ផៃ ស៊ីផាន៖ «មេឬមីស្រី» សម្រាប់ហៅស្រ្តីបាតុករចំណាស់ម្នាក់
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី៧ សីហា ២០១៥
- កែប្រែចុងក្រោយ: August 07, 2015
- ប្រធានបទ: ពីនេះពីនោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សង្គ្រាមពាក្យសម្ដី ជុំវិញពាក្យដ៏ល្បីថ្មីមួយ របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីបីទសវត្សន៍ នៅតែបន្តសូរ ឥតអាក់។ អ្នកនៅជុំវិញលោក ហ៊ុន សែន បានខិតខំស្វែងរកការពន្យល់ពាក្យ «មីស្រី» ដែលលោក ហ៊ុន សែន បានថ្លែងជាសាធារណៈ នៅចំពោះប្រជាជាតិ ថានេះជាពាក្យសមញ្ញ ដែលត្រូវបានប្រើ ទៅលើស្ត្រីណាដែលមកធ្វើបាតុកម្ម តែបែរជាមានសកម្មភាព មិនប្រក្រតីទៅវិញ។ សម្រាប់រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន វិញ ពាក្យ«មីស្រី»នេះ មានការបកស្រាយ មួយទៀតដោយឡែក។
ដំបូងឡើយ លោក ស៊ីផាន ចង់បង្ហាញ ពីស្រ្តីចំណាស់ម្នាក់ ឈ្មោះ ង៉ែត ឃុន ហៅ យាយម៉ាមី ដែលតែងតែមានវត្តមាន ក្នុងការតវ៉ានានា ទាក់ទងនឹងបញ្ហាសិទ្ធិដីធ្លី សំនៅដ្ឋាន និងសេរីភាព ខាងផ្លូវច្បាប់ជាដើម ដោយលោក ស៊ីផាន ហៅស្ត្រីចំណាស់ មកពីសហគមន៍បឹងកក់ម្នាក់នេះ ថាជាបាតុករអាជីព និងពហុវិស័យ។ បន្ទាប់មក អ្នកនាំពាក្យទីស្ដីការ បានបបួលគេឯង មកចោទជាសំណួរថា៖ «តើគួរហៅគាត់ជាមេ ឬជាមី?»។
លោក ផៃ ស៊ីផាន បានពន្យល់ថា «ស្ត្រីចំណាស់នេះ ក៏មានទេពកោសល្យ ក្នុងការសម្តែងផងដែរ ដោយម្តងម្កាលក្រុមហ៊ុន ឬស្ថាប័នផលិតឯកសារ មកពីបញ្ចឹមប្រទេស ក៏ជួលគាត់ ឲ្យសម្តែងផងដែរ នៅក្នុងសាច់រឿង នៃបរិបទសិទ្ធិសេរីភាព ក្នុងការបញ្ចេញយោបល់ ក៏ដូចជាការរំលោភដីធ្លីជាដើម។ល។»
មិនអាចស្វែងរកប្រតិកម្មតប ពីអ្នកស្រី ង៉ែត ឃុន ហៅ យាយម៉ាមី បានឡើយ នៅពេលនេះ។
យាយម៉ាមី ជា«មីស្រី ទាត់ធាក់» ដែលលោក ហ៊ុន សែន ចោទប្រកាន់?
ពាក្យ«មីស្រី»ពីរម៉ាត់នេះ ត្រូវបានលោក ហ៊ុន សែន ថ្លែងកាលពីថ្ងៃចន្ទ ក្នុងពិធីសម្ពោធស្ពានមិត្តភាព កម្ពុជា ចិន នៅក្រុងតាខ្មៅ ដើម្បីធ្វើការវាយប្រហារ (ដោយសម្ដី) ទៅលើស្ត្រីម្នាក់ ដោយមិនបញ្ចេញឈ្មោះ ក្រោមហេតុផលថា ស្រ្តីរូបនោះ បានប្រើអំពើហិង្សាក្នុងការតវ៉ា។ លោក ហ៊ុន សែន ថ្លែងថា៖ «ក្នុងចំណោមអ្នកវាយ មានស្ត្រីម្នាក់ទាត់ធាក់ ដូចជាបោកចំបាប់។ ត្រូវតាមចាប់ខ្លួន មីស្រីនោះឲ្យបាន។ នេះមិនហៅស្រ្តីទេ នេះហៅថា មីស្រី ទាត់ធាក់»។
បន្ទាប់ពីការថ្លែង របស់នាយករដ្ឋមន្ត្រីខាងលើនេះ ប្រតិកម្មជាច្រើន បានធ្លាក់ចុះមកជាបន្តបន្ទាប់។ ស្ត្រីជាង១០នាក់ ដែលតំណាងឲ្យអង្គការប្រមាណជា ៥០ អង្គការ បានជួបប្រជុំគ្នានៅថ្ងៃទី៣ ខែសីហា និងបានសម្តែងនូវអារម្មណ៍ សោកស្តាយ និងមិនពេញចិត្ត ចំពោះលោក ហ៊ុន សែន ដែលបានប្រើពាក្យបែបនេះ មកលើស្រ្តី។ ក្រុមស្ត្រីៗទាំងនោះ បានហៅសម្ដីរបស់លោក ហ៊ុន សែន ជាគំរូមិនល្អមួយ ក្នុងថានៈជាមេដឹកនាំកំពូល សម្រាប់មន្រ្តីក្រោមឱវាទ និងអ្នកជំនាន់ក្រោយ ព្រមទាំងបានរំលោភ ទៅលើសិទ្ធិស្ត្រី ហើយធ្វើឲ្យប៉ះពាល់ ដល់ស្រ្តីទូទៅ។
ប៉ុន្តែលោក ជុំ កុសល ទីប្រឹក្សានាយករដ្ឋមន្ត្រី និងជាពិធីករទូរទស្សន៍ ដ៏ល្បីឈ្មោះម្នាក់នោះ បានលើកយកពាក្យ «មីស្រី»នេះ មកពន្យល់ នៅលើជញ្ជាំងហ្វេសប៊ុកលោកថា៖ «"មី" នេះ គឺក្លាយឃ្លាត មកពីពាក្យ "មេ" ដែលគេប្រើសាមញ្ញ ដូចជាពាក្យ "មីនេះ មីនោះ ឬមេនេះ មេនោះ។ល។" ហើយពាក្យនេះ មី គឺស្មើនឹងពាក្យ "មេ"នេះឯង។ អញ្ចឹងពាក្យ "មីស្រី" គឺមានន័យស្មើនឹង "មេស្រី" នេះឯង! បើត្រឹមប៉ុណ្ណឹង តើវាខុសឆ្គងអីទៅ?»៕
» ខាងក្រោមនេះ ជាវីដេអូដែលបង្ហោះឡើង ដោយលោក ផៃ ស៊ីផាន ស្ដីពីស្ត្រីចំណាស់នៅបឹងកក់៖