«ចាំ​មើល​ទៅ តើ​នឹង​មាន​អ្វី​កើត​ឡើង ចំពោះ​យន្ដហោះ AF 1741»

បន្ទាប់ពីការវាយប្រហារ ភេរវកម្ម នៅកណ្ដាលរដ្ឋធានីប៉ារីស ជនអនាមិកម្នាក់ ដែលទំនង​ជា​ស្និត​នឹង​ក្រុម​រដ្ឋ​អ៊ីស្លាម បាន​បង្ហោះ​សារ​គម្រាម​ ទៅ​លើ​ជើង​ហោះហើរមួយ ដែលនឹង​ភ្ជាប់​រាជធានី នៃ​ប្រទេស​ហូឡង់ មកកាន់រដ្ឋធានី នៃ​ប្រទេស​បារាំង។ ការ​គម្រាម ដែល​អាជ្ញាធរ​ហូឡង់ ចាំបាច់​ត្រូវធ្វើ​ប្រតិកម្ម។
Loading...
  • ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី១៥ វិច្ឆិកា ២០១៥
  • កែប្រែចុងក្រោយ: November 15, 2015
  • ប្រធានបទ: គ្រោះអាកាស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នកដំណើរ នៅលើយន្ដហោះអ៊ែរប៊ូស (A 321) របស់ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរហ្វ្រង់ (Air France) របស់​បារាំង ត្រូវបានជម្លៀសចេញជាបន្ទាន់មួយ ដើម្បីធ្វើការឆែកឆេរយន្ដហោះនេះ នូវគ្រប់​កន្លៀតក្រហែង​ទាំង​អស់ ខណៈយន្ដហោះហៀបងើបខ្លួន ហោះចេញពីរាជធានី អាមស្ទែដាម (Amsterdam) ប្រទេស​ហូឡង់ ឆ្ពោះ​មកកាន់រដ្ឋធានីប៉ារីស ប្រទេសបារាំង។ ហេតុការណ៍ បានកើតឡើង នៅថ្ងៃ​សៅរ៍ទី១៤ ខែវិច្ឆិកា​ម្សិល​ម៉ិញ បន្ទាប់ពីសារគម្រាមមួយ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម ទ្វីសធើរ (Twitter) គម្រាម​ដោយ​ផ្ទាល់ ទៅ​លើ​ជើង​ហោះហើរ នៃយន្ដហោះនេះ។

ដោយបារម្ភ ខ្លាចមានការជាប់ទាក់ទង នឹងការវាយប្រហារភេរវកម្ម កាលពីយប់ថ្ងៃសុក្រ នៅកណ្ដាល​រដ្ឋធានី​ប៉ារីសនោះ អ្នកនាំពាក្យនគរបាល នៃប្រទេសហូឡង់ លោក ឌឺនីស មូល័រ (Dennis Muller) បាន​ថ្លែង​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មានបារាំង (AFP) ថា៖ «យើងត្រូវយកការគម្រាមនោះ មកពិនិត្យឲ្យបានហ្មត់ចត់ ហើយ​បាន​សម្រេច​ចិត្ត ជម្លៀសអ្នកដំណើរចេញ ដើម្បីធ្វើការឆែកឆេរ គ្រប់កន្លែងទាំងអស់ នៅក្នុងតួយន្ដហោះ។»

ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរហ្វ្រង់ បានបញ្ជាក់ នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា យន្ដហោះ ដែល​មាន​ជើងហោះហើរឈ្មោះ «AF 1741» នឹងត្រូវមកចុះចត នៅព្រលានយន្ដហោះ «Roissy-​Charles-​de-​Gaulle» នៃរដ្ឋធានីប៉ារីស នៅវេលាម៉ោងប្រមាណជា ១៤ និង៤៥នាទី។ ការគម្រាមនោះ ត្រូវបានធ្វើឡើង ជា​លក្ខណៈ​អនាមិក នៅបណ្ដាញសង្គម ទ្វីសធើរ។ អ្នកដំណើរទាំងអស់ ត្រូវបានអញ្ជើញឲ្យចុះពីយន្ដហោះ ក្រោម​ការ​ទទួល​ខុសត្រូវរបស់បុគ្គលិករបស់ក្រុមហ៊ុន ប្រចាំនៅអាមស្ទែដាម ដើម្បីទុកឲ្យអាជ្ញាធរជំនាញ របស់ហូឡង់ ធ្វើការត្រួតពិនិត្យយន្ដហោះ ឲ្យបានល្អិតល្អន់។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន បានថ្លែងឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ បានដឹងរឿងនេះជាមុន ហើយបាន​រាយ​ការណ៍ ប្រាប់ទៅនាយកដ្ឋានសន្តិសុខ របស់ព្រលានយន្ដហោះ ក្នុងប្រទេសហូឡង់ និងក្រុមបុគ្គលិក នៅ​លើ​យន្ដហោះ។ ប៉ុន្តែការឆែកឆេរ មិនបានរកឃើញអ្វីទេ។ អ្នកដំណើរត្រូវបានអញ្ជើញ ឲ្យចូលយន្ដហោះវិញ មុន​នឹង​ធ្វើការ​ហោះហើរ មកដល់រដ្ឋធានីប៉ារីស ដោយសុវត្ថិភាព។

បន្ទាប់ពីព្រឹត្តិការណ៍ វាយប្រហារភេរវកម្មដ៏រង្គាល នៅកណ្ដាលរដ្ឋធានីប៉ារីស ដែលធ្វើឲ្យមនុស្ស១២៩នាក់ ស្លាប់ និង៣៥២នាក់របួសនោះ ប្រទេសជាច្រើនបានចាត់វិធានការ យ៉ាងតឹងតែង ទាក់ទងនឹងសុវត្ថិភាព និង​សន្តិសុខ​ទូទៅ របស់ពួកគេតែរៀងៗខ្លួន។ ប្រទេសហូឡង់ ក៏ស្ថិតក្នុងចង្កោមប្រទេសទាំនោះដែរ ដោយ​បាន​បង្កើត​ការត្រួតពិនិត្យ តាមបណ្ដោយព្រំដែន ការធ្វើដំណើរតាមយន្ដហោះ និងរថភ្លើង យ៉ាង​ដិត​ដល់​ជា​ទី​បំផុត៕


» ខាងក្រោមនេះ ជាសារគម្រាមរបស់ជនអនាមិកមួយរូប ដែលទំនងជាស្និតនឹងក្រុមរដ្ឋអ៊ីស្លាម៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...