជាមកប្រើ ឬដោយសារបារាំង មានពលរដ្ឋបារាំងដើមកំណើតខ្មែរ រស់នៅច្រើននោះដែរ តែបារាំងមានការទទួលខុសត្រូវផ្នែកផ្លូវច្បាប់ ដែលត្រូវបានចាត់ ឲ្យខ្លួនទទួលបន្ទុក តាំងពីឆ្នាំ១៩៩១ [តាមរយៈកិច្ចព្រមព្រៀងសន្តិភាព ក្រុងប៉ារីស]។»។
លោក អង់ឌ្រេ ហ្គាតូឡាំង បានពន្យល់ថា៖ «ប្រសិនជាកម្ពុជា [រដ្ឋាភិបាលលោក ហ៊ុន សែន] និយាយថា ខ្លួនមិនចង់បានកិច្ចប្រជុំនេះ អញ្ចឹងយើងអាចកោះប្រជុំ ក្នុងទម្រង់ផ្សេងទៀត។ បើយើងមិនអាចប្រជុំ នៅក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងបាន តែយើងអាចកោះប្រជុំ ជាលក្ខណៈគោលការណ៍ និងតាមរយៈខ្លឹមសារ នៃកិច្ចព្រមព្រៀងបាន។ ហើយប្រទេសបារាំង ពិតហើយថា ត្រូវមានការទទួលខុសត្រូវដ៏ធំ ជាជំហរដ៏រឹងមាំ និងថែមទាំងលេចធ្លោនោះផង ចំពោះករណីនេះ។»។
ក្នុងពេលកន្លងមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខ្លួនលោក រួមនឹងមន្ត្រីរដ្ឋាភិបាលកម្ពុជាជាច្រើននាក់ផង តែងតែអះអាងថា កិច្ចព្រមព្រៀងអន្តរជាតិមួយនេះ បានស្លាប់បាត់ទៅហើយ ដោយពួកអស់លោកទាំងនេះ បានលើកយកទឡ្ហីករណ៍ មកបញ្ជាក់ថា ដោយសារភាគីម្ចាស់ហត្ថលេខីជាច្រើន បានស្លាប់ ឬរលាយបាត់រូប និងជាពិសេស មាត្រាសំខាន់ៗនៃកិច្ចព្រមព្រៀងនេះ ត្រូវបានចម្លងដាក់ចូល ក្នុងរដ្ឋធម្មនុញ្ញកម្ពុជារួចហើយ។ លោក ហ៊ុន សែន នៅបានវាយបកទៅនរណាក៏ដោយ ដែលចង់យកកិច្ចព្រមព្រៀងនេះ មកសើរើឡើងវិញថា ពួកគេទាំងនោះមិនស្គាល់កិច្ចព្រមព្រៀងនេះ ជាងរូបលោកឡើយ។
ប៉ុន្តែមន្ត្រីផ្លូវការ របស់ប្រទេសម្ចាស់ហត្ថលេខីជាច្រើន រួមនឹងអង្គការសហប្រជាជាតិ ក៏ដូចជាសហភាពអ៊ឺរ៉ុបផង មិនដែលចាត់ទុកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ បានរលាយបាត់រូបនោះទេ និងតែងតែយកមាត្រា ឬខ្លឹមសារ ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងនេះ មករំលឹករដ្ឋាភិបាលលោក ហ៊ុន សែន ជាញយដង។
យ៉ាងណា លោកសមាជិកព្រឹទ្ធសភាបារាំង បានបញ្ជាក់ថា ការកោះប្រជុំ ឬជំហានណាក៏ដោយ នឹងត្រូវឆ្លងកាត់ និងដោះស្រាយតាមផ្លូវការទូត ហើយគ្រប់ភាគីទាំងអស់ គប្បីត្រូវចាត់ទុកការគោរពសិទ្ធិមនុស្ស ដំណើរការនៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា មានសារៈសំខាន់ ជាងផលប្រយោជន៍ពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់ផងខ្លួន ដូចដែលមានចែង នៅក្នុងកិច្ចព្រមព្រៀង៕