«គ្រូស្នេហ៍ អង្ទងចិត្តប្រុសក្បត់»
- ដោយ: ក. សោភណ្ឌ ([email protected]) - ភ្នំពេញថ្ងៃទី ២៥ សីហា ២០១៥
- កែប្រែចុងក្រោយ: August 30, 2015
- ប្រធានបទ: ជីវិតនិងស្នេហា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«នេះគឺជារឿងពិត... ដែលខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាបានអាន នៅពេលមួយ ដែលខ្ញុំបានទៅរកគ្រូស្នេហ៍» បន្ទាប់ពីស្នេហានាង បានបែកបាក់ដោយសារ បុរសម្ចាស់ស្នេហ៍របស់នាង បានក្បត់ចិត្តទៅមានថ្មី ដោយគ្រាន់តែមកនិយាយ ជាមួយនឹងយ៉ាងខ្លីថា៖ «យើងបែកគ្នាទៅ យើងមិនអាចរស់នៅ ជាមួយគ្នាបានទេ ព្រោះខ្ញុំមានអ្នកថ្មីហើយ»។
នេះជាការចាប់ផ្ដើមឃ្លាប្រយោគ ចេញពីបេះដូងរបស់យុវតីម្នាក់ ដែលដាក់ឈ្មោះខ្លួន នៅលើបណ្ដាញសង្គម «ព្រះច័ន្ទ - La Lune» ដើម្បីរៀបរាប់ពីបទពិសោធន៍ដ៏ជូរចត់ ដែលនាងបានឆ្លងកាត់ នៅក្នុងរយៈពេលប្រេះស្រាំមួយ ជាមួយនឹងសង្សាបណ្ដូលចិត្ត ដែលនាងបានគិតថា រូបគេជាគូជីវិត ស្នេហ៍ស្និតមិនបែកបែរ។ នាងបានគិតឃើញបែបនេះ ព្រោះសួនស្នេហ៍ដែលនាង និងម្ចាស់ចិត្តនាង បានថែរ និងសាងមក មានបង្កប់នូវអនុស្សាវរីយ៍ច្រើនរាប់មិនអស់ តាំងពីបួនឆ្នាំមកហើយ។
នាង«ព្រះច័ន្ទ - La Lune» បានថ្លែងពីបេះដូងប្រេះឆារ ពិបាកក្នុងការបំភ្លេចប្រុសម្នាក់ ដែលនាងបានដាក់ចិត្តស្រឡាញ់នោះថា៖ «ខ្ញុំដឹងថា កន្លងមកគេបោកប្រាស់ មនោសញ្ចេតនាខ្ញុំរហូត ព្រោះគេនឹងត្រូវរៀបការ ជាមួយអ្នកថ្មី នៅចុងឆ្នាំនេះហើយ ជំនួសរូបខ្ញុំ»។ ប៉ុន្តែ«ព្រះច័ន្ទ - La Lune» នៅមិនទាន់អស់សង្ឃឹមនៅឡើយ។ នាងនៅតែព្យាយាម ធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីឲ្យបុរសដែលនាងស្រឡាញ់ អាចវិលត្រឡប់មកវិញ។
«ព្រះច័ន្ទ - La Lune» តែងសួរខ្លូនឯង ជាញឹកញាប់ថា៖ «ខ្ញុំខុសត្រង់ណា មិនល្អត្រង់ណា ខ្ញុំអាចផ្លាស់ប្តូរបាន តាមគេត្រូវការ ចង់បានអ្វីពីខ្ញុំ ខ្ញុំឲ្យគ្រប់យ៉ាង ព្រមគ្រប់យ៉ាង សុំត្រឹមតែគេត្រឡប់មកវិញ»។ តែនៅទីបំផុត អ្វីដែលនាងបានទទួល គឺម្ចាស់ចិត្តកំពូលស្នេហ៍ នៅតែចាកចេញពីនាង ដោយគ្មានថ្ងៃវិលត្រឡប់ ប្រៀបបាននឹងទឹកហូរមិនត្រឡប់។
ក្នុងអំឡុងពេល នៃស្នេហាបែកបាក់ នាងមិនដែលមានចិត្តស្រស់ថ្លា រីកចិន្តាម្តងណាឡើយ។ នាង «ព្រះច័ន្ទ - La Lune» បានស្រដីថា៖ «ខ្ញុំពិតជាតប់ប្រម៉ល់មួម៉ៅណាស់ ធ្វើអ្វីក៏ខុសគ្រប់យ៉ាង រហូតដល់ថ្ងៃមួយ មិត្តភក្តិខ្ញុំបានណែនាំឲ្យខ្ញុំ ទៅរកគ្រូស្នេហ៍ ទាំងដែលខ្ញុំមិនធ្លាប់ជឿ រឿងមន្តអាគមអូមអាម ទាំងនោះផង»។ តែបើនិយាយបែបផ្សេង សេចក្ដីស្នេហាបានប្ដូររូបនាង ជាពិសេសធ្វើឲ្យនាងទន់ជ្រាយ រហូតដល់បាត់បង់សតិសម្បជញ្ញៈ។ ស្នេហាបានបាំងភ្នែកនាង ឲ្យព្រមធ្វើអ្វីគ្រប់យ៉ាង ដើម្បីសុំត្រឹមតែបានបុរស ដែលនាងស្រឡាញ់ ត្រឡប់មកវិញដូចដើម។
