ចាក់ស្រាវិស្គីជាង៥០°ឲ្យទារកបៅ ព្រោះចង់ឲ្យកូនបាត់ឈឺធ្មេញ
- ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១៥ វិច្ឆិកា ២០១៥
- កែប្រែចុងក្រោយ: November 16, 2015
- ប្រធានបទ: សុខភាព
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ស្ត្រីជាម្ដាយជាតិអាមេរិកាំងម្នាក់ អ្នកស្រី ឡូរី សេផាដ (Lori Sheppard) អាយុ២៨ឆ្នាំ ត្រូវបានចោទប្រកាន់ ពីបទទុកឲ្យកូនរបស់ខ្លួន ប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិត។ កាលពីសប្ដាហ៍មុន ស្ត្រីវ័យក្មេង ដែលរស់នៅក្នុងក្រុង «Little Rock» នៃរដ្ឋ «Arkansas» រូបនេះ ទំនងជាធុញទ្រាន់ នឹងស្ដាប់សម្លេងយំ របស់ទារកអាយុ១០ខែ របស់ខ្លួនតទៅទៀត ដោយហេតុថា ទារកតូចមួយនេះ ដល់វ័យត្រូវដុះធ្មេញ ហើយថ្នាំបន្ថយការចុកចាប់ ដូចយ៉ាង «Paracétamol» ជាដើម មិនអាចជួយឲ្យទារកស្រាកស្រាន្ដ ពីការឈឺចុកពើតបានឡើយ។
នៅពេលនោះ ម្ដាយរបស់អ្នកស្រី ឡូរី បានផ្ដល់ដំបូន្មានឲ្យកូនស្រីខ្លួន សាកល្បងទម្លាប់មួយ ក្នុងគ្រួសារ ដែលបន្សល់ទុក តាំងពីប៉ុន្មានជំនាន់មកហើយ នោះគឺដាក់ស្រា លាបពីលើអញ្ចាញធ្មេញ របស់ទារក ដែលជាចៅរបស់គាត់ (កំណត់សម្គាល់ របស់ការិយាល័យនិពន្ធ៖ សូមកុំធ្វើតាមឲ្យសោះ ព្រោះគ្មានការអះអាង ថាទង្វើនេះពិតជាជាសម្រាន្ដការឈឺចាប់ ដែលចេញពីការដុះធ្មេញ របស់ទារកនោះទេ)។ អ្នកស្រី ឡូរី សេផាដ បានឮដូច្នេះហើយ តែប្រហែលជាយល់មិនបានច្បាស់ ក៏បានចាក់ស្រាវីស្គី ដែលមានកម្រិតខ្លាំងជាង ៥០អង្សា ដាក់ចូលទៅក្នុងដបបំបៅទារក ហើយយកទៅឲ្យកូនអ្នកស្រីបៅ។ នេះបើតាមរបាយការណ៍មួយ របស់ទូរទស្សន៍អាមេរិក «FOX 29»។
បន្ទាប់ពីបានបញ្ច្រកកូន និងទុកកូននៅក្នុងសួនច្បារមួយសន្ទុះ ស្ត្រីជាម្ដាយវ័យក្មេង បានត្រឡប់មកមើលកូនវិញ ឃើញទារកដ៏តូចរបស់ខ្លួន លែងកម្រើកដឹងខ្លួនរួចទៅហើយ។ នាងបានស្ទុះស្ទារ យកទារកទៅផ្នែកសង្គ្រោះបន្ទាន់ នៅឯមន្ទីរពេទ្យ។
នៅទីនោះ ក្រុមគ្រូពេទ្យបានរកឃើញ ថានៅក្នុងឈាមរបស់ទារក មានកម្រិតជាតិអាល់កុល ដល់ទៅ០,១៩ក្រាម។ នៅចំពោះការសាកសួរ របស់អ្នកស៊ើបសួររបស់អាជ្ញាធរ អ្នកស្រី ឡូរី បានទម្លាក់កំហុស ទៅលើកុមារម្នាក់ ដែលជាកូនប្រុសរបស់បងថ្លៃរបស់ខ្លួន។ ប៉ុន្តែនៅទីបំផុត នាងបានសារភាពកំហុស ដែលនាងប្រព្រឹត្តិនេះ នៅបន្ទាប់ពីប្ដីរបស់នាង បាននិយាយប្រាប់អ្នកស៊ើបអង្កេតដែរ ថាខ្លួនបានទុកស្រាវីស្គីអាមេរិកមួយដប នៅក្នុងទូទឹកកក។
ស្ត្រីជាម្ដាយ ត្រូវបានអាជ្ញាធរចាប់ដាក់ឃុំ ហើយថ្លៃប្រាក់កក់ ដើម្បីអាចនៅក្រៅឃុំជាបណ្ដោះអាសន្ន ត្រូវបានកំហិតរហូតដល់ ១០ ០០០ដុល្លា។ រីឯកូនទាំងបីនាក់របស់នាង ក្នុងនោះមានទាំងទារករងគ្រោះ ដែលបានជួយឲ្យរួចជីវិតផង ត្រូវបានប្រគល់ទៅឲ្យផ្នែកសង្គមកិច្ច ដើម្បីបីបាច់ថែរក្សា ក្នុងរយៈពេលរងចាំ ការសម្រេចរបស់តុលាការ៕