អគ្គលេខាអង្គការអន្តរជាតិមួយប្រដូច ហ៊ុន សែន ទៅនឹង គីម ជុង-អ៊ុន
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៦ កុម្ភៈ ២០១៨
- កែប្រែចុងក្រោយ: February 07, 2018
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោក ម៉ាតេអូ អង់ជូលី (Matteo Angioli) អគ្គលេខាធិការ នៃគណៈកម្មការពិភពលោក ដើម្បីនីតិរដ្ឋ (GCRL) ដែលជាអង្គការអន្តរជាតិមួយ មានទីតាំងកណ្ដាល នៅក្នុងប្រទេសអ៊ីតាលី បានប្រៀបធៀប ការគម្រាមបាញ់កាំជ្រួចហ្វូង ធុន «BM-21» ធ្វើឡើងដោយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថាមានលក្ខណៈ ដូចទង្វើរបស់លោក គីម ជុង-អ៊ុន (Kim Jong-Un) «អគ្គមគ្គុទេសដ៏មហិមា» របស់ប្រទេសកូរ៉េកុម្មុយនីស្ដ៍ ដែលតែងបន្លាចពិភពលោក ជាមួយនឹងការបាញ់កាំជ្រួចអន្តរទ្វីប របស់ផងខ្លួន។
ការប្រៀបប្រដូចរបស់លោក ម៉ាតេអូ អង់ជូលី បានធ្វើឡើង នៅលើបណ្ដាញសង្គមទ្វីសធើរ ក្រោយការលើកឡើង របស់លោក ហ៊ុន សែន កាលពីថ្ងៃទី១ ខែកុម្ភៈ កន្លងមកនេះ ដែលគម្រាមថា លោកនឹងបញ្ជាឲ្យបាញ់កាំជ្រួចហ្វូង ប្រភេទ «BM-21» ដើម្បីកំទេចតំបន់«អប្បគមន៍»ណាមួយ របស់ចលនាសង្គ្រោះជាតិ ដឹកនាំដោយលោក សម រង្ស៊ី។
មេដឹកនាំអង្គការអន្តរជាតិរូបនេះ បានសរសេរឡើងថា៖ «លោក ហ៊ុន សែន បានគម្រាមបាញ់កាំជ្រួចហ្វូង ប្រឆាំងលោក សម រង្ស៊ី (...) និយាយមែនទែនទៅ លោក សម រង្ស៊ី មានគូបដិបក្ខផ្ទាល់ខ្លួនម្នាក់ ដូចលោក គឹម ជុង-អ៊ុន ដូច្នេះ»។
#HunSen ha minacciato di lanciare dei razzi contro @RainsySam nel caso osi entrare in Asia. Praticamente #SamRainsy ha il suo Kim Jong-un personale.. https://t.co/UwfaiGOUQe
— Matteo Angioli (@Matteo_Angioli) 2 février 2018
ក្នុងពិធីចែកសញ្ញាប័ត ដល់និស្សិតនៅរាជធានីភ្នំពេញ កាលពីដើមខែកុម្ភៈ លោក ហ៊ុន សែន បានថ្លែងខ្លាំងៗ ជាសាធារណៈថា៖ «ស្អី អារឿងស្រែកឡូឡាស្អីនៅប៉ុន្មានថ្ងៃនេះ សូមកុំសង្ឃឹម ខ្ញុំគ្រាន់តែប្រាប់ទៅ អ្នកឯងកុំបង្ខំឲ្យគេវាយដែកគោល ទៅលើក្តាមឈូសរបស់អ្នកឯងបន្តទៀត កុំសង្ឃឹមឲ្យសោះ។ បើនៅក្នុងដៃតុលាការ វាជារឿងមួយ ប៉ុន្តែ បើចូលក្នុងកម្រិតអប្បគមន៍ហើយ សូម្បីតែ BM-21ក៏គេហ៊ានវាយចូលទៅកន្លែងហ្នឹងដែរ។ គេមិនអាចឲ្យប្រទេសនេះ មានអប្បគមន៍សារជាថ្មីទេ សុំទោស ប្រាប់ឲ្យហើយ ខ្ញុំមិននិយាយទេប៉ុន្មានថ្ងៃនេះ ក៏ប៉ុន្តែ ចលនាស្អីមក អញ្ចើញចុះ ហើយមកខ្លួនឯងល្អបំផុតហើយ។»។
ការគម្រាមរបស់លោក ហ៊ុន សែន ក្នុងការបាញ់កាំជ្រួចហ្វូង កំទេចក្រុមអ្នកមាននិន្នាការជំទាស់ មិនមែនទើបតែធ្វើឡើង ជាលើកទីមួយទេ។ កាលពីចុងខែកុម្ភៈ ឆ្នាំ២០១៥ បុរសខ្លាំងកម្ពុជា ធ្លាប់បានគម្រាមប្រើមធ្យោបាយដូចគ្នានេះ ដើម្បីកំទេចក្រុមអ្នកតវ៉ា នៅក្នុងតំបន់អារ៉ែង ខេត្តកោះកុង ដែលនាយករដ្ឋមន្ត្រីកម្ពុជា អះអាងថា ប៉ុនប៉ងចង់បង្កើតតំបន់អប្បគមន៍។ លោក ហ៊ុន សែន បានថ្លែងនៅពេលនោះថា៖ «ខ្ញុំសូមបញ្ជាក់ណា កុំនិយាយ (រឿង)អារ៉ែងតទៅទៀត។ បើចង់បង្កើតអប្បគមន៍ សូមអញ្ជើញ។ (ខ្ញុំ)ដាក់BM21 មកតែម្តង។ ទាន់ឥឡូវ មានធុនថ្មីៗផង។»៕