សម រង្ស៊ី៖ បូរណភាព​ទឹកដី​កម្ពុជា នៅ​តែ​ជា​បញ្ហា​ចោទ

រដ្ឋាភិបាលលោក ហ៊ុន សែន ខំជីកកាយកប់ បញ្ហាបូរណភាពទឹកដីកម្ពុជា និងបាន​ធ្វើការ​ចាប់​ចង ទៅ​លើ​ជន​ណា ដែល​ហ៊ាន​យក​បញ្ហា​នេះ មកជីកគាស់កកាយឡើងវិញ។ សម្រាប់​ប្រធាន​គណបក្ស​ប្រឆាំង បាន​បរិហារ​ការ​ព្យាយាម​ជីក​កប់ និងការចាប់ចងសកម្មជនព្រំដែន ពី​សំណាក់​រដ្ឋាភិបាល​នេះ ថា​ជា​ទង្វើ​បិត​បាំង​កំហុស​ឆ្គង របស់​រដ្ឋាភិបាល​ខ្លួនឯង ហើយ​កាន់​តែ​បង្ហាញ​ថា​ បញ្ហាបូរណភាពទឹកដី នៅតែចោទខ្លាំង សម្រាប់​ប្រទេស​កម្ពុជា។
សម រង្ស៊ី៖ បូរណភាព​ទឹកដី​កម្ពុជា នៅ​តែ​ជា​បញ្ហា​ចោទ
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ។ (រូបថត MONOROOM.info/ Srun Tith)
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី១២ មេសា ២០១៦
  • កែប្រែចុងក្រោយ: April 12, 2016
  • ប្រធានបទ: ព្រំដែន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅមួយថ្ងៃក្រោយ ការចាប់ខ្លួនលោក អ៊ុំ សំអាន តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប មកពីគណបក្ស​សង្គ្រោះ​ជាតិ ប្រតិកម្មរបស់មជ្ឈដ្ឋាននានា បានធ្លាក់ចុះមកជាបន្តបន្ទាប់។ ជាពិសេស គឺលោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិតែម្ដង ដែលបានសម្ដែងប្រតិកម្មជាលើកដំបូង ពីបញ្ហានេះ ដោយចាត់ទុកការ​ចាប់​ខ្លួន​តំណាង​រាស្ត្រ បង្ហាញកាន់តែច្បាស់ថា បញ្ហាបូរណភាពទឹកដីកម្ពុជា នៅតែជាចំណោទនៅឡើយ ហើយ​សេរីភាព​​នៃការបញ្ចេញមតិនៅកម្ពុជា មិនដែលត្រូវបានគោរពនោះទេ។

នៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់ប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី បានសរសេរជាអាថ៌ថា៖ «បើ​បញ្ហា​នេះ ត្រូវបានដោះស្រាយយ៉ាងត្រឹមត្រូវហើយ គួរឲ្យទុកចិត្តហើយ មិនចាំបាច់ព្រួយបារម្ភឡើយ(...)មែន​នោះ រដ្ឋាភិបាល​មិនចាំបាច់បំពានច្បាប់ រហូតដល់បំពានរដ្ឋធម្មនុញ្ញ ទាក់ទងទៅនឹងអភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្រ មិនចាំ​បាច់​បំបិទសិទ្ធិសម្តែងមតិ របស់ប្រជាពលរដ្ឋ ហើយមិនចាំបាច់ចាត់វិធានការ ចាប់ចងគេឯងដាក់គុក ដូច​បាន​ធ្វើក្នុងពេលថ្មីៗនេះទេ»។

តំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ដែលល្បីល្បាញ ខាងការលើកយកបញ្ហាព្រំដែន មក​គាស់កកាយ​បង្ហាញគេឯងនោះ ត្រូវបានកងកម្លាំងអាជ្ញាធរចាប់ខ្លួន កាលពីយប់រលងអាធ្រាត ចូល​មក​ព្រឹក​ព្រហាម​ថ្ងៃចន្ទ ទី១១ ខែមេសាកន្លងមក ហើយត្រូវបានបញ្ជូនទៅឃុំខ្លួនជាបណ្ដោះអាសន្ន នៅឯពន្ធនាគារ​ព្រៃ​ស នៅថ្ងៃអង្គារនេះ។ រដ្ឋសភាដែលមានការចូលរួមប្រជុំ តែពីសមាជិកសភា មកពីគណបក្សប្រជាជនកម្ពុជា បាន​លើក​ដៃ​អនុម័ត ក្នុងថ្ងៃអង្គារដដែលនេះ អនុញ្ញាតឲ្យតុលាការបន្ត«នីតិវិធី» ដើម្បីធ្វើស៊ើបសួរ​ទៅលើ​ករណី​របស់​លោក អ៊ុំ សំអាន បន្តទៅមុខទៀត។

ដោយឡែក សម្រាប់លោក សម រង្ស៊ី វិញ មិនបានខ្វល់ខ្វាយ ទៅលើការអនុម័តរបស់រដ្ឋសភា ដែល​មាន​សមាជិក​ចូលរួម​ប្រជុំ មកពីតែគណបក្សកាន់អំណាចប៉ុណ្ណោះទេ តែលោកបានពន្យល់បញ្ហាទាំងនោះ ថា​ដោយ​សារ​តែ​រដ្ឋាភិបាល ថាមិនបានដោះស្រាយបញ្ហាបូរណភាពទឹកដី ប្រទេសកម្ពុជា ឲ្យបានត្រឹមត្រូវ។ លោក​បាន​សរសេរ​ទៀតថា៖ «ដោយសារតែមានអាថ៌កំបាំងជាច្រើន ពាក់ព័ន្ធទៅនឹងបញ្ហានេះ ទើបពួកអ្នក​កាន់​អំណាច​សព្វថ្ងៃ មិនចង់ឲ្យប្រជាពលរដ្ឋដឹងឮ ពីរឿងនេះ ហើយយករឿងនេះ មកជជែកពិភាក្សាជាសាធារណៈទេ។ (...) វាគ្មានបញ្ហាអាថ៌កំបាំង ឬខុសត្រូវ លើផែនទីជាក្រដាសនោះទេ។ បញ្ហាអាថ៌កំបាំងនិងខុសត្រូវ គឺ​នៅ​លើ​ផែនដី នៅលើទឹកដីជាក់ស្តែង នៅតាមដងព្រំប្រទល់ដែនពិតប្រាកដ រវាងប្រទេសកម្ពុជា និងប្រទេសជិត​ខាង ឯនោះ​ទេ។ បើរដ្ឋាភិបាលគ្រាន់បើមែន បើគ្មានអ្វីលាក់បាំង ហើយចង់ឲ្យគេទទួលស្គាល់ថា ខ្លួន​បានធ្វើអ្វីៗ​ត្រឹមត្រូវ​ពិត​មែន ក្នុងការកំណត់បន្ទាត់ព្រំដែននោះ គួរតែមានតម្លាភាព ក្នុងការធ្វើសេចក្តីសម្រេច និង​ក្នុង​ការ​ទំនាក់ទំនង ជាមួយ​សាធារណជន។»។

ប្រធានគណបក្សប្រឆាំង បានដាក់ជាសំនួរថា៖ «ក្នុងស្ថានការណ៍បែបនេះ តើយើងត្រូវជឿរដ្ឋាភិបាល ដែល​ថា​ប្រទេសកម្ពុជា អត់មានបាត់បង់ទឹកដី នៅកន្លែងណាទេ? ឬក៏ ជឿប្រជាពលរដ្ឋ កសិករខ្មែរ ដែល​រស់នៅ​តាម​ដង​ព្រំ​ប្រទល់​ដែន?» មុននឹងឆ្លើយដោយខ្លួនលោកថា៖ «ចំពោះខ្ញុំ ខ្ញុំជឿប្រជាពលរដ្ឋ កសិករខ្មែរ ដែល​រស់នៅ​តាម​ដង​ព្រំ​ប្រទល់ដែន ពីព្រោះពួកគាត់ជាជនរងគ្រោះមុនគេបង្អស់ ពីការវាទទីបង្ខិតបង្គោលព្រំដែន ចូល​មក​ក្នុង​ទឹកដី​ប្រទេសកម្ពុជា ពីសំណាក់ប្រទេសជិតខាង»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...