ឧត្ដម​ស្នងការ​សិទ្ធិ​មនុស្ស អ.ស.ប ប្រតិកម្មពី​ការ​រំលាយ CNRP

អង្គការសហប្រជាជាតិ តាមរយៈមន្ត្រីផ្លូវការជាន់ខ្ពស់របស់ខ្លួន បានប្រតិកម្មខ្លាំងៗ ទៅនឹងការសម្រេចរបស់តុលាការកំពូល ក្នុងការរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ នៅកម្ពុជា ដោយហៅចំណាត់ការនេះ ថាបានប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យ និងបង្កឲ្យមានមន្ទិល ដល់ការបោះឆ្នោតខាងមុខ។
ឧត្ដម​ស្នងការ​សិទ្ធិ​មនុស្ស អ.ស.ប ប្រតិកម្មពី​ការ​រំលាយ CNRP
ព្រះអង្គម្ចាស់ ហ្សេដ រ៉ាអាដ អាលហ៊ូសេន ឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស។ (រូបថត UN)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៧ វិច្ឆិកា ២០១៧
  • កែប្រែចុងក្រោយ: November 17, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ការសម្រេចចិត្តរំលាយគណបក្សសង្គ្រោះជាតិ បានដកហូតអ្នកតំណាង របស់ពលរដ្ឋម្ចាស់ឆ្នោត ចំនួនជាង៣លានសម្លេង» នេះ ជាប្រតិកម្មខ្លាំងៗ របស់ឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ព្រះអង្គម្ចាស់ ហ្សេដ រ៉ាអាដ អាលហ៊ូសេន (Zeid Ra'ad Zeid Al-Hussein) នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ដែលទើបនឹងចេញផ្សាយ ក្នុងយប់ថ្ងៃទី១៧ ខែវិច្ឆិកានេះ​ ពីទីក្រុងហ្សឺណែវ ប្រទេសស្វីស។

ការពីម្សិលម៉ិញ តុលាការកំពូល ដែលមានចៅក្រមភាគច្រើន និងព្រះរាជអាជ្ញា ជាមន្ត្រីជំនិតរបស់គណបក្សប្រជាជនកម្ពុជានោះ បានប្រកាសសាលក្រម ដ៏ប្រទាំងប្រទើសមួយ សម្រេចរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងសំខាន់ជាងគេ និងកាប់កាប់អសនៈចំនួន៥៥ នៅក្នុងរដ្ឋសភាកម្ពុជា។

សាលក្រមតុលាការកំពូលនេះ បានបង្កឲ្យមានប្រតិកម្មជាបន្តបន្ទាប់ ពីគ្រប់ជ្រុងនៃផែនដី និងជាពិសេសក្នុងយប់ថ្ងៃនេះ ពីអង្គការសហប្រជាជាតិ។ ព្រះអង្គម្ចាស់ ហ្សេដ រ៉ាអាដ អាលហ៊ូសេន ដែលជាមន្ត្រីជាន់ខ្ពស់ នៃស្ថាប័នសិទ្ធិមនុស្ស របស់អង្គការសហប្រជា បានប្រើពាក្យថា «កង្វល់ជាខ្លាំង» ដើម្បីប្រតិកម្មទៅនឹងសាលក្រមខាងលើ។

ព្រះអង្គម្ចាស់ បានពន្យល់ថា លទ្ធិប្រជាធិបតេយ្យពហុបក្ស «ដ៏មានប្រសិទ្ធភាពពិតប្រាកដមួយ» ទាមទារឲ្យមានគណបក្សប្រឆាំង ដែលអាចមានដំណើរការបាន ដោយសេរី គ្មានការបំភ័យបំភិត និងការគម្រាមកំហែង។ ព្រះអង្គមានបន្ទូលថា៖ «ហើយប្រជាធិបតេយ្យពហុបក្សនេះ ក៏ទាមទារឲ្យមានការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងដែលអាចទទួលយកបានដែរ»។

ប្រមុខសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិរូបនេះ បានហៅច្បាប់ ដែលទើបនឹងត្រូវបានធ្វើវិសោធនកម្ម និងយកមកអនុវត្តន៍ ដើម្បីប្រឆាំង​គណបក្សសង្គ្រោះជាតិ និងថ្នាក់ដឹកនាំរបស់គណបក្សនេះ ថាវាគ្រាន់តែជា«ការបិតបាំង»មួយប៉ុណ្ណោះ។ ព្រះអង្គម្ចាស់បន្តថា៖ «វាជារដ្ឋ​ដែលប្រើអំណាច និងមិនមែន ជានីតិរដ្ឋនោះឡើយ»។ 

សេចក្ដីថ្លែងការណ៍ របស់ឧត្ដមស្នងការដ្ឋាន បានស្រង់បន្ទូលរបស់ថ្នាក់ដឹកនាំខ្លួន មកបញ្ជាក់ថា៖ «ការចោទប្រកាន់ ប្រឆាំងនឹងគណបក្សសង្គ្រោះជាតិ និងសមាជិករបស់គណបក្សនេះ មានភាពមិនច្បាស់លាស់ ហើយវាក៏មិនច្បាស់លាស់ផងដែរ ចំពោះបទបញ្ញត្តិច្បាប់ ដែលគាំទ្របណ្ដឹង សុំរំលាយគណបក្សនេះ»។

ព្រះអង្គម្ចាស់ ហ្សេដ រ៉ាអាដ អាលហ៊ូសេន បានមានបន្ទូលទៀតថា ចំណាត់ការខាងលើ ជាបញ្ហាដែលគួរឲ្យព្រួយបារម្ភ កាន់តែខ្លាំងថែមទៀត បន្ថែមលើវិធានការទាំងឡាយ ដែលដាក់ចេញដោយរដ្ឋាភិបាលកម្ពុជា ប្រឆាំងនឹង«សមាសភាព»ដ៏សំខាន់ នៃលទ្ធិប្រជាធិបតេយ្យ។ សេចក្ដីថ្លែងការណ៍បានរៀបរាប់ថា៖ «នៅក្នុងប៉ុន្មានខែថ្មីៗនេះ រដ្ឋាភិបាលបានបិទ និងផ្អាកក្រុមសង្គមស៊ីវិល ព្រមទាំងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយជាច្រើន ហើយរដ្ឋាភិបាលបាន និងកំពុង ដាក់គោលដៅទៅលើអ្នកកាសែត និងមន្ត្រីរបស់អង្គការក្រៅរដ្ឋាភិបាលនានា»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...