ស្ត្រីទីមួយអាមេរិក «បដិសេធមិនរួមគ្រែ»ជាមួយ ត្រាំ
- ដោយ: ឈូករ័ត្ន ([email protected]) - ប៉ារីស ថ្ងៃទី២៤ កុម្ភៈ ២០១៧
- កែប្រែចុងក្រោយ: March 24, 2017
- ប្រធានបទ: ជីវិតប្រធានាធិបតី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ពាក្យចចាមអារាមជាច្រើន បានបង្កចម្ងល់ ឆ្ងល់ឡើងថា តើអ្នកស្រី មេឡានី ត្រាំ (Melania Trump) ក្នុងថានៈជាស្ត្រីទីមួយអាមេរិក ពិតជាមិនមានភាពសុខដុមរមនា នៅក្នុងជីវិតអ្នកស្រី មែនឬ? ទស្សនាវដ្ដី «US Weekly» បានផ្ដល់ចម្លើយថា ពិតជាដូច្នេះមែនហើយ! ទស្សនាវដ្ដីអាមេរិកនេះ បានស្រង់ប្រភពអ្នកជិតដិតច្រើនរូប របស់គ្រួសារប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) មកចុះផ្សាយថា អ្នកស្រី មេឡានី ត្រាំ មិនចង់លាក់បាំងអ្វីទៀតឡើយ ពីជីវិតរបស់អ្នកស្រី ដែលអ្នកស្រីបានស៊ូទ្រាំ រស់នៅក្នុងរនាំងខណ្ឌ ដ៏សែនអពមង្គលមួយ។
គេបានដឹងថា បន្ទាប់ពីលោក ដូណាល់ ត្រាំ បានស្បថចូលកាន់តំណែង អ្នកស្រី មេឡានី មិនបានប្ដូរមករស់នៅ ក្នុងសេតវិមាន ជាមួយនឹងស្វាមីអ្នកស្រីទេ ហើយបានបន្តរស់នៅក្នុងក្រុង ញ៉ូយក ក្រោមមូលហេតុថា មិនចង់បង្កភាពរអាក់រអួល ទៅដល់ការរៀនសូត្រ របស់កូនប្រុសពៅប្រធានាធិបតី ឈ្មោះ បារ៉ន ត្រាំ (Barron Trump)។ ប៉ុន្តែ នៅពេលដែលស្វាមីភរិយាទាំងពីរនាក់ បានមកជួបគ្នាម្ដងម្កាលនោះ អ្នកទាំងពីរមិនបានទទួលទានដំណេក នៅក្នុងគ្រែជាមួយគ្នាទេ។ នេះ បើតាមប្រភពជាច្រើនផ្សេងទៀត ដែលបានបង្ហើបរឿងនេះ ប្រាប់ទស្សនាវដ្ដី «US Weekly»។
ប្រភពដែលនៅជិតដិត ជាមួយប្ដីប្រពន្ធប្រធានាធិបតី បាននិយាយថា៖ «ពួកគេ ឈប់គេងជាមួយគ្នាទៀតហើយ។ (មួយរយៈពេលនេះ) ពួកគេ មិនដែលរួមដំណេក ជាមួយគ្នាទាល់តែសោះ។»។ ប្រភពមួយទៀត បានបញ្ជាក់បន្តថា ជួនកាលស្វាមីភរិយាប្រធានាធិបតីមួយគូនេះ បានគេងនៅក្នុងបន្ទប់តែមួយ តែនៅលើគ្រែពីរផ្សេងគ្នា។
ទស្សនាវដ្ដីបានលើកការអះអាងទាំងនោះ មករាយការណ៍ទៀតថា អ្នកស្រី មេឡានី សំដែងការខឹងសម្បាយ៉ាងខ្លាំង ចំពោះលោក ដូណាល់ ត្រាំ ដែលបានឲ្យអ្នកស្រី រស់នៅក្នុងរនាំងជីវិតមួយ ដែលអ្នកស្រីមិនដែលសុបិន្ដចង់បាន។ ប្រភពដដែលបាននិយាយបន្តថា៖ «ដូច្នេះហើយ ទើបស្ត្រីទីមួយព្យាយាមជួបលោក ត្រាំ ឲ្យបានតិចបំផុត។ លោក ត្រាំ មិនបានធ្វើឲ្យអ្នកស្រី មេឡានី ចាប់អារម្មណ៍នោះទេ។ តំណែងជាប្រធានាធិបតី និងទ្រព្យសម្បត្តិ ក៏ដូចគ្នាអញ្ចឹងដែរ។»។
Slightly higher quality gif of "the frown" #freemelania pic.twitter.com/h1ShuGGdZT
— 19th Of Brumaire (@delmoi) 23 janvier 2017
តាំងពីថ្ងៃស្បថចូលកាន់តំណែង កាលវិភាគរបស់លោក ត្រាំ សម្រាប់ភរិយារបស់លោក មានចំនួនតិចតួចបំផុត។ ក្នុងរយៈពេល៣សប្ដាហ៍ចុងក្រោយនេះ អ្នកស្រី មេឡានី មិនបានជាន់ជើង ចូលក្នុងរដ្ឋធានី វ៉ាស៊ីនតោន សូម្បីតែមួយជំហាន។ ម្ដងម្កាលដែលអ្នកស្រី បានចេញមុខនៅក្នុងពិធីការជាផ្លូវការ វាគ្រាន់តែជាភារកិច្ចមួយ ដែលអ្នកស្រីបានធ្វើ ទាំងទើសទាល់ប៉ុណ្ណោះ បើសូម្បីពេលអ្នកស្រី បានចេញមុខ ទៅទទួលភរិយានាយករដ្ឋមន្ត្រីជប៉ុន អ្នកស្រី «Akie Abe» នៅក្រុង «Palm Beach» នោះក៏ដោយ។
ប្រភពស្និតនឹងគ្រួសារប្រធានាធិបតី បានពន្យល់ថា ក្នុងពេលទស្សនកិច្ច របស់នាយករដ្ឋមន្ត្រីជប៉ុន មកកាន់ទឹកដីអាមេរិក អ្នកស្រី មេឡានី បានសុខចិត្តទៅទទួល ភរិយានាយករដ្ឋមន្ត្រីជប៉ុន ដោយសារតែអ្នកស្រី មេឡានី ស្ថិតនៅក្បែរនោះ (ក្បែរក្រុង«Palm Beach») ស្រាប់ហើយ។ ប៉ុន្តែស្ត្រីទីមួយអាមេរិក បានបដិសេធមិនមកទទួលអ្នកស្រី «Akie Abe» នៅក្នុងរដ្ឋធានី វ៉ាស៊ីនតោន ទេ។
ទាក់ទងសុំប្រតិកម្ម ដោយទស្សនាវដ្ដី «US Weekly» អ្នកនាំពាក្យរបស់ស្ត្រីទីមួយអាមេរិក បានបកស្រាយថា ព័ត៌មានដែលប្រភពខាងលើបានផ្ដល់នោះ មានចរិតខុសចាក ពីការពិតទាំងស្រុង៕