ក្លែងជាវេជ្ជបណ្ឌិតដើម្បីចាប់រំលោភ យុវតីអាយុ១៩ឆ្នាំម្នាក់
- ដោយ: ឈូករ័ត្ន អត្ថបទ និងយកការណ៍៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី៣០ មីនា ២០១៦
- កែប្រែចុងក្រោយ: March 30, 2016
- ប្រធានបទ: សេពសន្ធវៈ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ហេតុការណ៍ បានកើតឡើង កាលពីរសៀលថ្ងៃអាទិត្យកន្លងមកនេះ នៅក្នុងមន្ទីរពេទ្យ «Saint-Jean-de-Dieu» នាក្រុង លីយ៉ុង (Lyon) ភាគខាងត្បូង នៃប្រទេសបារាំង។ សារព័ត៌មានតំបន់របស់បារាំង ឈ្មោះ «Le Progrès» បានរៀបរាប់ថា យុវតីជាអ្នកជំងឺ ដែលមានវ័យ១៩ឆ្នាំមួយរូប បានចេញពីបន្ទប់ ដែលខ្លួនកំពុងសម្រាកព្យាបាល ដើម្បីស្វែងរកជួបគ្រូពេទ្យណាម្នាក់ ដែលប្រចាំការ នៅទីនោះ។
នៅពេលនាង បានចេញពីបន្ទប់ នាងបានជួបបុរសម្នាក់ ដែលមានស្លៀកពាក់ អាវពេទ្យពណ៌ស និងមានវ័យចំណាស់គួរសម។ តាមពិតបុរសម្នាក់នេះ អាយុ៥៨ឆ្នាំ ជាបុគ្គលិកផ្នែកបោសជូត ធ្វើការនៅក្នុងមន្ទីរពេទ្យ តាំងពីច្រើនឆ្នាំមកហើយ។ តែនៅចំពោះការសាកសួរ របស់យុវតីវ័យក្មេង បុរសបានកុហកថា ខ្លួននេះហើយ ជាវេជ្ជបណ្ឌិត និងបានប្រាប់នាង ឲ្យចូលទៅក្នុងបន្ទប់សម្រាកវិញ។
នៅក្នុងបន្ទប់អ្នកជំងឺ បុរសបានប្រាប់ឲ្យយុវតី ស្រាតខោអាវចេញទាំងអស់ ហើយគេងនៅលើគ្រែ។ បន្ទាប់មក បុរសចំណាស់ បានចាប់យុវតីរំលោភ។
ហេតុការណ៍នេះ ត្រូវបានយុវតី ប្ដឹងទៅអាជ្ញាធរ ហើយបុរស ដែលជាវេជ្ជបណ្ឌិតក្លែងក្លាយ ត្រូវបានចាប់ដាក់ឃុំ ក្នុងពេលភ្លាមនោះមួយរំពេច។ ជនសង្ស័យ បានសារភាពពីទង្វើរបស់ខ្លួន នៅចំពោះអ្នកស៊ើបអង្កេត ហើយត្រូវបាននាំខ្លួន កាលពីថ្ងៃអង្គារម្សិលម៉ិញ ឲ្យឡើងទៅឆ្លើយបំភ្លឺជាបន្តទៀត នៅចំពោះរដ្ឋអាជ្ញាបារាំង ប្រចាំតំបន់៕