សង្គមស៊ីវិល​ប្រើ​វិធី​បួងសួង សុំ​ឲ្យ​ដោះលែង​អ្នក​ជាប់​ឃុំ​២៣​នាក់

ទោះជាមានការអន្តរាគមតាមផ្លូវច្បាប់ ក្នុងការទាមទារឲ្យមានការដោះលែងអ្នកទាំង ២៣នាក់ ហើយក៏ដោយ ក៏ក្រុម​អង្គការសង្គមស៊ីវិល ក្រុម​ពលរដ្ឋខ្មែរដែលធ្វើការតស៊ូមតិនោះ នៅតែពឹងផ្អែកលើការបួងសួង។ ការបួងសួង​ដែល​ទំនងជាអាចបន្ទន់ចិត្តចៅក្រម មន្រ្តីតុលាការ និងរាជរដ្ឋាភិបាល។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: February 07, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទោះជាមានការអន្តរាគមតាមផ្លូវច្បាប់ ក្នុងការទាមទារឲ្យមានការដោះលែងអ្នកទាំង ២៣នាក់ ហើយក៏ដោយ ក៏ក្រុម​អង្គការសង្គមស៊ីវិល ក្រុម​ពលរដ្ឋខ្មែរដែលធ្វើការតស៊ូមតិនោះ នៅតែពឹងផ្អែកលើការបួងសួង។ ការបួងសួង​ដែល​ទំនងជាអាចបន្ទន់ចិត្តចៅក្រម មន្រ្តីតុលាការ និងរាជរដ្ឋាភិបាល។


ពិធីអុជធូប បួងសួងដល់ព្រះអង្គដងកើរ ជាមួយនឹងការបង្ហោះប៉េតប៉ោង នៅថ្ងៃទី០៧ ខែកុម្ភះ ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. Vary)

ការបួងសួង - ព្រឹកថ្ងៃទី០៧ ខែកុម្ភះនេះ សម្រាប់វត្តមាននៃអង្គការសង្គមស៊ីវិល សាច់ញាតិ និងការនិមន្តព្រះសង្ឃ​ចំនួន២៣អង្គ តំណាងឲ្យអ្នកដែលបានចាប់ខ្លួនទាំង២៣នាក់ បានរៀបចំធ្វើពិធីអុជធូប បួងសួងដល់ព្រះអង្គដងកើរ ជាមួយនឹងការបង្ហោះប៉េតប៉ោង លែងចាប ឲ្យមានដោះលែងលោក វន់ ពៅ និងអ្នកជាប់ឃុំ២២នាក់។

អ្នកស្រីប្រាក់ សុវណ្ណារី ភរិយាលោក វ៉នពៅ បានផ្តល់កិច្ចសម្ភាសជាមួយអ្នកសារព័ត៌មានថា ហេតុដែលអ្នកស្រី រួម​ជា​មួយនឹងអង្គការដៃគួដទៃទៀតរបស់ប្តីអ្នកស្រី មកធ្វើការបួងសួងឲ្យមានការដោះលែងប្តីអ្នកស្រី និងអ្នក​ទាំង២២នាក់​ផ្សេងទៀតព្រោះតែពួកគាត់មិនបានប្រព្រឹត្តិអ្វីខុសច្បាប់។ អ្នកស្រីបានបន្តរថា ថ្ងៃនេះជាថ្ងៃសីល និងនៅមិនប៉ុន្មានថ្ងៃ​ខាងមុខនេះ សាលាឧទ្ធរណ៍នឹងបើកសវនាការ តាមការស្នើសុំរបស់មេធាវីអនុញាតិឲ្យលោក វ៉ន ពៅ បាននៅ​ក្រៅឃុំ​បណ្តោះអាសន្នដើម្បីព្យាបាលជម្ងឺ។

