យុវតីមានវិបត្តិផ្លូវចិត្ត អង្គុយនិយាយពីគ្រួសារនាងមិនឈប់!
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ២១ កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 22, 2015
- ប្រធានបទ: សុខភាព
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បញ្ហាគ្រួសារ បានធ្វើឲ្យយុវតី អាយុ២០ឆ្នាំម្នាក់នេះ រងនឹងវិបត្តិផ្លូវចិត្ត ម្ដងសើច ម្ដងយំ ម្ដងឈឺ ម្ដងជា... តើបញ្ហាគ្រួសាររបស់នាង មានទំងន់ដល់កម្រិតណាទៅ ទើបបណ្ដាលឲ្យយុវតី ដែលមានឈ្មោះថា មាលា ម្នាក់នេះ ធ្លាក់ខ្លួនដល់កម្រិតនេះ? អ្នកសារព័ត៌មានទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ បានសាកល្បងចូលទៅជិតនាង ដើម្បីចង់ដឹងពីបញ្ហានេះ។
មាលា មានស្រុកកំណើតនៅភូមិបូស ខេត្តកំពង់ធំ ហើយមិនមែនទើបនឹងចាកចេញ ពីផ្ទះក្នុងពេលថ្មីនេះទេ តែតាំងពី៣ឆ្នាំមកហើយ ពោលគឺតាំងពីនាង ទើបនឹងមានអាយុ១៧ឆ្នាំម្លេះ។ នាងបានរៀបរាប់ ទាំងភាពភ័យខ្លាច ដូចជានរណាម្នាក់ មកចាប់នាងថា មូលហេតុដំបូង គឺម្តាយរបស់នាងមានស្វាមីថ្មី ហើយធ្វើបាបនាង យកលុយកាក់ពីនាងអស់ ហើយដេញចេញពីផ្ទះ។
យុវតី បានរៀបរាប់បន្ថែមទៀតថា សព្វថ្ងៃនាងមានជម្ងឺម្យ៉ាង នាងខំព្យាយាមរកលុយព្យាបាល តែមិនទាន់ជា។ នាងបានប្រាប់ឈ្មោះឪពុកម្តាយ ទាំងអាការៈភ្លេចភ្លាំងថា ឪពុកឈ្មោះ ភាជន៍ ម្តាយឈ្មោះ លីស ពួកគាត់កំពុងរស់នៅខេត្តកំពង់ធំ ជាមួយប្អូនៗ៤នាក់។ ស្ត្រីរូបនេះបានបង្ហើបទៀតថា បញ្ហាគ្រួសារនាងធំបំផុត ដែលឈានដល់ការបែកបាក់កូនចៅនេះ គឺដោយសារម្តាយនាងមានស្វាមីទីបី ហើយធ្វើបាបកូន។
វិបត្តិផ្លូវចិត្ត (ឬជំងឺបាត់បង់ស្មារតី) បានធ្វើឲ្យយុវតី មានការភិតភ័យ និយាយហាក់ដូចជា មាននរណាម្នាក់ ឬខ្មោចព្រាយបីសាច មកចាប់យកនាងទៅ។ នាងបាននិយាយថា៖ «បើខ្ញុំដេក អ៊ុំខ្ញុំមកដកព្រលឹងខ្ញុំ ទៅបាត់មិនខាន»។ ហើយ មាលា ក៏មិនបានចូលរកកន្លែងសម្រាកដែរ បើទោះជាមានយាយជី តាជី នៅវត្តស្ទឹងមានជ័យ ជួយរកកន្លែងបាន សម្រាប់ឲ្យនាងសម្រាកក៏ដោយ។
បន្ទាប់ពីគ្មានអ្នកណា អាចឃាត់ហាមស្រ្តីម្នាក់នេះ មិនឲ្យឈប់និយាយបាន ដូនជីម្នាក់ បានទូរស័ព្ទទៅស្ថានីយិ៍វិទ្យុ ABCកម្ពុជា ដើម្បីយកទៅស្នាក់អាស្រ័យ និងប្រកាសរកបងប្អូន។ ភ្លាមៗនោះ មានឡានមួយគ្រឿងពណ៍ស ស្លាកលេខ ភ្នំពេញ ២U-៤៧៣៨ បានមកទទួលយុវតី រូបនេះចេញទៅ។ ឡានខាងលើ មិនមានបិទស្លាកសំគាល់ ថាជារបស់វិទ្យុ ABCកម្ពុជា ឬជារបស់អង្គការណាមួយ នោះទេ។
ចំពោះហេតុការណ៍ ដែលនាងបាននិយាយខាងលើ កំពុងត្រូវបានទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ស្វែងអំណះអំណាងផ្សេងទៀត ជាពិសេសពីសំណាក់គ្រួសាររបស់នាង តែនៅមិនទាន់រកគ្រួសារនាងឃើញនៅឡើយ។ ទស្សនាវដ្ដីក៏កំពុងស្វែងរកការបកស្រាយផងដែរ ពីមន្ត្រីអាជ្ញាធរ និងពីមន្ទីរសង្កមកិច្ចរាជធានី ជុំវិញបញ្ហារបស់យុវតី មាលា ក៏ដូចជាបញ្ហារបស់ពលរដ្ឋផ្សេងទៀត ដែលមានវិបត្តិផ្លូវចិត្ត ប្រហាក់ប្រហែលគ្នានេះ ហើយនឹងធ្វើការចុះផ្សាយ នៅក្នុងអត្ថបទលើកក្រោយរបស់ខ្លួន៕