ជុន ច័ន្ទបុត្រ៖ «ធ្វើជ្រូកមិនរាទឹកក្ដៅទេ»
- ដោយ: ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី២២ មេសា ២០១៧
- កែប្រែចុងក្រោយ: April 22, 2017
- ប្រធានបទ: សារព័ត៌មានខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«ខ្ញុំធ្លាប់និយាយហើយ ធ្វើជ្រូកមិនរាទឹកក្តៅទេ» នេះ ជាសំដីច្បាស់ៗ កាលពីពេលកន្លងមក របស់លោក ហួត វុទ្ធី មានរហស្សនាម ជុន ច័ន្ទបុត្រ នាយករងការផ្សាយ ជាខេមរភាសា នៃវិទ្យុអាស៊ីសេរី នៅមុនដីកាកោះហៅ របស់សាលាដំបូងរាជធានីភ្នំពេញ និងការគម្រាមជាបន្តបន្ទាប់ ពីសំណាក់មន្ត្រីជាន់ខ្ពស់ របស់អាជ្ញាធរកម្ពុជា ដែលធ្វើឡើង តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ទាក់ទងនឹងការចូល ទៅក្នុងពន្ធនាគារព្រៃស កាលពីថ្ងៃ១៩ ខែមេសា កន្លងមក ជាមួយនឹងក្រុមតំណាងរាស្ត្រ មកពីគណបក្សសង្គ្រោះជាតិ។
នៅរសៀលថ្ងៃទី២២ ខែមេសានេះ ដីកាកោះមួយ ចុះហត្ថលេខាកាលពីថ្ងៃទី២១ ខែមេសាម្សិលម៉ិញ ដោយលោក សៀង សុខ ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឲ្យលោក ហួត ឃីនវុទ្ធី ហៅ ជុន ច័ន្ទបុត្រ ឲ្យចូលខ្លួនទៅបំភ្លឺ ពីដំណើររឿងខាងលើនេះ នៅព្រឹកថ្ងៃទី០២ ខែឧសភាខាងមុខ។ អាជ្ញាធរកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ បានគិតថា ការចូលទៅក្នុងពន្ធនាគារនោះ គឺលោក ហួត វុទ្ធី បានកុហកអាជ្ញាធរ ដោយប្រើមធ្យោបាយ«បន្លំ»ខ្លួន ជាជំនួយការតំណាងរាស្ត្រ។
ក្នុងក្រដាសមួយសន្លឹក ដែលត្រូវបានទម្លាយ មកដល់ដៃអ្នកសារព័ត៌មាន និងដែលគេជឿថា ជាក្រដាសចុះបញ្ជី របស់ពន្ធនាគារនោះ គេឃើញមានឈ្មោះ និងតួនាទីរបស់ក្រុមតំណាងរាស្ត្រ របស់គណបក្សសង្គ្រោះជាតិ ចំនួន ៥នាក់ ដើម្បីចូលសួរសុខទុក្ខ សកម្មជនគណបក្សទាំង១៦នាក់ ដែលកំពុងជាប់ឃុំ ក្នុងពន្ធនាគារ។ នៅត្រង់បន្ទាត់ទីបី គេឃើញមានឈ្មោះ ហួត វុទ្ធី ដែលជាឈ្មោះ របស់នាយករងការផ្សាយ ជាខេមរភាសា នៃវិទ្យុអាស៊ីសេរី និងនៅក្នុងប្រអប់តួនាទី មានសរសេរដោយអក្សររាង«ខ្មៅជាងគេបន្តិច» ថាជា «ជំនួយការ»។
