វីដេអូ«ឧបមាថាខ្ញុំជាអ្នកមានថ្មីម្នាក់» រងប្រតិកម្មពេញហ្វេសប៊ុក
- ដោយ: ប្រាថ្នា អត្ថបទ៖ប្រាថ្នា ([email protected])-ភ្នំពេញ ថ្ងៃទី១៧ កុម្ភៈ ២០១៥
- កែប្រែចុងក្រោយ: February 18, 2015
- ប្រធានបទ: អ្នកមាន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
វីដេអូមួយ ដែលត្រូវបានបង្ហោះ និងធ្វើការចែកចាយ យ៉ាងព្រោងព្រាត នៅក្នុងហ្វេសប៊ុក បានបង្កឱ្យមានប្រតិកម្មយ៉ាងច្រើន ពីសំណាក់អ្នកប្រើប្រាស់ បណ្តាញសង្គមមួយនេះ។ មូលហេតុ ដែលនាំឱ្យមានប្រតិកម្ម ដោយសារតែវីដេអូនេះ បានបង្ហាញពីសកម្មភាព របស់ជនបរទេសម្នាក់ មើលងាយ និងប្រមាថទៅលើក្រដាសប្រាក់របស់ខ្មែរ ដូចជាយកលុយទៅដុត បាចឱ្យក្មេងរើស និងយកមកធ្វើជាក្រដាស ជំនួសក្រដាសអនាម័យ ដែលគេដាក់ក្នុងបន្ទប់ទឹកជាដើម។
តាមពិតទៅវីដេអូនេះ មានចំណងជើងថា «២០ដុល្លា ដូរបាន ១០០រៀល មួយបាវ (20 USD in notes of 100 Cambodian Riel)» និងត្រូវបានបង្ហោះ ឡើងលើគេហទំព័រយូធូប កាលពីថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០១៤កន្លងទៅ ដោយម្ចាស់គណនីមួយរូប ឈ្មោះ ដេនី ឆើនណូ (Danny Cherno)។ ប៉ុន្តែទំនងជាប្រិយមិត្ត អ្នកប្រើប្រាស់ហ្វេសប៊ុក នៅកម្ពុជា មិនយល់ និងមិនស្គាល់ពីមូលហេតុ នៃការធ្វើវីដេអូនេះ ទើបបង្កឲ្យមានការតបតរយ៉ាងខ្លាំងក្លា ពីសំណាក់អ្នកទាំងនោះ ដោយពួកគេយល់ថា វាការយករូបិយប័ណ្ណខ្មែរ មកលេងសើចរម៉ាកងាយ។
ប្រសិនបើនិយាយពីផ្លូវច្បាប់ មិនមែនតែនៅក្នុងប្រទេសកម្ពុជាទេ នៅប្រទេសណាផ្សេង ក៏មានច្បាប់ការពារ កុំឲ្យយករូបិយវត្ថុជាតិមកម៉ាកងាយ ដូចយ៉ាងដុតចោល ឬជាន់នឹងជើងនោះដែរ។ ដូច្នេះប្រតិកម្ម របស់អ្នកប្រើប្រាស់ហ្វេសប៊ុក មិនខុសទេ។ យុវជនម្នាក់ បានសរសេរឡើងថា៖ «ពិតជាឆ្កួតហើយ វាយករូបិយវត្ថុខ្មែរ ទៅធ្វើជាល្បែងមើលងាយ ថោកទាប។ ជនបរទេសនេះ មើលងាយលុយខ្មែរ មើលងាយជាតិ បានន័យថាមើលងាយខ្មែ។» មិនត្រឹមតែប៉ុណ្ណឺង អ្នកប្រើប្រាស់ហ្វេសប៊ុកភាគច្រើន សុទ្ធតែស្នើឱ្យអាជ្ញាធរកម្ពុជា តាមស៊ើបអង្កេតចាប់ជនបរទេស ដែលផលិតវីដេអូនេះ មកធ្វើការផ្តន្ទាទោសតាមច្បាប់ ដើម្បីជាការព្រមាន ដល់ជនបរទេសដ៏ទៃទៀត ដែលចូលមករស់នៅស្រុកខ្មែរ ហើយប្រព្រឹត្តអំពើមិនគួរគប្បី។
រីឯអ្នកមួយចំនួនទៀត បានលើកឡើងថា ការដែលជនបរទេសរូបនេះ ធ្វើបែបនេះ ព្រោះតែខ្មែរជាប្រទេសសេរីពេក ក្នុងការប្រើប្រាស់ក្រដាសប្រាក់ មិនថាលុយដុល្លារ លុយបាតថៃ ឬលុយដុងវៀតណាមជាដើម គឺសុទ្ធប្រើប្រាស់ ឬចាយវាយក្នុងស្រុកបានទាំងអស់ ខុសប្លែកពីប្រទេសដទៃ ដែលគេកំណត់ឱ្យចាយតែប្រាក់របស់ជាតិគេ។ ម្ចាសសគណនីមួយរូបទៀត បន្ទរទៅជាមួយដែរថា៖ «គេធ្វើបែបហ្នឹងវាសមហើយ មកពីយើងមិនឱ្យតម្លៃលុយខ្មែរខ្លួនឯង ទើបបានគេមើលបែបនេះ គួរតែឈប់ចាយ លុយបរទេសទៅ។»។
ប៉ុន្តែអ្នកលេងហ្វេសប៊ុកម្នាក់ទៀត បានយល់ថា៖ «គេធ្វើអញ្ចឹងត្រូវហើយ យើងវាអន់មែន បានគេមើលងាយអញ្ចឹង។ ទៅអង្គរវត្តមើល អ្នកសុំទានជនជាតិអ្វី? ខ្ញុំគិតថា គេធ្វើនេះ មិនមែនគ្មានហេតុផលទេ អ្នកទាំងអស់គ្នាទៅសួរគាត់ដោយផ្ទាល់ ថាហេតុអ្វីបានជាថតវីដេអូបែបនេះ មិនមែនចេះត្រឹមតែ Comment ស្តីថា ឬក៏ជេគាត់ បានតែក្នុងហ្វេសប៊ុកអញ្ចឹងទេ?»។
មិនខុសទេ គប្បីត្រូវដឹងថា តើវីដេអូនេះ និយាយពីអ្វីសិន មុននឹងប្រតិកម្ម។ នៅជាមួយនឹងវីដេអូ ដែលត្រូវបានបង្ហោះនៅលើយូធូបនោះ ម្ចាស់គណនី ដេនី ឆើនណូ បានសរសេរពន្យល់ពីវីដេអូខ្លួន ដូច្នេះថា៖ «ក្រដាសប្រាក់ ១០០រៀលខ្មែរ មានតម្លៃប្រមាណជា ២សេន ដុល្លារ។ តើធ្វើដូចម្ដេចទៅ នៅពេលដែលអ្នកមានលុយ មួយបាវ ដែលមានចំនួនច្រើនបែបនេះ ហើយឧបមាថា ខ្លួនអ្នក គឺជាអ្នកមានថ្មី ដ៏ល្ងីល្ងើរម្នាក់ ក្នុងថ្ងៃណាមួយ? វាជារឿង ដែលខ្ញុំចង់ក្លាយទៅជាអញ្ចឹង រាល់តែថ្ងៃណ្នឹង។»៕
សូមទស្សនាវីដេអូ៖