តេជគុណ លួន សូវាត៖ ចោរលួចព្រះសារីរិកធាតុ អាចជាចោរសិប្បនិមិត្ត
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: February 08, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«ការរកឃើញនូវព្រះសារីរិកធាតុដែលបានបាត់នេះ អាត្មាយល់ឃើញថា វាមិនទាន់គួឲ្យជឿជាក់ និងទុកចិត្តទាំងស្រុងនៅឡើយទេ។ (…) ព្រោះរបស់ដែលបាត់ទៅ ប្រៀបដូចលុយកាក់មាសប្រាក់ ដែលនៅក្នុងខ្លួន នៅក្នុងផ្ទះ បើបាត់ទៅហើយពិបាកនឹងរកឃើញមកវិញណាស់។» នេះជាការលើកឡើងរបស់ ព្រះតេជគុណ លួន សូវ៉ាត ម្ចាស់ពានរង្វាន់សម្រាប់បុគ្គលក្លាហានក្នុងការការពារ និងលើកកំពស់សិទិ្ធមនុស្សពីប្រទេសស្វីស។
ព្រះតេជគុណ លួន សូវ៉ាត ក្នុងកិច្ចសម្ភាសថ្ងៃទី០៧ ខែកុម្ភះ ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.Vary)
សន្តិសុខសង្គម - ព្រះតេជគុណ លួន សូវ៉ាត មានសង្ឃដីកាថា «យើងគិតមើល ព្រះសារីរិកធាតុវត្ថុដ៏មានតម្លៃ មាសពេជ្រ ព្រះកោដ្ឋដែលកសាងដោយសម្តេចព្រះនរោត្តម សីហនុ (ព្រះបរមរតនៈកោដ្ឋ) មានតម្លៃថ្លៃពុំអាចកាត់បាន ជាអាយុជីវិត ជាព្រលឹងមរតកនៃព្រះពុទ្ធសាសនា តំណាងឲ្យជាតិ និងអន្តរជាតិទូទៅនៃប្រទេសដែលកាន់ព្រះពុទ្ធសាសនា។»
ព្រះអង្គក៏បានបញ្ជាក់ផងដែរថា ការបាត់វត្ថុដ៏មានតម្លៃរបស់ប្រទេសជាតិ ដែលបានរក្សាទុកនៅទីទួលខ្ពស់មួយ មានទាំងចាក់សោ(មាំ)យ៉ាងមានសុត្ថិភាព ជាមួយនឹងសន្តិសុខយាមម្ភៃបួនម៉ោងលើម្ភៃបួនម៉ោង និងមិនតិចជាង២០នាក់នោះ ហេតុអ្វីបានជាបាត់ទៅយ៉ាងងាយស្រួលបែបនេះ។ «អាត្មាមិនជឿថាចោរអំបុកចោរអំបែងអាចលួចកើតទេ (វា)មានមេចោរ! (…) មេចោរប្រាដកណាស់ (វា)ពាក់ព័ន្ធជនដែលមានអំណាចណាមួយ ដែលទទួលបន្ទុកក្នុងកិច្ចការពារថែរក្សា ឬអ្នកមានអំណាចណាមួយផ្សេងទៀតៗ ដែលមិនមែនជាចោរធម្មតា។»