សម្រាប់អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានអះអាងថា លោក ហួត វុទ្ធី បានក្លែងឈ្មោះពិតរបស់លោក ប្រាប់ទៅក្រុមឆ្មាំពន្ធនាគារ។ លោក សុភ័គ បានថ្លែងទៀតថា អាជ្ញាធរមានភស្តុតាងគ្រប់គ្រាន់ ដែលអាចចោទប្រកាន់លោក លោក ហួត វុទ្ធី បាន ដោយយោងលើក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងការបន្លំខ្លួន ចូលក្នុងពន្ធនាគារ។ ថ្លែងទៅកាន់វិទ្យុសម្លេងសហរដ្ឋអាមេរិក «VOA» អ្នកនាំពាក្យក្រសួងមហាផ្ទៃ បាននិយាយថា៖ «ភស្តុតាងជាក់ស្តែងមានហើយ ទាំងរូបថតទាំងអី ទាំងឈ្មោះគាត់ក៏ក្លែងក្លាយ ហើយជាជំនួយការ របស់អ្នកតំណាងរាស្រ្តទៀត ចាត់ទុកថា នេះជាការបន្លំ របស់ពលរដ្ឋចំពោះសមត្ថកិច្ច។ នៅក្នុងច្បាប់ព្រហ្មទណ្ឌ ក៏អាចដាក់បន្ទុកបានដែរ។»។
រូបថត និងវីដេអូមួយចំនួន ដែលថតជាប់ ចេញពីចំណុចមាត់ទ្វាត្រួតពិនិត្យ របស់ពន្ធនាគារព្រៃស នៅថ្ងៃនោះ ក៏បានបង្ហាញឲ្យឃើញដែរ ថាលោក ហួត វុទ្ធី ដែលពាក់វែនតា និងមួកពណ៌ខៀវក្រម៉ៅ កំពុងមានវត្តមាននៅទីនោះ។
ចំពោះលោក ហួត វុទ្ធី វិញ បានថ្លែងបញ្ជាក់ថា លោកបានចូល ទៅក្នុងពន្ធនាគារ នៅថ្ងៃនោះ ក្នុងនាមជាអ្នកសារព័ត៌មានមួយរូប ដោយដាក់ឈ្មោះពិតរបស់លោក និងមិនបានបន្លំខ្លួន ដូចការចោទប្រកាន់នោះឡើយ។ លោកបានបញ្ជាក់ទៀតថា ការសរសេរថា លោកជាជំនួយការ របស់តំណាងរាស្ត្រនោះ ក៏មិនមែនលោក ជាអ្នកសរសេរដែរ។
លោក ហួត វុទ្ធី ដែលគេស្គាល់លោកច្រើន ថាជាអ្នកនិយាយព័ត៌មាន ដ៏មានថ្វីមាត់ របស់វិទ្យុអាស៊ីសេរីនោះ បានថ្លែងប្រាប់វិទ្យុសម្លេងប្រជាធិបតេយ្យ «VOD» ថា៖ «សម័យហ្វេសប៊ុកនេះ មុខខ្ញុំ រូបថតខ្ញុំ គេស្គាល់ បើខ្ញុំបន្លំ លុះត្រាតែខ្ញុំទៅកែមុខមាត់ ពាក់ពុកមាត់អញ្ចឹងទៅ។ (...) គេចោទថា ពាក់វែនតាខ្មៅ ហីពាក់មួកហ្នឹង។ អាហ្នឹងខ្ញុំពាក់វ៉ែនតាមីញ៉ូបធម្មតាហ្នឹង គ្រាន់តែវ៉ែនតាត្រូវថ្ងៃ ពណ៌រាងស្រគាំ ហើយមួក ជាមួកដែលពាក់ខែក្តៅទេ នៅពេលដែលចូលទៅដល់ក្នុង ក៏ដោះមួកទៅ។ ដូច្នេះ អាការបន្លំ ក៏មិនមានដែរ។»។
