ផៃ ស៊ីផាន៖ សូម សម រង្ស៊ី មេត្តា​បង្ហាញ​ផែនទី​ជា​សាធារណៈ​មក

ស្របពេលដែលតំណាងរាស្រ្ត មកពីគណបក្សសង្គ្រោះជាតិ តែងប្រកាសជារឿយៗ ពីផែនទីព្រំដែន រវាង​កម្ពុជា​-វៀតណាម ដែលបានថតចម្លង ពីប្រទេសបារាំងនោះ នៅមិនទាន់បង្ហាញជាសាធារណៈនៅឡើយ លោក ផៃ ស៊ីផាន អ្នកនាំពាក្យ ទីស្តីការគណរដ្ឋមន្រ្តីឯណេះវិញ បានទាមទារឲ្យប្រធានគណបក្សប្រឆាំង ឆាប់​បង្ហាញ​ផែនទី​នោះ បើទុក​ខ្លួន​ជា​កូន​ប្រុស។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញ ថ្ងៃទី២១ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 22, 2015
  • ប្រធានបទ: ព្រំដែន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើមានផែនទី ហេតុអ្វីក៏មិនប្រកាសចេញជាផ្លូវការ? តែផ្ទុយទៅវិញ គណបក្សសង្គ្រោះជាតិ ហាក់ដូចជាកំពុង​ប្រើ​ស្រមោល នៃផែនទីទាំងនេះ ដើម្បីជាកលឧបាយអ្វីមួយ។ នេះជាអ្វី ដែលគេអាចអានបាន នៅលើ​គណនេយ្យ​ហ្វេសប៊ុក របស់លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ទីស្ដីការគណរដ្ឋមន្ត្រី ដ៏ល្បី​ឈ្មោះ ដែល​ស្នើសុំឲ្យប្រធានគណបក្សសង្គ្រោះជាតិ គួរតែមានសេចក្ដី«ថ្លៃថ្នូ» បង្ហាញផែនទី ដែល​គណបក្ស​នេះ​ប្រកាស​ថា ខ្លួនមានពីប្រទេសបារាំង។

លោក ផៃ ស៊ីផាន បានសរសេរ នៅលើជញ្ជាំងគណនេយ្យហ្វេសប៊ុក របស់លោកថា៖ «ឯកឧត្តម សម រង្ស៊ី ត្រូវតែមានសេចក្តីក្លាហាន និងសុចរិត»។ លោកបានសរសេរបន្តថា៖ «ការបង្ហាញផែនទីរបស់ ឯកឧត្តម សម រង្ស៊ី ជាកាតព្វកិច្ច និងសេចក្តីថ្លៃថ្នូរ ក្នុងការបង្ហាញផែនទីអ្វី ដែលជាអំណៈអំណាង និងអ្វី ដែលបង្កឲ្យប្រជា​ពលរដ្ឋខ្មែរ ដែលលោកខំយ៉ាងសស្រាក់សស្រាំ ក្នុងការតាមដាន ក៏ដូចជាចុះទៅជាក់ស្តែង ដល់កន្លែង ដែល​ឯកឧត្តម​តំណាងរាស្ត្រ របស់ CNRP នាំទៅរហូត ដល់មានគ្រោះថ្នាក់ ពីការប៉ះគ្នា ជាមួយវៀតណាម និងក្របី​វ័ធ»។

យ៉ាងណា មន្រ្តីរូបនេះបានបង្ហាញថា អ្វីៗដែលកើតមានកន្លងមកនេះ ជាផែនការ និងការរៀបចំឡើង ដោយ​ប្រធានគណបក្សសង្គ្រោះជាតិ ដោយមិនបានស្តាយពីពេលវេលា មាសប្រាក់ និងកម្លាំងឡើយ ដើម្បីសម្រេច​បាននូវ «ចលនាមហាជន» ក្នុងការទម្លាក់កំហុស មកលើរដ្ឋាភិបាល ក៏ដូចជាគណបក្សកាន់អំណាចថា បាន​ប្រើ​ប្រាស់នូវផែនទីក្លែងបន្លំ ដើម្បីវាស់វែងព្រំដែនកម្ពុចា-វៀតណាម រហូតមកដល់ពេលនេះ។

កន្លងមក លោក សម រង្ស៊ី ធ្លាប់បានថ្លែងថា ផែនទីដែលលោកទទួលពីប្រទេសបារាំងនោះ និងជូនដល់​រដ្ឋាភិបាល​តាមតម្រូវការ ជាមួយនឹងការផ្ទៀតផ្ទាត់ តាមរយៈអ្នកជំនាញបច្ចេកទេសខាងផែនទី ព្រមទាំងការ​ចូលរួមអង្កេត ដោយតម្លាភាព ស្មើរភាព ពីសំណាក់គណបក្ស ដែលមានអសនៈក្នុងរដ្ឋសភា និងអង្គការ​សង្គម​សង្គមស៊ីវិលជាតិ និងអន្តរជាតិ។

ជាមួយគ្នានេះ តំណាងរាស្រ្ត មកពីគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ទាំងលោក រៀល ខេមរិន្ទ្រ ដែល​សកម្ម ក្នុងការព្យាយាម ឲ្យមានការបង្ហាញនូវផែនទី ដែលបានបោះបង្គោលព្រំដែន កម្ពុជា-វៀតណាម ដែល​មានក្នុងដៃរដ្ឋាភិបាល មកផ្ទៀងផ្ទាត់នឹងផែនទី ដែលតំកល់ទុក នៅអង្គការសហប្រជាជាតិ។

