ភេរវកម្មនៅប៉ារីស៖ បារាំងប្រកាស«សង្គ្រាម» ប្រឆាំង ISIS
- ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី១៥ វិច្ឆិកា ២០១៥
- កែប្រែចុងក្រោយ: November 15, 2015
- ប្រធានបទ: ភេរវកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«ពិតហើយ យើងកំពុងធ្វើសង្គ្រាម» នេះជាការប្រកាសឲ្យដឹង នៅតាមកញ្ចក់ទូរទស្សន៍ «TF1» របស់លោកនាយករដ្ឋមន្ត្រី ម៉ានុយអែល វ៉ាល (Manuel Valls)។ លោក បានថ្លែងបន្តថា៖ «យើងនឹងចាត់នូវវិធានការ យ៉ាងពិសេសៗ។ យើងនឹងឆ្លើយតប ហើយយើងនឹងបើកការវាយប្រហារ ប្រឆាំងក្រុម ជីហាដ (jihad ដែលមានន័យថា កងស្ម័គ្រប្រយុទ្ធ ដើម្បីព្រះឡាហ៍) ទាំងនេះ ដើម្បីកំទេចវាឲ្យអស់ ពីប្រទេសបារាំង ទ្វីបអ៊ឺរ៉ុប ប្រទេសស៊ីរី និងពីប្រទេសអៀរ៉ាក់។»
លោក វ៉ាល បានអះអាងទៀតថា ការវាយបកតបតររបស់បារាំង នឹងមានកម្រិតដូចគ្នា ទៅនឹងការវាយប្រហារភេរវកម្ម មកលើប្រទេសបារាំង ហើយបានសន្យាថា៖ «យើងនឹងឈ្នះសង្គ្រាមនេះ។ (...) យើងបានដឹង និងនិយាយគ្នា ជាមុនហើយថា នឹងមិនអាចជៀស ពីហនិភ័យបានទេ។»
កាលពីព្រឹកថ្ងៃសៅរ៍ ក្រុមរដ្ឋអ៊ីស្លាមបានចេញមុខ មកប្រកាសទទួលស្គាល់ តាមគេហទំព័រផ្លូវការរបស់ខ្លួន ថាក្រុមខ្លួនពិតជានៅពីក្រោយ ភេរវកម្មដ៏គួរឲ្យតក់ស្លុត កណ្ដាលរដ្ឋធានី ប៉ារីស ក្នុងយប់ថ្ងៃសុក្រ។ នៅចំពោះការប្រកាសទទួលស្គាល់ របស់ក្រុមរដ្ឋអ៊ីស្លាមនេះ លោកនាយករដ្ឋមន្ត្រី បានថ្លែងពន្យល់ថា៖ «ក្រុមនេះបានរៀបចំគម្រោង យ៉ាងហ្មត់ចត់ ព្រោះជាកងកម្លាំងប្រដាប់អាវុធមួយ ដែលមានបំណងតាំងពីច្រើនឆ្នាំមកហើយ ក្នុងការវាយប្រហារប្រទេសបារាំង។ នោះ ដោយសារតែប្រទេសបារាំង ជាប្រទេសប្រជាធិបតេយ្យ ជាប្រទេសដែលនៅឈរជានិច្ច ជាប្រទេសសេរី។»
«សត្រូវរបស់យើង គឺក្រុមស្ម័គ្រប្រយុទ្ធ នៃរដ្ឋអ៊ីស្លាម។ ខ្ញុំដឹងថា ពលរដ្ឋបារាំងទាំងអស់ នឹងរួមគ្នាជាធ្លុងមួយ នៅជុំវិញចំណាត់ការ របស់រដ្ឋាភិបាល។ (...) យើងត្រូវកំទេច រាល់ខ្មាំងសត្រូវទាំងអស់ ដែលប្រឆាំង នឹងសាធារណរដ្ឋនៃយើង។ ពលរដ្ឋបារាំង ត្រូវតែរឹងមាំ។»
តុល្យភាពផ្លូវការចុងក្រោយ ក្រោយការវាយប្រហារភេរវកម្ម កាលពីយប់ថ្ងៃសុក្រ ដែលប្រកាសដោយលោក ហ្វ្រង់ស៊័ ម៉ូឡាំង (François Molins) រដ្ឋអាជ្ញាបារាំង ប្រចាំរដ្ឋធានី បានឲ្យដឹងថា ជនរងគ្រោះដល់ជីវិត មានចំនួន១២៩នាក់ និងជនរងរបួស មានចំនួន៣៥២នាក់ ក្នុងនោះ ៩៩នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ៕