ធ្លាក់​យន្ដហោះ 4U9525 នៅ​បារាំង៖ ប្រអប់​ខ្មៅ​រក​ឃើញ និង​អ្វី​ដែល​គេ​ដឹង

ជាគ្រោះថ្នាក់យន្ដហោះ នៅលើទឹកដីបារាំង ដែលមានទំហំមហន្ដរាយ និងមានមនុស្សស្លាប់ ដ៏ច្រើនជាងគ្រោះថ្នាក់ផ្សេង រាប់ពីច្រើនទសវត្សន៍មកហើយ។ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមធ្វើការបូកសរុបឡើងវិញ ថាតើរហូតមកម៉ោងនេះ គេបានដឹងអ្វីខ្លះ ពីទំហំគ្រោះថ្នាក់នេះ។
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ ៖ សេក មនោរកុមារ ([email protected]) - ភ្នំពេញ ថ្ងៃទី ២៤ មិនា ២០១៥
  • កែប្រែចុងក្រោយ: March 25, 2015
  • ប្រធានបទ: គ្រោះអាកាស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តើយន្ដហោះ អ៊ែរប៊ូស (Airbus A320) ដែលល្បីថា មានសភាពនឹងនរ ជាងយន្ដហោះផ្សេងទៀត ក្នុងលោក អាច​ធ្លាក់​បោក​ខ្លួន រហូតស្លាប់មនុស្សអស់ ១៥០នាក់ យ៉ាងដូចម្ដេច? នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥នេះ យន្ដហោះ របស់​ក្រុមហ៊ុន ហ្សែរមេនវីន (Germanwings) ដែលធ្វើអាជីវកម្មថោកថ្លៃ និងជាផ្នែកមួយ របស់ក្រុមហ៊ុនអាកាសចរណ៍ លូថានស្សា (Lufthansa) ក្រុមហ៊ុនដ៏ធំមួយទៀត របស់អាល្លឺម៉ង់ បានភ្ជាប់ជើងហោះហើរលេខ 4U9525 ពីក្រុង បាសឺឡូន (Barcelone) ប្រទេសអេស្ប៉ាញ ឆ្ពោះទៅ ក្រុង ឌូសែលដ័រ (Düsseldorf) ប្រទេសអាល្លឺម៉ង់ ជាមួយ​នឹងអ្នក​ដំណើរ ១៤៤នាក់ ព្រមទាំងបុគ្គលិកបម្រើលើយន្ដហោះ ៦នាក់។

យន្ដហោះ បានធ្លាក់បោកខ្លួន នៅក្នុងជ្រលងភ្នំ ដែលមានជញ្ជាំងខ្ពស់ៗ ហើយពិបាកនឹងអាចឲ្យគេ ចូលទៅសង្គ្រោះ​បាន ក្រៅតែពីប្រើឧទ្ធម្ភាគចក្រប៉ុណ្ណោះ។ ខាងក្រោមនេះ ជាអ្វីដែលក្រុមអ្នកស៊ើបអង្កេត បានបង្ហាញជាជំហានដំបូង៖

យន្ដហោះប្រើពេល៨នាទីដើម្បីធ្លាក់

បន្ទាប់ពីបានងើបខ្លួនហោះចេញ ពីព្រលានយន្ដហោះក្រុងបាសឺឡូន ប្រមាណជាជាង២០នាទីរួច និងហោះចូល​ក្នុង​លំហ​អាកាសរបស់បារាំង នៅវេលាម៉ោង ១០និង៥៣នាទី យន្ដហោះបានបាត់ខ្លួន ពីប្រព័ន្ធត្រួតពិនិត្យផ្លូវអាកាស របស់​ប្រទេស​បារាំង ខណៈពេលដែលស្ថានភាពឧត្តុនិយម មានលក្ខណៈល្អប្រសើរ។ អ្នកនាំពាក្យរបស់ ក្រុមហ៊ុន​អាកាស​ចរណ៍ បានឲ្យដឹងថា នៅពេលនោះ យន្ដហោះ បានហោះនៅកំពស់ ១៨៣០ ម៉ែត្រ តែបានប្រើពេល ៨នាទី ដើម្បីធ្លាក់​មក​លើ​ជ្រលងភ្នំ។ ចំណុចនេះ បានន័យថាអ្នកបើកបរយន្ដហោះ ព្យាយាមបញ្ជាយានរបស់ខ្លួន កុំឲ្យធ្លាក់មកខ្លាំងពេក ហើយ​មិន​បាន​ចាប់អារម្មណ៍ បញ្ជូនសញ្ញាប្រកាសអាសន្ន មកដីទេ។

តើបញ្ហានេះ អាចបណ្ដាលមកពី កង្វះសម្ពាធ នៅក្នុងយន្ដហោះ? យ៉ាងណាក៏ដោយ ក៏ប្រអប់ខ្មៅទីមួយ ក្នុងចំណោម​ប្រអប់​ខ្មៅ​ទាំងពីរ ត្រូវបានគេរកឃើញហើយ កាលពីព្រលប់ថ្ងៃដដែល ដើម្បីឲ្យក្រុមអ្នកស៊ើបអង្កេត អាចដឹងពីការពិត ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ។

យន្ដហោះនៅសល់តែបំណែកតូចៗ ខ្ទេច!