លោករដ្ឋលេខាធិការ ផៃ ស៊ីផាន បានចាត់ទុក ការលើកឡើងរបស់លោក សម រង្ស៊ី ពាក់ព័ន្ធនឹងព្រំដេននេះថា ជាការបង្កើតព័ត៌មានមួយ ដែលបានធ្វើឲ្យសាធារណៈជន មានមន្ទិល និងចោទរដ្ឋាភិបាលថា ប្រើប្រាស់ផែនទី មិនត្រឹមត្រូវប្រាកដមែន។ លោក ស៊ីផាន បានសរសេរទៀតថា៖ «ការបង្កើតព័ត៌មានរបស់ ឯកឧត្តម សម រង្ស៊ី រហូតដល់មានចលនាមហាជន ទាំងស្មារតី និងសកម្មភាព គឺទទួលផលពីអំណះអំណាង និងយុទ្ធនាការ របស់​ឯកឧត្តម ប្រធានគណបក្ស CNRP ដែលធ្វើឲ្យសាធារណៈជន មានមន្ទិល និងចោទរាជរដ្ឋាភិបាលថា ប្រើ​ប្រាស់​ផែនទីមិនត្រឹមត្រូវ ឬក្លែងបន្លំមកដល់ថ្ងៃនេះ»។

លោកថា មកទល់ពេលនេះរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយលោក ហ៊ុន សែន បានបង្ហាញផែនទី​ជា​សាធារណៈ នូវអ្វីដែលរដ្ឋាភិបាល បានប្រើប្រាស់។ លោកបន្តថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រឹង​ប្រែង ស្វែងរកកិច្ចសហការ ពីប្រទេសធំៗមួយចំនួន ក្នុងកិច្ចការអន្តរជាតិ ក៏ដើម្បីជាប្រយោជន៍ការពារជាតិ និងការពារបូរណភាពទឹកដីកម្ពុជាដែរ។

លោកបានចាត់ទុកសកម្មភាព របស់គណៈបក្សប្រឆាំង ដែលដឹកនាំដោយលោក សម រង្ស៊ី បាននឹងកំពុង​«បង្កើត​ព័ត៌មាន» ដែលធ្វើឲ្យរាស្រ្តមិនស្ងប់ចិត្ត ព្រោះតែទាក់ទាញ ការចាប់អារម្មណ៍ ពីប្រជាពលរដ្ឋ​ទាំងនោះ​ប៉ុណ្ណោះ។ លោកបានសរសេរទៀតថា៖ «ការបង្កើតព័ត៌មាន ធ្វើឲ្យមជ្ឈដ្ឋានសាធារណៈមិនស្ងប់ចិត្ត រង់ចាំ​មើល​ផែនទីរបស់ ឯកឧត្តម សម រង្ស៊ី ដែលអាចជាមន្ទិល និងជាករណីនៃការទាក់ទាញ សាមានចិត្ត ប្រជា​ពលរដ្ឋ​ប៉ុណ្ណោះ គឺមិនមែនចូលរួមពិតប្រាកដ ក្នុងការដោះស្រាយ រឿងព្រំដែននោះឡើយ។ តើនេះជាការពិតមែនទេ?»

លោកបានលើកឡើងថា លោក សម រង្ស៊ី ធ្លាប់បានទទួលរួចមកហើយ នូវការចោទប្រកាន់ និងវិនិច្ឆ័យ​ដោយ​តុលាការ ពីបទ«ក្លែងបន្លំឯកសារ»ដែរ។ លោកថា បើលោក សម រង្ស៊ី នៅមិនបញ្ចេញឯកសារទាំងនោះទេ មាន​ន័យថា ទាំងនោះអាចជាឯកសារក្លែងក្លាយជាលើកទីពីរ ព្រោះតែគោលបំណង ចង់វាយប្រហារ មកលើ​រដ្ឋាភិបាល​តែមួយមុខប៉ុណ្ណោះ។

អ្នកនាំពាក្យទីស្ដីការគណរដ្ឋមន្ត្រី បានថ្លែងឡើងថា៖ «តើពេលនេះ ផែនទីនៅក្នុងដៃរបស់ ឯកឧត្តម អាចជា​ឯកសារក្លែងក្លាយលើកទីពីរ ដើម្បីវាយប្រហារ ឬចលនាមហាជន ដើម្បីថ្កោលទោសរាជរដ្ឋាភិបាល ឬមួយ​ជា​ការចូលរួមចំណែក ការពារទឹកដី?។ ឬមួយយកករណីផែនទីនេះ ជាករណីចលនាមហាជន ក្នុងការបង្កើតរដ្ឋ​នៅក្នុងរដ្ឋ ត្បិតនីតិរដ្ឋ និងរដ្ឋធម្មនុញ្ញកម្ពុជា មានចែងច្បាស់ អំពីអំណាចរដ្ឋ របស់ស្ថាប័ននីមួយៗរួចហើយ។ ការជំរុញចលនាមហាជន ដែលដឹកនាំដោយតំណាងរាស្ត្រ របស់ ឯកឧត្តម ចុះ ទៅទស្សនាបង្គោលព្រំដែន ឬមួយជាការទៅពិនិត្យព្រំដែន ដែលត្រូវតែឈរ លើផែនទីផ្លូវការជាមូលដ្ឋាន ឬឯកសារណាមួយ ជាផ្លូវការ​របស់​រដ្ឋ និងតាមរយៈយន្តការរបស់រដ្ឋ ដែលទទួលស្គាល់ ជាលក្ខខណ្ឌអន្តរជាតិ រវាងកម្ពុជា វៀតណាម។ សូម ឯកឧត្តម មេត្តាបង្ហាញផែនទីជាសាធារណៈមក!»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...