ព្រះអង្គបន្តរថាតាមមុខមាត់ចោរ ដែលចាប់មកនេះ ប្រសិនចោរមែន ក៏ជាចោរអំបុក ចោអំបែង ជាចោរលួចមាន់ទាដែរ ដែលមិនអាចមានលទ្ធភាពឯណាទៅលួចព្រះសារីរិកធាតុដែលមានការការពារយ៉ាងតឹងតែងនោះ។ ព្រះអង្គបានបន្ថែមថា រាជរដ្ឋាភិបាលបានប្រកាសក្តែងៗថា បច្ចុប្បន្ននេះកម្ពុជាមានសុខសន្តិភាព តើហេតុអ្វីបានជាបាត់ក្នុងអំឡុងពេលប្រទេសមានសុខសន្តិភាព គួណាស់តែបាត់យូរណាស់មកហើយ។
«វាបាត់ដោយងាយ រឿងអី(វា)រកឃើញដោយងាយ អាត្មាមិនជឿ។ (…) វាគួតែពិបាកនិងបាត់ព្រោះជាវត្ថុមានតម្លៃ មិនអាចប្រហែសធ្វេសបានទេ។ ចាក់សោរសុទ្ធតែលេខមួយ ពីរបីជាន់ ចោរធម្មតាណាហ៊ាននឹងលួច។ (…) ទាំងនេះមិនមែនជាចោរធម្មតាទេ ដូចជាចោរលួចក្បាលអ្នកតា លួចរួបចម្លាក់និងវត្ថុបុរាណផ្សេងៗទៀត សុទ្ធតែមានការពាក់ព័ន្ធនឹងជនដែលមានអំណាច។»
ជាមួយគ្នានេះព្រះអង្គក៏បានធ្វើការប្រៀបធៀប សម្រាប់គិត និងពិចារណាថា ក្នុងពេលកន្លងមកមានការបាត់បង់នូវព្រះពុទ្ធរូបធំៗ ឧទាហរណ៍ជាក់ស្តែងក្នុងឆ្នាំ២០១០ ថ្មីៗនេះ នៅវត្តឧណ្ណាឡោម បានបាត់ព្រះពុទ្ធរូបមួយដ៏ធំ និងជាវត្ថុដ៏មានតម្លៃតាំងពីបុរាណ ដែលមិនអាចលើកដោយមនុស្សម្នាក់ ឬពីរនាក់រួចនោះទេ ចាំបាច់ត្រូវប្រើឡានស្ទូចទើបអាចយកបាន ហេតុអ្វីបានជាបាត់ងាយៗពីក្នុងព្រះវិហារ។ មួយវិញទៀត រូបចម្លាក់ វត្ថុបុរាណ ដែលបានបាត់ចេញពីប្រាសាទនានាក្នុងខេត្តសៀមរាបជាដើម ពិសេសពីក្នុងវត្តបុរាណមួយ ដែលព្រះពុទ្ធរូបនោះទាល់តែមានឡានមកស្ទូច ទើបអាចលើកបាន ហេតុអ្វីបានជាបាត់សូន្យ?
ជាមួយគ្នានៃការចាប់ខ្លួនបុគ្គលម្នាក់ ដែលអាជ្ញាធរមានសមត្ថកិច្ចចោទប្រកាន់ថា ជាចោរលួច ព្រះសារីរិកធាតុនេះ ព្រះអង្គក៏បានធ្វើការរម្លឹកថា «រឿងស្រុកខ្មែរកើតឡើងហើយតាំងពីឃាតករ សិប្បនិម្មិត ដីកាចោទចាប់សិប្បនិម្មិត និងមានរឿងរ៉ាវផ្សេងៗសិប្បនិម្មិតជាច្រើន។ រឿងអីត្រឹមតែប៉ុនហ្នឹង យើងមិនអាចជឿបានថា ជាចោរសិប្បនិមិត្តនោះ?»