យន្ដហោះ ដែលមានអាយុជិត២៥ឆ្នាំមកហើយ  ទើបនឹងត្រូវបានពិនិត្យឡើងវិញ ទាំងស្រុង កាលពីរដូវក្ដៅ​ឆ្នាំ​២០១៣។ នេះបើតាមក្រុមហ៊ុន ហ្សែរមេនវិន។ យន្ដហោះ បានធ្លាក់បោកខ្លួន នៅលើផ្ទាំងថ្មភ្នំធំៗ ដែលស្ថិតនៅកំពស់​ប្រមាណជា ១៥០០ម៉ែត្រ នៃតំបន់ជួភ្នំអាលព៍ (Alpes) ភាគខាងត្បូង នៃប្រទេសបារាំង។ រូបភាពដែលផ្ដល់ដោយ ក្រុម​អ្នក​ជិះ​ឧទ្ធម្ភាគចក្រ បានបង្ហាញថា តួយន្ដហោះទាំងមូល បានបែកខ្ចាត់ខ្ចាយ មើលមិនដឹងជាយន្ដហោះ នៅក្នុងរង្វង់ដី​ច្រើន​រយ​ម៉ែត្រ។ តាំង​ពីរសៀលមកម្លេះ អាជ្ញាធរបារាំង បានអះអាងថា គ្មានអ្នករួចរស់ណាម្នាក់ នៅរស់រានមានជីវិតទេ។

បារាំងដាក់មធ្យោបាយ ដ៏ធំមួយ ដើម្បីជួយសង្គ្រោះ

ជាការងារដែលបារាំងខ្លួនឯង ធ្លាប់ជួបលើកមុនៗរួចហើយ ពីករណីធ្លាក់យន្ដហោះ របស់ក្រុមហ៊ុនផងខ្លួន។ ប៉ុន្តែនៅ​លើក​នេះ មធ្យោបាយដ៏សម្បើមមួយ ត្រូវបានដាក់ឲ្យដំណើរការ ដោយខ្លាចស្ថានភាពឧត្តុនិយម អាចនឹងផ្លាស់ប្ដូរ ក្នុង​ពេលដ៏ខ្លីខាងមុខ។ លានជួយសង្គ្រោះមួយ ត្រូវរៀបចំសាងសង់ឡើងភ្លាមៗ នៅក្នុងក្រុងតូចមួយ ចំងាយប្រមាណ​ជា​១០គីឡូម៉ែត្រ ពីកន្លែងមានគ្រោះថ្នាក់។ ក្រសួងមហាផ្ទៃបារាំង បានឲ្យដឹងថា អ្នកជួយសង្គ្រោះ ច្រើនជាង៣០០នាក់ នគរបាល និងទាហាន ដែលអាចរាប់ចំនួនច្រើនជាង១០០០នាក់ ត្រូវបានបញ្ជូនទៅ ធ្វើការជួយសង្គ្រោះ។ នេះគេនៅ​មិន​ទាន់រាប់ ទាំងមន្ត្រីយុត្តិធម៌ និងអ្នកជំនាញខាងការស៊ើបអង្កេត គ្រោះថ្នាក់យន្ដហោះ ដែលត្រូវបានបញ្ជូន ពី​រដ្ឋធានី​ប៉ារីស នោះផង។

អាល្លឺម៉ង់ និងអេស្ប៉ាញ កាន់ទុក្ខ

អ្នកស្រី អេជឺឡ ម៉ែកែល (Angela Merkel) អគ្គទេសាភិបាលអាល្លឺម៉ង់ បានថ្លែងថា អ្នកស្រីបានញាប់ញ័រ នៅចំពោះ​ហេតុការណ៍នេះ ហើយថាអ្នកស្រី នឹងទៅឲ្យដល់កន្លែង ដែលធ្លាក់យន្ដហោះនេះ ជាមួយនាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក ម៉ារីយ៉ាណូ រ៉ាហ័យ (Mariano Rajoy) អមដំណើរដោយ លោកប្រធានាធិបតីបារាំង ហ្វ្រង់ស៊័រ ហូឡង់ (François Hollande) នៅថ្ងៃស្អែក។ ព្រះរាជាអេស្ប៉ាញ ដែលកំពុងបំពេញព្រះរាជទស្សនកិច្ច ផ្លូវរដ្ឋនៅក្នុងប្រទេសបារាំង ក្នុង​ថ្ងៃ​អង្គារនេះ បាន​លុបចោល ព្រះរាជដំណើរនេះភ្លាម ដើម្បីបានយាង វិលត្រឡប់ទៅកាន់ព្រះរាជាណាចក្រ របស់​ទ្រង់​វិញ។ ប្រទេស​អេស្ប៉ាញ ក៏ដូចជាប្រទេសអាល្លឺម៉ង់ បានប្រកាសកាន់ទុក្ខ ជាផ្លូវរដ្ឋ ចំនួនបីថ្ងៃ។

បើតាមព័ត៌មានចុងក្រោយ ក្នុងយប់ថ្ងៃអង្គារ បានឲ្យដឹងថា យន្ដហោះ បានដឹកអ្នកដំណើរអាល្លឺម៉ង់ ៦៧នាក់ ក្នុងនោះ ១៦នាក់ ជាកូនសិស្ស ដែលធ្វើការផ្លាស់ប្ដូរការសិក្សា ជាមួយប្រទេសអេស្ប៉ាញ អ្នកដំណើរជនជាតិអេស្ប៉ាញ ៤៥នាក់ និងសល់ពីនោះ ជាជនជាតិ ទួរគី។ ប៉ុន្តែដំណឹងស្ដីពីចំនួនអ្នករងគ្រោះ នៅមិនទាន់បានប្រកាសជាផ្លូវការនៅឡើយ ដែល​​ចង់និយាយថា អាចនឹងមានការប្រែប្រួស នាពេលខាងមុខ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...