យ៉ាងណា លោក ហួត វុទ្ធី ថាលោកនឹងបញ្ជូនដីការបស់សាលាដំបូង ទៅកាន់ស្ថាប័នច្បាប់ របស់វិទ្យុអាស៊ីសេរី នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដើម្បីទទួលបានមេធាវីការពារក្ដី សម្រាប់ខ្លួនលោក ហើយលោកបានត្រៀមខ្លួន រួចជាស្រេច ថានឹងចូលខ្លួនបំភ្លឺ ទៅតាមដីកាកោះ ទៅតាមឱវាទរបស់មេធាវីរូបនោះ។ លោកបានថ្លែងឲ្យដឹងថា៖ «ខ្ញុំនឹងបញ្ជូន [ដីកាកោះនោះ] ទៅការិយាល័យកណ្តាលរបស់ខ្ញុំ នៅរដ្ឋធានីវ៉ាស៊ីនតោនថា តើគេនឹងរកមេធាវីឬទេ ហើយបើរកមេធាវីថា តើមេធាវីនឹងផ្តល់ឱវាទឱ្យខ្ញុំបែបណា ខ្ញុំនឹងស្តាប់តាមឱវាទរបស់មេធាវី (...)។ ខ្ញុំក៏នឹងត្រៀមខ្លួនជាស្រេច តាមការឱ្យយោបល់របស់មេធាវី។ បើគេឱ្យខ្ញុំចូលបំភ្លឺ ខ្ញុំត្រៀមខ្លួនជាស្រេច ដើម្បីបំភ្លឺការពិត នូវអ្វីដែលបានកើតឡើង នៅថ្ងៃនោះ។»។
រដ្ឋាភិបាលលោក ហ៊ុន សែន ចង់បំបាត់សម្លេងវិទ្យុអាស៊ីសេរី?
នេះ ជាករណីថ្មីមួយ រវាងអាជ្ញាធរកម្ពុជា ដឹកនាំដោយរដ្ឋាភិបាល លោក ហ៊ុន សែន និងអ្នកសារព័ត៌មាន មកពីស្ថាប័នផ្សព្វផ្សាយដ៏ធំមួយ ដែលបានកើតឡើង នៅតែជាងមួយខែប៉ុណ្ណោះ មុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅដើមខែមិថុនាមកដល់។ សម្រាប់អ្នកឃ្លាំមើលវិញ បានចាត់ទុកករណីនេះ ថាជាយុទ្ធនាការថ្មី របស់រដ្ឋាភិបាលលោក ហ៊ុន សែន ក្នុងការបំបាត់«សម្លេងឯករាជ្យ» របស់វិទ្យុអាស៊ីសេរី ដែលពោរពេញដោយប្រជាប្រិយភាព នៅក្នុងប្រទេសកម្ពុជា។ នេះ បើតាមអតីតមន្ត្រីច្បាប់ខ្មែរ លោក ព្រហ្ម គិត ដែលសព្វថ្ងៃកំពុងរស់នៅចូលនិវត្តន៍ ក្នុងតំបន់ភាគខាងត្បូង នៃប្រទេសបារាំង។
អតីតមន្ត្រីច្បាប់ បានសម្ដែងការសង្ស័យថា លោក ហួត វុទ្ធី ទំនងជាបានរកឃើញ ពីការពិតអ្វីមួយ ពីក្នុងពន្ធនាគារ ហើយរដ្ឋាភិបាលលោក ហ៊ុន សែន ព្រួយបារម្ភភ័យខ្លាច ពីការបែកធ្លាយករណីនោះ ទើបពន្លេចឲ្យមាន ជារឿងរ៉ាវចោទប្រកាន់នេះឡើង។ លោក ព្រហ្ម គិត បានពន្យល់ប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា៖ «បើពិនិត្យទៅលើទិដ្ឋភាពច្បាប់វិញ គ្មានច្បាប់កម្ពុជាណា ចែងដាក់ទោសលើបុគ្គល ដែលនិយាយកុហក ឬបន្លំឈ្មោះសមត្ថកិច្ច ដើម្បីសុំចូលសួរសុខទុក្ខ អ្នកទោសនោះទេ។ ផ្ទុយទៅវិញ គេត្រូវបន្ទោសឆ្មាំពន្ធនាគារ ដែលគ្មានការត្រួតពិនិត្យច្បាស់លាស់ គ្មានការស្នើសុំអត្តសញ្ញាណប័ណ្ណ ដើម្បីបញ្ជាក់ពីអត្តសញ្ញាណ របស់អ្នកចូលទៅក្នុងពន្ធនាគារ។»។
