កម្មករថារោងចក្រ ម៉េរ៉ូសាន់ ប្រើរបបកុម្មុយនីស
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញថ្ងៃទី២៤ មិនា ២០១៥
- កែប្រែចុងក្រោយ: March 25, 2015
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការផ្ទុះកូដកម្មនេះ បានធ្វើឡើង អស់រយៈពេលជាង១០ថ្ងៃ ទៅហើយ ដោយសារភាគីរោងចក្រ បានបញ្ឈប់កម្មករ ជាច្រើននាក់ ដោយមិនបាន ជូនដំណឹងជាមុន និងពុំបានផ្តល់ប្រាក់ អត្ថប្រយោជន៍ ទៅតាមច្បាប់ការងារ។ នេះបើតាមសម្ដីរបស់ក្រុមកម្មករ រោងចក្រកាត់ដេរ មេរ៉ូសាន់ ខេមបូឌា ខូអិលធីឌី ដែលស្ថិតក្នុងភូមិជំរៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានថ្លែងប្រាប់អ្នកសារព័ត៌មាន។ ក្រុមកម្មករ ដែលធ្វើកូដកម្ម បានអះអាងទៀតថា ក្រុមហ៊ុនបានយកលេស ក្នុងការបញ្ឈប់នោះ ថាក្រុមហ៊ុនធ្វើទៅតាម កិច្ចសន្យាកំណត់ ថេរវេលា បើទោះជា កម្មករនោះបានបន្តកិច្ចសន្យា ការងារដល់២ឆ្នាំ ឡើងទៅក៏ដោយ។
រហូតមកដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥ ក្រុមកម្មករប្រមាណ ៤០នាក់ បានមកធ្វើការទាមទារនេះ នៅមុខខុទ្ទកាល័យ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ពួកគេសុទ្ធតែមានបំណង ឲ្យក្រុមហ៊ុនដោះស្រាយ ឲ្យបានឆាប់រហ័ស ពីបញ្ហារបស់ពួកគេ ព្រោះពេលវេលា ដែលអូសបន្លាយ អាចមានបញ្ហា ដល់កម្មករព្រោះមិនមានប្រាក់ សម្រាប់ចាយវាយ។
មានវត្តមាន នៅជាមួយក្រុមរបស់ខ្លួន កម្មការិនីម្នាក់ កញ្ញា ពេជ្យ មួយឡេង បានឲ្យអ្នកសារព័ត៌មានដឹងដែរថា កញ្ញា និងកម្មករទាំង៣០០នាក់ទៀត មិនអាចចូលធ្វើការវិញបានទេ បើនៅតែប្រើរបបកុម្មុយនីស ដាក់កម្មករបែបនេះទៀត។ នាងបន្ថែមថា នៅពេលបញ្ឈប់ មិនដែលបានដឹង ពីមូហេតុច្បាស់លាស់ ជាពិសេស សូម្បីតែពេលមកបើកលុយ ក៏មិនឲ្យចូលដែរ ឲ្យនៅឈរខាងក្រៅរោងចក្រ ដូចជាចោរ។ កញ្ញាថា កម្មករដែលក្រុមហ៊ុនបញ្ឈប់ មិនមែនអ្នក ទើបតែចូលធ្វើការទេ គឺសុទ្ធតែបុគ្គលិកចាស់ ដែលបំពេញការងារ បានចាប់ពី២ឆ្នាំឡើងទៅ។
ប្រធានសហជីព ស្មារតីកម្មករឯករាជ្យ ក្នុងរោងចក្រកាត់ដេរ មេរ៉ូសាន់ បានប្រាប់អ្នកសារព័ត៌មានថា ក្រុមហ៊ុនធ្លាប់ហៅប្រជុំ ជាមួយកម្មករពីរបីដងដែរ តែអ្វីដែលក្រុមហ៊ុនបាននិយាយ មិនបានអនុវត្តន៍ម្តងសោះ។ លោកបន្តថា ភាពខ្វះខាត នៅតែមានសម្រាប់កម្មករ ការបញ្ឈប់កម្មករ ពីកាងារនៅតែបន្ត រហូតដល់ជាង៤០នាក់ហើយ។
មេដឹកនាំសហជីព បានឲ្យដឹងថា គោលបំណង ដែលក្រុមកម្មករយកញត្តិ មកដាក់នៅខុទ្ទកាល័យនេះ ព្រោះចង់បានចំណុចធំពីរ ក្នុងចំណោមប្រាំចំនុច៖ ទី១ ត្រូវប្តូរកិច្ចសន្យាកំណត់ថេរវេលា ទៅជាកិច្ចសន្យា មានថេរវេលាមិនកំណត់ ទី២ ត្រូវគិតលុយ ឲ្យកម្មករ តាមច្បាប់ការងារ ពេលបញ្ឈប់កម្មករ និងត្រូវរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ ឲ្យកម្មករ ក្នុងកំឡុងពេលធ្វើកូដកម្ម។ លោកលើកឡើងថា៖ «ចំណុចក្តៅ ដែលក្រុមហ៊ុនបានធ្វើ គឺការបញ្ឈប់កម្មករ ដោយគ្មានមូលហេតុសមរម្យ និងមិនគោរព តាមកិច្ចសន្យាការងារ»។
នៅក្នុងការដាក់ញត្តិនេះ ក្រុមកម្មករទាំងអស់ ជាពិសេសប្រធានសហជីព មានសង្ឃឹមយ៉ាងមុតមាំថា នាយករដ្ឋមន្រ្តីនឹងជួយ ដល់កម្មករទាំងអស់ ព្រោះមានតែនាយករដ្ឋមន្រ្តីម្នាក់ទេ ដែលអាចជួយបាន។ ម្យ៉ាងទៀតកម្មករទាំងអស់ ធ្លាប់បានទទួលលទ្ធផលខ្លះៗ ដូចជាការដំឡើងប្រាក់ខែកម្មករ និងការយកចិត្តទុកដាក់ ពីបញ្ហាទឹកភ្លើងដល់កម្មករជាដើម៕