ភរិយា វន់ ពៅ ប្រកាស«អាសន្ន»ពីស្ថានភាពជំងឺស្វាមីក្នុងពន្ធនាគារ
អ្នកស្រី ប្រាក់ សុវណ្ណារី ភរិយាលោក វន់ ពៅ បានសម្ដែងការព្រួយបារម្ភកាន់តែខ្លាំងរបស់អ្នកស្រីថា សុខភាពស្វាមីរបស់អ្នកស្រីកាន់តែធ្ងន់ធ្ងរទៅៗ។ អ្នកស្រីទទួចទាមទារថា បើតុលាការមិនដោះលែងអោយនៅក្រៅឃុំទេនោះ ស្វាមីអ្នកស្រីអាចនឹងស្លាប់នៅក្នុងពន្ធនាគារ។
អ្នកស្រី ប្រាក់ សុវណ្ណារី ភរិយារបស់លោក វន ពៅ ផ្ដល់កិច្ចសម្ភាសឲ្យអ្នកការសែតថ្ងៃទី១០ ខែមករា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/O.Vary)
សុខភាពជនជាប់ឃុំ - បន្ទាប់ពីបានចូលសួរសុខទុក្ខស្វាមីបាន៩ដង នៅគុកត្រពាំងផ្លុង ខេត្តកំពង់ចាមរួចមក នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៤នេះ អ្នកស្រីប្រាក់ សុវណ្ណារី ភរិយា លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានលើកឡើងពីក្តីបារម្ភចំពោះស្ថានភាពជំងឺប្តីរបស់ខ្លួនថា «ជំងឺរបស់គាត់តែធ្ងន់ធ្ងរ ព្រោះក្រលៀនរបស់គាត់ទើបតែបានវះកាត់រួច ហើយនៅថ្ងៃដែលមានបញ្ហា ប៉ូលីសបានទាត់គាត់នៅចំកន្លែងវះហ្នឹង។ មួយវិញទៀតជំងឺរក្រពះពោះវៀនរបស់គារត់ ក៏កាន់តែធ្ងន់ធ្ងដែរ ហើយសព្វថ្ងៃនេះគាត់ក្អួតជារៀងរាល់ថ្ងៃ ឥលូវថ្នាំរបស់គាត់ក៏លេបអស់ដែរ។»
អ្នកស្រីបន្តថា អ្វីដែលកាន់តែព្រួយបារម្ភនោះ ប៉ុន្មានថ្ងៃនេះលោក វន់ ពៅ មានអាការស្ពឹកមួយចំហៀងខ្លួន ដែលធ្វើអោយអ្នកស្រីកើតក្តីកង្វល់ថា លោកអាចនឹងស្លាប់មួយចំហៀងខ្លួន។ ស្រ្តីវ័យ៣០ឆ្នាំរូបនេះ បានអោយដឹងទៀតថា «ប្រសិនគេនៅបន្តឃុំគាត់បន្តទៀត គាត់អាចនឹងស្លាប់នៅក្នុងពន្ធនាគារ ដោយសារតែឥលូវ គឺគាត់ចុក ខ្លាំងមែនទែន»។
លោក សុខ ឈុនអឿង ប្រធានស្តីទីប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលធ្លាប់បានចូលសួរសុខទុក្ខ លោក វន់ ពៅ ដែរនោះ បាននិយាយថា «គាត់បានប្រាប់ខ្ញុំថា នៅត្រង់របួសដែលវះនោះ កំពុងតែឈឺចុកចាប់យ៉ាងខ្លាំង»។ ប្រធានស្តីទីរូបនេះ រៀបរាប់ទៀងថា «អ្វីដែលពួកយើងព្រួយបារម្ភទៀតនោះ គឺការណាត់ជួបរវាង ពេទ្យនៅបរទេសដែលបានវះកាត់គាត់ ត្រូវណាត់ជួបនៅក្នុងខែនេះ»។
នៅថ្ងៃទី១១ កុម្ភៈ ឆ្នាំ២០១៤ខាងមុខនេះ អមយ្យការសាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការស្នើសុំអោយអ្នកទាំង២៣នាក់នៅក្រៅឃុំបណ្តោះអាសន្ន។ ក្នុងថ្ងៃបើកសវនាការនេះ សមាជិកនៃសមាគមសប្រជាធិបតេយ្យឯករាជ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ រួមទាំងអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋដែលបានតវ៉ាអោយមានការដោះលែងជនជាប់ចោតទាំង២៣នាក់ សង្ឃឹមថាតុលាការនឹងដោះលែងជនជាប់ចោទទាំងនោះ។ ជាពិសេសនោះគឺលោក វន់ ពៅ ដើម្បីអោយលោក មានឱកាសព្យាបាលជំងឺរបស់លោក។
លោក សុខ ឈុនអឿង បានប្រាប់អោយដឹងទៀតថា នៅថ្ងៃទី១០ ខាងមុខនេះ បាតុកម្មអោយដោះលែងអ្នកទាំង២៣នាក់ នឹងផ្ទុះឡើងពេញពិភពលោក និងពេញផ្ទៃប្រទេសកម្ពុជា។ លោកបញ្ជាក់ថា «នៅថ្ងៃទី១០ យើងធ្វើជាង ១០០ប្រទេស ដែលសមាគមប្រជាធិបតេយ្យឯករាជ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាសមាជិករបស់សហភាពការងារកម្ពុជា។ ហើយសហភាពនេះជាសមាជិករបស់សហជីពការងារអន្តរជាតិ (ITUC )។ ហើយនៅថ្ងៃហ្នឹង ITUC នឹងប្រកាសធ្វើបាតុកម្មទូទាំងពិភពលោក ដើម្បីអោយមានការដោះលែងអ្នកទាំង២៣នាក់ រីឯនៅកម្ពុជា យើងក៏នឹងរៀបចំធ្វើទូទាំងប្រទេសដែរ៕»
-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ២០១៤