លោក អូលីវើយ៉េ កង់តាំង (Olivier QUANTIN) អ្នកសារព័ត៌មានឯករាជ្យ ជាជនជាតិបារាំងមួយរូប ដែលតែងធ្វើបទយកការណ៍ជាច្រើន ពីប្រទេសកម្ពុជា បានថ្លែងឲ្យទស្សនាវដ្ដីដឹងថា ប្រសិនជាប្រទេសកម្ពុជា ប្រកាន់យករបបសារព័ត៌មានសេរី នោះទីកន្លែងដែលត្រូវយកព័ត៌មាន មិនត្រូវបានគេកំណត់ពីព្រំដែនទេ រាប់ទាំងពន្ធនាគារផង។ លោកថា៖ «សំខាន់បំផុត គឺយកព័ត៌មាន មកផ្សាយជូនសាធារណៈជន ឲ្យបានជ្រួតជ្រាប។ ជាឧទាហរណ៍ ដើម្បីដឹងច្បាស់ ពីកន្លែងជក់-ជួញដូរគ្រឿងញៀន អ្នកសារព័ត៌មានត្រូវចូលទៅកាន់តំបន់នោះ ដើម្បីធ្វើព័ត៌មានរបស់ខ្លួន តែមិនមានន័យថា អ្នកសារព័ត៌មានរូបនោះ ត្រូវគេចោទថា បានបន្លំចូលដោយគ្មានការអនុញ្ញាត ឬក្លាយជាអ្នកជក់-ជួញដូរគ្រឿងញៀននោះទេ។»។
អ្នកសារព័ត៌មានបារាំងដដែល បានថ្លែងឡើងថា រីឯមធ្យោបាយ ដើម្បីបានចូល ទៅកាន់តំបន់នោះទៀតសោធ ប្រសិនជាធ្យោបាយស្របច្បាប់ ឬការទទូចសុំដោយចេញមុខ មិនអាចទៅរួច ឬគ្មានភាពសមស្រប ដើម្បីយកព័ត៌មាន ឲ្យបានគ្រប់ជ្រុងជ្រោយទេនោះ អ្នកសារព័ត៌មានអាចមានវិធីផ្សេងទៀត ដូចជាដាក់ម៉ាស៊ីនថត ដោយសំងាត់ ឬអាចបន្លំខ្លួនចូលទៅ។ ផ្ទុយទៅវិញ សម្រាប់ប្រទេស ដែលប្រកាន់របបសារព័ត៌មានសេរី វិធីយកព័ត៌មានណាក៏ដោយ មិនអាចត្រូវបានប្រើប្រាស់ ដើម្បីយកមកចាត់វិធានការ ប្រឆាំងនឹងអ្នកសារព័ត៌មាននោះវិញឡើយ។
លោក កង់តាំង បានបញ្ជាក់ថា៖ «អ្នកសារព័ត៌មានរូបនោះ គ្រាន់តែអាចរង នូវការចោទខាងមនសិការថា ចូលចិត្តប្រើមធ្យោបាយទុច្ចរិត ក្នុងការធ្វើការងារ វិជ្ជាជីវៈរបស់ខ្លួន។ តែបើការយកព័ត៌មាននោះ ជារឿងពិត មិនមានអ្វី ដែលខុសច្បាប់ឡើយ លើកលែងតែយកព័ត៌មាន ដែលប៉ះពាល់ដល់សន្តិសុខជាតិធ្ងន់ធ្ងរ ដូចជានៅក្នុងពេល ដែលប្រទេសខ្លួន មានសង្គ្រាមជាដើម។»៕