រឿង​ព្រំដែន ជា​រឿង​«ផ្ដាច់​មុខ»​របស់​រដ្ឋាភិបាល?

នៅចំពោះភាពចម្រូងចម្រាស និងការប្រកាសរបស់រដ្ឋាភិបាល ចាត់ទុកការថ្លែងនានា ទាក់ទងនឹងបញ្ហាព្រំដែន ថា​ជា​ការ​បំភ័ន្ត និង​ការ​ញុះ​ញង់​នោះ អ្នកច្បាប់ដ៏ល្បីឈ្មោះមួយរូប បានជ្រលក់មាត់ ចេញមកនិយាយជាលក្ខណៈទូទៅថា ពលរដ្ឋ​មាន​សិទ្ធិ​និយាយ និងសិទ្ធិធ្វើការ​តវ៉ា ​ស្រប​តាម​រដ្ឋធម្មនុញ្ញ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញថ្ងៃទី២៦ សីហា ២០១៥
  • កែប្រែចុងក្រោយ: August 30, 2015
  • ប្រធានបទ: ព្រំដែន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅចំពោះភាពចម្រូងចម្រាស នៃបញ្ហាព្រំដែនកម្ពុជា-វៀតណាម ដែលបានកើតចេញ ពីភាពមិនច្បាស់លាស់ នៃផៃនទីកំណត់ព្រំសីមា រវាងប្រទេសទាំងពីរនោះ រដ្ឋាភិបាលកម្ពុជាបានសម្រេច ជ្រើសរើសយក​កណ្ដាប់​ដៃ​ដែក ជាថ្មីទៀត ដើម្បីបំបាត់ចោល នូវពាក្យ«រដ្ឋាភិបាល ប្រើប្រាស់ផែនទីក្លែងក្លាយ» ជាអ្វីដែល​រដ្ឋាភិបាល​ខ្លួន​ឯង និយាយថា ជាការបំភ័ន្ដ ញុះញង់ និងជាការកេងចំណេញ ខាងនយោបាយ របស់ក្រុម​គណបក្ស​​ប្រឆាំង។

មិនត្រឹមតែប៉ុណ្ណឹង រដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋលេខាធិការ  និងជាអ្នកនាំពាក្យ ទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន បានបញ្ជាក់ហើយបញ្ជាក់ទៀតថា ការងារ និងតួនាទីពាក់ព័ន្ធ នឹងបញ្ហាព្រំដែន គឺជាសមត្ថកិច្ច និង​ការទទួលខុសត្រូវ«ផ្តាច់មុខ»របស់រាជរដ្ឋាភិបាល ដែលទទួលបានការអនុញ្ញាត និងសុពលភាពីសភាជាតិ និង​ស្ថាប័នព្រះហាក្សត្រនោះ។ លោក ផៃ ស៊ីផាន បាននិយាយ ចាត់ទុក«ការបំភ័ន្ត និងញុះញង់​ជា​សាធារណៈ»​ទាំងនោះ ថាជាចេតនានៃក្រុមឧទ្ទាម ឬក្រុមប្រឆាំង ដើម្បីធ្វើការ«ប្តូររបប និងអំណាចរដ្ឋ»។

ប៉ុន្តែសម្រាប់លោក សុខ សំអឿន អ្នកជំនាញខាងច្បាប់ និងជាមេធាវីមួយរូបផងនោះ បានថ្លែងឡើងចាត់ទុកថា នោះជាការបញ្ចេញមតិរបស់ពលរដ្ឋ។ តាមពិតទៅ ការហ៊ានតវ៉ានឹងការរំលោភ ការបំពានណាមួយ មកលើខ្លួន មក​លើ​អ្នក​ជិត​ខាង ដែលធ្វើឡើង ដោយស្របតាមផ្លូវច្បាប់នោះ វាជាការជួយពង្រឹងខឿនប្រជាធិបតេយ្យ នៅ​កម្ពុជា​ទៅ​វិញ​ទេ។

អះអាងនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន លោកមេធាវី សុខ សំអឿន ទំនងជាចង់ពន្យល់ ការបញ្ចេញមតិនានា របស់ពលរដ្ឋ ទោះជានៅក្នុងករណីណាក៏ដោយ រួមទាំងបញ្ហាព្រំដែនផង ដែលត្រូវបានចោទប្រកាន់ ថាជាការ​ញុះញង់នោះ ជាការមិនត្រឹមត្រូវឡើយ។ លោកបានអះអាងបន្តថា បើសិននោះជា«បទល្មើសញុះញង់» មែន វាអាច​នឹងពង្រួញ (សិទ្ធិសេរីភាព) ហើយឈានទៅរក ការ«បិទ»សេរីភាពបញ្ចេញមតិ ដែលជាការបំពាន​រដ្ឋធម្មនុញ្ញ។

លោក សំអឿន បានលើកយកឧទាហរណ៍មួយ មកបញ្ជាក់ថា៖ «ការរុញដុំថ្មឡើងឲ្យផុតជំរាល មិនមែនជាការ​ងាយនោះទេ ត្រូវជួយរុញ និង ចេះជួយកល់កុំឲ្យវាធ្លាក់ទៅវិញ។ កំណល់ ដែលកល់ កុំឲ្យវាធ្លាក់ទៅវិញនោះ គឺ​ត្រូវរឹងមាំ ត្រូវអត់ធ្មត់ និងត្រូវហ៊ានលះបង់ បើពុំនោះទេ ប្រសិនបើវារអិលធ្លាក់ទៅវិញនោះ វាអាចនឹងធ្លាក់ដល់​បាតជ្រោះដែលជ្រៅ។ ការកសាង លទ្ធិប្រជាធិបតេយ្យ ក៏ដូច្នោះដែរ!»

ការពន្យល់របស់អ្នកច្បាប់ខាងលើនេះ មិនប្រាកដជាត្រូវបានរដ្ឋាភិបាល យកចិត្តទុកដាក់ស្ដាប់នោះឡើយ។ សូម​អានការលើកឡើង របស់លោក ផៃ ស៊ីផាន ជាបន្តទៀតដូច្នេះ៖ «ការចុះ ទៅមើលព្រំដែន ការបង្ហោះ​ឯកសារ​សាធារណៈក្លែង នៅទំព័រហ្វេសប៊ុក របស់ប្រធានគណបក្ស CNRP ពីសមាជិកព្រឹទ្ធសភារបស់ខ្លួន ដែលជា​ក្រុម​នយោបាយប្រឆាំង។ល។ ព្រឹត្តិការណ៍ និងសកម្មភាពទាំងអស់នេះ គួរឲ្យកត់សម្គាល់ណាស់ ដែល​ជា​​សកម្មភាព​ពិតប្រាកដ ប្រឆាំងនឹងព្រះមហាក្សត្រ ប្រឆាំងនិងនីត្យានុកូលភាពរបស់រដ្ឋ ដែលប៉ះពាល់​ដល់​ការងារ​​អន្តរជាតិ សុវត្តិភាព សន្តិសុខសាធារណៈ ក៏ដូចជាការប៉ះពាល់ ដល់អាជ្ញាធររបស់រដ្ឋ ដែល​​បង្កើត​ការ​ប្រមាថ និង​ប្រឆាំង​នឹង​អ្នករាជការសាធារណៈជាប្រព័ន្ធ ក៏ដូចជាបុគ្គល។ ចំណាត់ការនេះ គឺជាវិធានផ្លូវ​ច្បាប់​​សុទ្ធសាធ ក្នុង​កិច្ច​តបតរ ជាមួយនឹងភាពអាណាធិបតេយ្យ ឲ្យវិលមកសណ្តាប់ធ្នាប់នយោបាយ ក៏ដូចជា​ការ​​ពង្រឹង​នីតិរដ្ឋ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...