ភេរវកម្មនៅឡុងដ៍ ត្រូវក្រុមរដ្ឋអីស្លាមប្រកាសទទួលស្គាល់
- ដោយ: ដ. កែវ ([email protected]) - ប៉ារីស ថ្ងៃទី២៣ មីនា ២០១៧
- កែប្រែចុងក្រោយ: March 23, 2017
- ប្រធានបទ: ភេរវកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅមួយថ្ងៃក្រោយភេរវកម្ម ជិតអាគាររដ្ឋសភា នៅរាជធានីឡុងដ៍ ចក្រភពអង់គ្លេស អង្គការភេរវនិយម ក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យកាត់បារាំងហៅ EI អង់គ្លេសហៅ ISIS) បានចេញមុខមកប្រកាសទទួលស្គាល់ ថាទង្វើនេះ ជាស្នាដៃមួយ នៃយុទ្ធជនស្ម័គ្រប្រយុទ្ធរបស់ខ្លួន។ គឺទីភ្នាក់ងារ «Amaq» ដែលគេស្គាល់ថា ជាភ្នាក់ងារឃោសនា ឲ្យអង្គការភេរវនិយមមួយនេះ ជាអ្នកអះអាងដូច្នេះ នៅលើបណ្ដាញអ៊ិនធើណែត កាលពីប៉ុន្មានម៉ោងមុននេះ។
ដោយស្រង់ប្រភពមួយរបស់ក្រុមខ្លួន ទីភ្នាក់ងារឃោសនាបានសរសេរថា៖ «អ្នកវាយប្រហារ នៅមុខរដ្ឋសភាអង់គ្លេស កណ្ដាលរាជធានីឡុង គឺជាយុទ្ធជនដ៏អង់អាច របស់ក្រុមរដ្ឋអ៊ីស្លាម ហើយប្រតិបត្តិការនេះ ត្រូវបានដឹកនាំធ្វើ ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវ ឲ្យធ្វើការសងសឹក ទៅលើក្រុមប្រទេសសម្ព័ន្ធមិត្ត (Editor's Note: ដែលបានធ្វើប្រតិបត្តិការយោធា ប្រឆាំងក្រុមរដ្ឋអ៊ីស្លាម នៅក្នុងប្រទេសស៊ីរី និងអៀរ៉ាក់)»។
ពីល្ងាចម្សិលម៉ិញ ជនបង្កដែលស្លៀកពាក់ពណ៌ខ្មៅ មានដុះពុកចង្កា និងពុកមាត់ បានបើករថយន្ដតូចមួយគ្រឿង ទៅបំបុកអ្នកដំណើរថ្មើរជើង នៅលើស្ពាន «Westminster» នៅចំពីមុខនាឡិការសកល «Big Ben» បណ្ដាលឲ្យមនុស្សពីរនាក់ស្លាប់ និងច្រើននាក់ទៀតរងរបួស។ បន្ទាប់មក ជននេះបានកាន់កាំបិត ចុះចេញពីរថយន្ដ ទៅចាក់សម្លាប់នគរបាលម្នាក់ទៀត នៅខាងមុខអាគាររដ្ឋសភាអង់គ្លេស មុននឹងព្យាយាមចូលទៅក្នុងអាគាររដ្ឋសភា។ ប៉ុន្តែជនបង្ករូបនេះ ត្រូវបានកងកម្លាំងប្រចាំការ នៅទីនោះ បាញ់សម្លាប់។
នេះ ជាលើកទីមួយហើយ ដែលក្រុមរដ្ឋអ៊ីស្លាម បានចេញមុខប្រកាសទទួលស្គាល់ ការវាយប្រហាររបស់ក្រុមខ្លួន នៅលើទឹកដីនៃចក្រភពអង់គ្លេស។ ជនបង្កភេរវកម្មខាងលើ ដែលត្រូវបានកងកម្លាំងនគរបាលអង់គ្លេស បាញ់សម្លាប់នៅនឹងកន្លែង គឺជាអ្នកកាន់សាសនាអ៊ីស្លាម និយមជ្រុលម្នាក់ ធ្លាប់ត្រូវបានស្គាល់ ដោយចារកម្មអង់គ្លេសរួចហើយ។ នេះ បើតាមការប្រកាស របស់អ្នកស្រី ថេរីសា មេ (Theresa May) នាយករដ្ឋមន្ត្រីអង់គ្លេស កាលពីព្រឹកម៉ិញ៕