ក្នុងពេលទៅរកគ្រូស្នេហ៍ ជាមួយមិត្តភក្កិ នាង«ព្រះច័ន្ទ - La Lune»បានគិតថា អស់អ្វីក៏អស់ចុះ សំខាន់គឹបុរសជាទីស្រឡាញ់ នឹងត្រឡប់មករៀបការ ជាមួយនាងវិញនៅចុងឆ្នាំនេះ។ ខុសស្រឡះ! អ្វីៗមិនបានដូចការគិត របស់នាងទេ ព្រោះគ្រូស្នេហ៍អូមអាមនោះ បានសួរមកនាងថា៖ «ស្រលាញ់គេណាស់ពេលនេះ ចិត្តសោកសៅ ច្របូកច្របល់គិតចង់សំលាប់ខ្លួន... ចង់បានគេ ត្រលប់មកវិញ(មែនឬ)ទេ?» «ចង់បាន លោកគ្រូ» នាង«ព្រះច័ន្ទ - La Lune» បានឆ្លើយភ្លាម ព្រោះវាជាអ្វីដែលបេះដូងនេះ បានប្រាប់នាងឲ្យឆ្លើយ។ គ្រូស្នេហ៍ បានស្រដីបន្ត ដោយសម្តីមុតៗថា៖ «បើចង់បាន លោកគ្រូជួយ តែត្រូវជួលណា! មានលុយប៉ុន្មាន?» នាងឆ្លើយប្រាប់ទាំងកុហកថា «៥០ដុល្លារលោកគ្រូ»។
បន្ទាប់ពីសូត្របាលីអេចអូច ចេញពីមាត់បន្តិចក្រោយមក គ្រូស្នេហ៍បានគំហកមកវិញថា លុយនៅក្នុងកាបូបនាងទាំងអស់ ១៥០ដុល្លា ចំណែកសៀវភៅធនាគារបស់នាង មានលុយច្រើនទៀត បើសរុបទាំងអស់ នាងមាន៨០០ដុល្លា។ «ព្រះច័ន្ទ - La Lune»ភ្ញាក់ព្រើត ព្រោះពាក្យសម្តី ដែលគ្រូស្នេហ៍បាននិយាយ ជាការពិតទាំងអស់។ ប៉ុន្តែយ៉ាងហោចណាស់ ការគំហករបស់គ្រូស្នេហ៍ បានធ្វើឲ្យនាងមានទំនុកចិត្តជាងមុន ហើយនៅបន្តគិតថា អស់ប៉ុន្មានក៏មិនខ្វល់ដែរ សំខាន់គឺបានមនុស្សជាទីស្រឡាញ់មកវិញ។
គ្រូស្នេហ៍បានទាមទារថ្លៃឈ្នួល ពីអតិថិជនវ័យក្មេងមួយនេះ៨០០ដុល្លា ជាថ្នូរនឹងលក្ខខណ្ឌចំនួន៤ សម្រាប់រយៈពេល១៥ថ្ងៃ។ បើនាងអាចបំពេញលក្ខខណ្ឌទាំងនេះបាន មិនឲ្យធ្លោយនោះ បុរសកំពូលស្នេហ៍នឹងត្រឡប់មករកនាង ដោយខ្លូនឯង។ នាង«ព្រះច័ន្ទ - La Lune» បានសម្រេចធ្វើតាមទាំងអស់ មិនថាលក្ខខណ្ឌទាំងបួននោះជាអ្វីឡើយ។
នេះជាលក្ខខណ្ឌទាំងបួន៖ «១- រាល់ថ្ងៃព្រឹកឡើង ឲ្យខ្ញុំដើរ៩៩៩ជំហ៊ាន ឲ្យរាប់មួយជំហ៊ានៗមិនឲ្យខុស បើមិនច្បាស់ ឲ្យចាប់ផ្តើមរាប់សារជាថ្មី។ ២- មុនចូលគេង ត្រូវសូត្រមន្ត៩៩ចប់។ ៣- ឲ្យនិយាយទៅកាន់ ឪពុកឬក៏ម្តាយរាល់ថ្ងៃ ឲ្យនិយាយប្រាប់រឿងគ្រប់យ៉ាងឲ្យអស់ ហាមមិនអោយលាក់បាំង ឬកុហកដាច់ខាត។ ៤- មិនអោយធ្វើដឹងឮ ឬនិយាយស្តី ជាមួយសង្សារដាច់ខាត ក្នុងអំឡុងរយៈពេល ១៥ថ្ងៃ។» បម្រាម៖ បើខុសតំណមណាមួយ ត្រូវចាប់ផ្តើមរាប់ម្តងទៀត រហូតគ្រប់១៥ថ្ងៃ។
