ហោ ណាំហុង៖ រដ្ឋាភិបាលសម្ដេចសីហនុឆ្នាំ១៩៦៤ ធ្វើឲ្យបាត់ដី
- ដោយ: អ៊ុម វ៉ារី អត្ថបទ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី២០ សីហា ២០១៥
- កែប្រែចុងក្រោយ: August 20, 2015
- ប្រធានបទ: ព្រំដែន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្នុងដំណើរការពិនិត្យ និងផ្ទៀងផ្ទាត់ផែនទី នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ នៅទីស្តីការគណរដ្ឋមន្រ្តី លោក ហោ ណាំហុង បានបង្ហាញនូវកំហុសឆ្គងមួយ របស់រាជរដ្ឋាភិបាល ឆ្នាំ១៩៦៤ ដែលជារាជរដ្ឋាភិបាល របស់ព្រះករុណាព្រះបរមរតនកោដ្ឋ៖ ដីខ្មែរជិត៥០គីឡូម៉ែត្រការ៉េ ត្រូវបានចូលទៅក្នុងទឹកដី នៃប្រទេសវៀតណាម។
លោក ហោ ណាំហុង បានពន្យល់ថា រដ្ឋាភិបាលរបស់សម្ដេច នរោត្ដម សីហនុ ឆ្នាំ១៩៦៤ បានទទួលស្គាល់ខ្សែព្រំដែន តាមបន្ទាត់«ដាក់ដាំ» ដែលជាបន្ទាត់ខាងលើ ខណៈរដ្ឋាភិបាលសព្វថ្ងៃ ទទួលស្គាល់ខ្សែបន្ទាត់«ដាក់ហ៊ូត(?)» ដែលជាបន្ទាត់ខាងក្រោម។ លោកថ្លែងឡើងថា៖ «ម៉ាចន្លោះធំនេះ ជិត៥០គីឡូម៉ែត្រការ៉េ»។
រដ្ឋមន្រ្តីការបរទេសកម្ពុជា បានថ្លែងឡើងថា ទោះយ៉ាងនេះក៏ដោយ រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន មិនព្រមអនុវត្តតាមផែនទី បោះក្នុងឆ្នាំ១៩៦៤ របស់ព្រះបរមរតនកោដ្ឋនោះទេ ហើយធ្វើការបន្តទាមទារ ហូតមកដល់ពេលនេះ ដោយយោងផ្អែកលើការសម្រេចរបស់អគ្គទេសាភិបាលបាំង នៅក្រុងហាណូយ ក្នុងឆ្នាំ១៩១៤។
ប្រមុខការទូតកម្ពុជា បានបង្ហាញ នូវការសង្ឃឹមយ៉ាងមុតមាំ ចំពោះលទ្ធផល នៃការផ្ទៀងផ្ទាត់ផែនទីកម្ពុជា ជាមួយផែនទីរបស់ UN នេះថា នឹងធ្វើអោយមនុស្សទូទៅ មានការជ្រះស្រឡះចិត្ត។ លោក ហោ ណាំហុង បានថ្លែងឡើងទៀតថា៖ «ការកំណត់ព្រំដែន យើងមិនមែនត្រឹមតែ យកតាមផែនទីមួយមុខទេ យើងយកច្បាប់អន្តរជាតិមកនិយាយទៀត ទោះបីបារាំងបានកំណត់ រួចទៅហើយនោះ។ តែយើងនៅតែប្រើ ច្បាប់អន្តរជាតិទៀត។»
លោករដ្ឋមន្ត្រីការបរទេស បានថ្លែងទៀតថា៖ «ឃើញថាអត់ខុសគ្នាសោះ អត់ខុសគ្នាសោះ។ ចង់ឲ្យជ្រះស្រឡះអ្នកខ្លះ មានការសង្ស័យ និងធ្វើសកម្មភាពនានា។ ឲ្យច្បាស់ ឲ្យភ្លឺ ឲ្យច្បាស់កន្លែងហ្នឹង។»
ឯអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ត បានបង្ហាញនូវទស្សនថា៖ «ការផ្ទៀតផ្ទាត់ផែនទី ជាមួយអង្គការសហប្រជាជាតិ គឺដូចគ្នាទាំងស្រុង ជាការត្រឹមត្រូវ។ បញ្ហានេះធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា កាន់តែយល់ច្បាស់ អំពីការពិតជាក់ស្ដែង។»
សម្រាប់លោក អ៊ូ ច័ន្ទរិទ្ធិ តំណាងគណបក្សសង្គ្រោះជាតិវិញ បានបង្ហាញនូវការទទួលស្វាគមន៍ អង្គការសហប្រជាជាតិ ដែលបានផ្ដល់ផែនទី ដល់រដ្ឋាភិបាលកម្ពុជា។ តែលោកបានសម្ដែង នូវភាពប្រយ័ត្នប្រយ៉ែង ដោយមិនបានបង្ហាញពីជំហរថា តើផែនទីនោះយ៉ាងណាទេ។ លោកបញ្ជាក់ថា៖ «ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នឹងធ្វើការពិភាក្សាគ្នា ដើម្បីប្រកាសជំហររបស់ខ្លួន នៅពេលក្រោយ។»៕
» សូមស្តាប់ និងទស្សនាការបកស្រាយ របស់លោក ហោ ណាហុង ដូចខាងក្រោម៖