អ្នកស្រីបានលើកឡើងដោយក្តីសង្ឃឹមថា «យើងតែងតែមានក្តីសង្ឃឹម ព្រោះយើងជាខ្មែរ គោរពព្រះពុទ្ធសាសនា ជឿជាក់លើព្រះពុទ្ធសាសនា ជឿជាក់លើខ្លួនឯង។ (…) ព្រោះយើងជាមនុស្សស្មោះត្រង់ ហើយ​ព្រះពុទ្ធសាសនានឹង​ជួយតាមនោះ។ (…) ទោះបីមិនបានជួយអ្វីច្រើន ក៏ជាចំណែកមួយធ្វើឲ្យចិត្តយើងបានស្ងប់ស្ងាត់ដែរ។»

ដោយឡែកអង្គការសង្គមស៊ីវិលវិញ ក្រោយពីបានរៀបចំបែបបទតាមផ្លូវច្បាប់ ទៅកាន់តុលាការក្នុងការការពារ​នូវ​សិទ្ធិសេរីភាពអ្នកទាំង២៣នាក់ ក៏ដូចជាពលរដ្ឋដែលបានរងគ្រោះដទែទៀតហើយនោះ នៅតែមិនបោះបង់​ជំនឿ​តាមបែបព្រះពុទ្ធសាសនានោះដែរ។ លោក ណៃ វ៉ង់ដា អនុប្រធានផ្នែកសិទ្ធិមនុស្ស និងមេធាវីតំបន់របស់​សមាគម​ការពារសិទ្ធិមនុស្សអាដហុក បានលើកឡើងថា ព្រះអង្គដង្កើជាកន្លែងសក្តិសិទ្ធបំផុត​សម្រាប់ជំនឿនៃប្រជា​ពលរដ្ឋ​ខ្មែរ។ លោកបន្តរថា សង្គមស៊ីវិលជ្រើសរើសការបួងសូងបន្ថែមនេះ អាចជាចំណែកមួយនៃការបន្ទន់ចិត្ត​ដល់ស្ថាប័ន​តុលាការ ចៅក្រម ព្រះរាជអាជ្ញា រដ្ឋាភិបាល បានយល់នូវយុត្តិធម៌ ឈប់ប្រើអំពើហិង្សា អំពើព្រៃផ្សៃលើប្រជា​ពលរដ្ឋ​ផងដែរ។ លោកបានបញ្ជាក់ផងដែរថា ពិធីដែលបានរៀបចំនេះ ចាពិធីបែបសាសនា មានតែអង្គការសង្គមស៊ីវិល ស្នើឲ្យមានការគោរព្យច្បាប់ មិនមានពាក់ព័ន្ធនឹងរឿងនយោបាយឡើយ ដោយផ្តោតសំខាន់ទៅលើការអនុវត្តច្បាប់ និងសិទ្ធិមនុស្ស។

លោក ណៃ វ៉ង់ដា បានបញ្ជាក់ដូច្នេះថា «ក្នុងនាមសង្គមស៊ីវិល ក៏ជាប្រជាពលរដ្ឋដែរ។ (…) កិច្ចការតាមផ្លូវច្បាប់​បាន​ធ្វើមួយចមនួនធំហើយ យើយក៏ត្រូវមានជំនឿផ្នែកខាងក្នុង ដែលហៅថា អបិយជំនឿដែរ។ ខ្មែរយើងតែបើកាលណា​មាន​អាសន្ន អន់ក្រកើតឡើង តាមប្រពៃណីយើងតស៊ូតាមផ្លូវកាយ និងក៏តស៊ូតាមផ្លូវសាសនា ជំនឿផ្សេងៗនោះដែរ។ (…) អាគមន៍ផ្សុំអាយុ យើងបួងសួងបន្ថែមទៀតដើម្បីឲ្យមានការលែង បន្ថែមលើអ្វីដែលយើង​បានធ្វើផ្នែកខាង​ច្បាប់។»