ភាពធ្វេសប្រហែសរបស់រដ្ឋាភិបាល អាជ្ញាធរមិនយកចិត្តទុកដាក់ ការពារវត្ថុដ៏មានតម្លៃ ជាកេរ្តិ៍តំណែលរបស់ព្រះមហាវីរៈក្សត្រ និងរបស់សម្តេចព្រះសង្ឃរាជ ជួន ណាតនិងអតីតព្រះសង្ឃពីជំនាន់ និងជាវត្ថុទិព្វមួយតំណាងឲ្យសន្តិភាព សេរីភាព យុត្តិធម៌សង្គម ភាពត្រជាក់ត្រជុំនៃម្លប់ព្រះពុទ្ធសាសនា ដោយអហិង្សានិងសន្តិភាព។ ព្រះអង្គបានចាត់ទុកគម្រោងនៃការរៀបចំខាងលើនេះថា ដោយសារតែមានការថ្គោលទោសពីព្រះសង្ឃ ពុទ្ធបរិស័ទ ជនរួមជាតិខ្មែរទូទាំងពិភពលោក ជាមួយនឹងការខ្លាចបាក់មុខមាត់ក្នុងឆាកអន្តរជាតិផង អាជ្ញាធរឬរដ្ឋាភិបាល «អាចប្រឌិត» នូវភស្តុតាងមិនពិតក៏ថាបាន។
មកទល់នឹងពេលនេះ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចស្នើសុំប្រតិកម្មពីមន្រ្តីជាន់ខ្ពស់នៃរដ្ឋាភិបាលបាននៅឡើយ ដោយហៅទូរស័ព្ទចូល តែគ្មានអ្នកលើក។ រួមដំណើរដោយមន្រ្តីជាន់ខ្ពស់នគរបាលជាតិ និងមន្រ្តីពាក់ព័ន្ធ ព្រះសង្ឃនាយករងទីពីរសម្តេចព្រះពោធិវាំង អ៊ំ លឹមហេង និមន្តទៅត្រួតពិនិត្យគុណភាព ព្រះសុវណ្ណកោដ្ឋ និងព្រះសារីរិកធាតុ ព្រះអង្គបានបញ្ជាក់ថា ព្រះសុវណ្ណកោដ្ឋ និងព្រះបរម សារីរិកធាតុពិតជានៅគង់វង្សដូចដើម មិនទាន់មានការបាត់បង់នោះទេ។ នេះបើយោងតាមគេហទំព័រផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
រីឯការបង្ហាញរបស់អាជ្ញាធរដែលបញ្ជាក់ថាចាប់បានជនចាប់ចោទ ដែលលួចព្រះសារីរិកធាតុនោះព្រះតេជគុណ លួន សូវ៉ាត ក៏ស្នើសុំឲ្យមានការស៊ើបអង្កេត ស្រាវជ្រាវ ត្រួតពិនិត្យដោយសារធារណៈ ដោយឯករាជ្យ និងអព្យាក្រិត្រ។ តើពិត ឬមិនពិត្យ តើក្លែងក្លាយ ឬការពិតត្រូវបង្ហាញដល់សាធារណៈជនទូទៅ មិនមែនធ្វើគ្រាន់តែថតបង្ហាញបន្តិចបន្តួច ហើយចប់នោះទេ។ «បើពិតមែនយើងទទួលស្គាល់ យើងអបអរសាទរ» ដោយការប្រៀបប្រដូចការបាត់ ព្រះសេរីរិកធាតុនេះ ទៅនឹងម្ជុលមួយបានធ្លាក់ចូលទៅក្នុងទឹកសមុទ្រ ដែលពិបាកនឹងរកឃើញនោះ ព្រះអង្គនៅតែបង្ហាញពីភាពគ្មានជំនឿថានោះជារបស់«ពិត»ដែរ។ តែបើពិតមែននោះវាជាសំណាងមួយ ក្នុងចំណោមមួយលានរបស់កម្ពុជា។
ព្រះអង្គមានសង្ឃដីការ ដោយភាពទោមនស្សថា «ក្នុងស្រុកខ្មែរ អ្វីក៏គេអាចប្រឌិតបានដែរ មិនទាន់មានអ្វីដែលពិតមួយរយភាគរយ្យនោះទេ ដូចជាបូរណៈភាពទឹកដី ឯករាជ្យ អធិបតេយ្យភាព ក៏សិប្បនិម្មិតដែរ»។ បើសូម្បីតែទូរទស្សន៍ វិទ្យុក្នុងស្រុក ក៏ផ្សាយតែរឿងបំភ្លៃ រឿងបំភ័នយកជាការ និងទុកចិត្តមិនបាន។ «រាល់ករណីមួយចំនួនដូចជា ការរំលោភសិទ្ធិ ការកាប់បំផ្លាញព្រៃឈើជាដើម មិនដែលឃើញផ្សាយទេ តែបើចែកអំណោយបន្តិចបន្តួច ដាំកូនឈើមួយដើមផ្សាយរាប់ភ្លេច»៕
--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៤