សហជីពស្នើក្រសួងការងារ ធ្វើអន្តរាគមន៍ឲ្យថៅកែបើកលុយឲ្យកម្មករ
ក្នុងអំឡុងពេលដែលកម្មករបានធ្វើកូដកម្មកន្លងមក មានក្រុមហ៊ុន រោងចក្រមួយចំនួនបានកាត់ប្រាក់ឈ្នួល និងប្រាក់រង្វាន់របស់កម្មករ ហើយនៅថ្ងៃទី០៦ ខែកុម្ភៈ តំណាងសហជីបមួយចំនួន បានចេញលិខិតស្នើសុំមួយ ដើម្បីអោយក្រសួងការងារអន្តរាគមន៍ទៅលើបញ្ហានេះ។
កិច្ចប្រជុំរបស់គណកម្មការចម្រុះ នៅក្រសួងការងារ ថ្ងៃទី២៤ខែធ្នូឆ្នាំ២០១៣។ (រូបថត MONROOM.info/ O. Vary)
ប្រាក់ខែកម្មករ - កាលពីថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០១៤ តំណាងថ្នាក់ដឹកនាំសហភាព សហព័ន្ធ សហជីព និងកម្មករនិយោជិកផ្នែកកាត់ដេរ និងដេរស្បែកជើងទាំងអស់ ដែលរួមមានលោកអាត់ ធន់ អ្នកស្រីយ៉ាង សុភ័ណ្ឌ លោកប៉ាវ ស៊ីណា លោកលីវ ថារីន លោកហ្វាសាលី លោកទូច សើ ជាដើមបានផ្ញើលិខិតស្នើអន្តរាគមន៍មួយទៅលោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីធ្វើការអន្តរាគមន៍អោយថៅកែក្រុមហ៊ុន ផ្តល់ប្រាក់ឈ្នួលនិងប្រាក់រង្វាន់ទៀងទាត់ជូនកម្មករវិញ ពីថ្ងៃ២៧ ខែធ្នូ ឆ្នាំ២០១៣ ដល់ថ្ងៃទី៤ ខែកមរា ឆ្នាំ២០១៤ អំឡុងពេល GMACព្យូរការងារ។
លិខិតដដែលបានបញ្ជាក់ថា ក្រោយពេលដែលកម្មករធ្វើបាតុកម្មកន្លងមក មានថៅកែក្រុមហ៊ុនខ្លះបានកាត់ប្រាក់ឈ្នួល និងប្រាក់រង្វាន់ទៀងទាត់របស់កម្មករ អំឡុងពេលដែលតំណាងសមាគម GMAC បានប្រកាសព្យូរការងារ។ ចំពោះអ្វីដែលក្រុមហ៊ុន កាត់ប្រាក់ឈ្នួល និងប្រាក់រង្វាន់នេះ វាផ្ទុយទៅនិងសេចសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលលេខ ១៧២/១៣ ចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៣។
លោក អាត់ ធន់ ប្រធាន សម្ព័នសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា(C.CAWDU) បានថ្លែងថា «យោងតាមមាត្រាទី៧១ នៃច្បាប់ការងារ នៅពេលដែលសមាគមនិយោជកជួនដំណឹងព្យួរការងារ និយោជកត្រូវប្រាក់ឈ្នួលអោយកម្មករពេញ ហើយនិយោជិកបានចេញតាំង ពីថ្ងៃទី២៧ ខែធ្នូ អញ្ចឹងនិយោជកត្រូវផ្តល់អោយកម្មករធម្មតាវិញ»។
ចំពោះបញ្ហានេះដែរ លោក ជួន មុំថុល ប្រធានសហភាពសហព័ន្ធសហជីពជាតិកម្ពុជា ធ្លាប់បានអោយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ដឹងថា «តាមច្បាប់ការងារថ្ងៃធ្វើកូដកម្ម គឺអត់មានលុយទេ បានន័យថា ថ្ងៃដែលកម្មករធ្វើកូដកម្មអត់ចូលធ្វើការ មិនត្រូវបានផ្តល់ប្រាក់ឈ្នួលនៅថ្ងៃហ្នឹងទេ»៕
----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected] ) -ភ្នំពេញ ថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ២០១៤