ឯលោក ម៉ម សូណង់ដូ ប្រធានវិទ្យុសម្បុកឃ្មុំ ដែលមានវត្តមាននៅក្នុងពិធីបួងសួងដែរនោះ បានលើកឡើងថា​ពលរដ្ឋខ្មែរតែងតែមានជំនឿ។ តែអ្វីសំខាន់បំផុតគឺការតស៊ូ ដែលមិនមែនជាការប្រើប្រាស់នូវអំពើហិង្សា កាប់ចាក់ ដណ្តើមអំណាចនោះទេ។ អ្វីដែលបានធ្វើព្រោះតែជីវភាព ហើយរដ្ឋាភិបាលត្រូវតែដោះស្រាយនូវបញ្ហាហ្នឹង។
លោក​បានបន្ថែមដូច្នេះថា «យើងមិនចង់ឲ្យមានការប្រព្រឹត្តិ ឬញុះញង់ អំពើយង់ឃ្នងប្រឆាំងទៅលើប្រជា​ពលរដ្ឋ​របស់ខ្លួន។ ការធ្វើបាតុកម្មដោយអហឹង្សា និងការទាមទានូវអ្វីដែល (វា)ស្របទៅនឹងជីវភាពរស់នៅរបស់​ប្រជា​ពលរដ្ឋ​សព្វថ្ងៃដែលមិនអាចរស់បាន ទាក់ទងទៅនឹងប្រាក់ខែ រដ្ឋាភិបាលត្រូវតែគិតគូ។ (…) រាជរដ្ឋាភិបាលត្រូវមាន​សមត្ថភាព​ដោះស្រាយ ទំនិញ ប្រាក់ខែ ត្រូវមានតុល្យភាពគ្នា។ (…) អានេះជាច្បាប់ធម្មជាតិ កន្លែងណាមួយ​ដែល​គ្មានខ្យល់ដកដង្ហើម យើងត្រូវតស៊ូឲ្យមានខ្យល់ដកដង្ហើម បើគ្មានខ្លល់ដកដង្ហើមទេ យើងត្រូវរើបំរាស់។ ពូជឿនូវ​ជំនឿទាំងអស់ហ្នឹង!»។

សូមបញ្ជាក់ថា ពិធីជួបជុំបួងសួងរបស់អង្គការសង្គមស៊ីវិលនាព្រឹកម៉ិញនេះ មិនមានការរារាំង រំខាន ឬបង្ក្រាបណា​មួយពីសំណាក់អាជ្ញាធរសមត្ថកិច្ចនោះទេ ពិសេសក្រុមសន្តិសុខនៃសាលាខណ្ឌដូនពេញ ដែលល្បីខាងវាយ ចាប់ និងកំទេច និងយកសម្ភារៈរបស់បាតុករ និងអ្នកសារព័ត៌មាននាពេលកន្លងមក។ ជាមួយគ្នានឹងការបួងសួងនេះ លោក វន់ ពៅ និងអ្នក២២នាក់ផ្សេងទៀត កំពុងជាប់ឃុំនៅពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តកំពង់ចាម ជាប់ព្រំដែន​វៀតណាម។ ពួកគេត្រូវបានឃុំខ្លួននេះ បន្ទាប់ពីបានចាប់ខ្លួនកាលពីថ្ងៃទី០២ និងទី០៣ ខែមករា ឆ្នាំ២០១៤ ក្នុង​ការ​ប៉ះទង្គិចគ្នា នៅ​ផ្លូវវ៉េងស្រេង និងរោងចក្រយ៉ាកជីងក្រោមបទចោទ«សិប្បនិមិត្ត»មួយ ដែលតែងតែរៀបចំឡើងដោយ​មន្ត្រីមាន​អំណាច និងគាំទ្រដោយរដ្ឋាភិបាល។ នេះជាការលើកឡើងរបស់ព្រះតេជគុណ លួន សូវ៉ាត ព្រះសង្ឃឯករាជ្យឃ្លាំ​មើលការអនុវត្តច្បាប់ និងសិទ្ធិមនុស្សនៅកម្ពុជា៕

--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...