ក្រោយការអនុវត្តន៍១៥ថ្ងៃ នាង «ព្រះច័ន្ទ - La Lune» បានត្រឡប់ទៅជួបគ្រូស្នេហ៍វិញ ទាំងចិត្តស្រលះជាងមុនបន្តិច។ រួចរាល់ គ្រូស្នេហ៍បានសួរនាង នូវសំនួរក្នុងចិត្តជាច្រើន តាមអ្វីដែលបានអនុវត្តន៍កន្លងទៅ។ នាងឆ្លើយទាំងទឹកភ្នែក ដោយយល់ឃើញខ្លូនឯងថា ហេតុអ្វីនាងចាំបាច់ អោយមនុស្សម្នាក់នោះមានឥទ្ធិពល មកលើជីវិតខ្លួនឯងដល់ថ្នាក់នេះ ខំធ្វើគ្រប់យ៉ាងដើម្បីគេ រហូតមិនបានគិតអ្វីសោះ ពីខ្លួនឯង និងពីមនុស្សសំខាន់ផ្សេងទៀត នៅក្បែរខ្លួន (មានដូចជាឪពុកម្ដាយជាដើម)។
ចុងក្រោយគ្រូស្នេហ៍បានលូកដៃ ទៅក្នុងថង់យាមយកលុយ៨០០ដុល្លា ហុចមកអោយនាងវិញ រួចប្រាប់ថា៖ «បើយើងមិនរឹងមាំនោះ (...) បើយើងព្រមចុះចាញ់វា នោះយើងនឹងចុះចាញ់ ពេញមួយជីវិត។ បើយើងយកឈ្នះវាបាន បញ្ជាវាបាននោះ យើងនឹងមិនមានទុក្ខទៀតទេ។ គ្មានអ្នកណាជួយយើងបានទេ ពេទ្យនៅកន្លែងណា ក៏មិនអាចព្យាបាល (ជំងឺនេះឲ្យ) ជាបានដែរ មានតែខ្លួនយើង និងពេលវេលាប៉ុណ្ណោះ ដែលជួយខ្លួនយើងបាន។»។
គ្រូស្នេហ៍អូមអាម បានប្រាប់ទៅតួស្រីកំសត់ថា៖ «ឈប់! ហាមទៅធ្វើស្នេហ៍ នៅកន្លែងផ្សេងទៀត ត្រូវចាំពាក្យលោកគ្រូនៅក្នុងចិត្តណា» រួចប្រាប់បន្ថែមថា ប្រាក់៨០០ដុល្លារនេះ នាង«ព្រះច័ន្ទ - La Lune» ត្រូវផ្ញើរទៅម្តាយនាង៦០០ដុល្លារ សល់២០០ដុល្លា នាងយកទៅទិញសម្លៀកបំពាក់ តុបតែងកាយឲ្យស្អាតចុះ ល្ងាចនេះ សង្សានាងនឹងត្រឡប់ មករកនាងជាមិនខាន។
ពិតដូចជាអ្វី ដែលគ្រូស្នេហ៍និយាយមែន ព្រោះបុរស ដែលនាង«ព្រះច័ន្ទ - La Lune» គិតពីពេលមុន ថាជាម្ចាស់កំពូលដួងចិត្តនោះ បានត្រឡប់មករកនាងមែន។ តែពេលនេះ បុរសនេះលែងជា«ម្ចាស់កំពូលស្នេហ៍ស្និត» របស់នាងនោះទៀតហើយ។ នាង«ព្រះច័ន្ទ - La Lune» នៅចាំសម្តីទាំងប៉ុន្មានរបស់គ្រូស្នេហ៍ ហើយយកមកពិចារណា ជាមួយបុរសម្នាក់នេះដោយស្មារតីរឹងមាំ។ ដោយសារអ្វី? ព្រោះបុរសនេះ ធ្លាប់បានក្បត់ចិត្តនាងម្តងរួចទៅហើយ៕
កំណត់សម្គាល់៖ អត្ថបទនេះ ជាការដកស្រង់ ចេញពីការថ្លែងរៀបរាប់ របស់នាង «ព្រះច័ន្ទ - La Lune» នៅលើបណ្ដាញសង្គម ដែលជាបទពិសោធន៍ដ៏ល្អមួយ សម្រាប់រាល់យុវវ័យគ្រប់រូប។ ប៉ុន្តែទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ តាមរយៈអ្នកនិពន្ធរបស់ខ្លួន បានធ្វើការកែសម្រួល និងបន្ថែមបន្ថយពាក្យពេជ្រ ដើម្បីឲ្យអត្ថបទ កាន់តែមានមនោរម្មណ៍ ស្រួលអាន និងងាយយល់។
» ចំណងដៃចុងក្រោយ ជាមួយនឹងចម្រៀង «បងជាអ្នកធ្វើឲ្យខ្ញុំយំ» បកស្រាយដោយនាង រស់ សេរីសុទ្ធា៖