មតិ​នានា​ជុំវិញ​ការ​លា​ឈប់ ពី​សមាជិក CPP របស់ ជា ចំរើន

មិនមានច្រើនប៉ុន្មានទេ នូវករណី ដែលមន្ត្រីមានតំណែងធំ ប្រកាសលាឈប់ ពីសមាជិកភាព នៃ​គណៈកម្មការ​កណ្ដាល នៃ​គណបក្ស​ប្រជាជន​កម្ពុជា។ តើមានរឿងអ្វីឬ ទើបធ្វើឲ្យលោកមន្រ្តីធំរូបនេះ សម្រេច​ចិត្ត​លា​ឈប់​ពី​គណបក្ស កាន់​អំណាច បែបនេះ?
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី២០ វិច្ឆិកា ២០១៥
  • កែប្រែចុងក្រោយ: November 20, 2015
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មនុស្សម្នាសឹងតែគ្រប់រូប សុទ្ធតែបានដឹង និងបានឮ ហើយក៏បានថ្លែងថា មន្រ្តីគ្រាក់ៗជាច្រើន ក្នុងគណបក្ស​ប្រជាជនកម្ពុជា បើទោះខ្លួន«គ្មាន» សមត្ថភាព ឬដល់ពេលចូលនិវត្តន៍ក៏ដោយ ក៏នៅតែក្រាញននៀល អតំ​ឡើង​អាយុ ដើម្បីបានបន្តធ្វើការ សម្រាប់ឲ្យមានថានៈបុណ្យស័ក្ដិដែរ។ មានអ្នកខ្លះ ធ្វើការរហូតដល់លា​លោក មិនព្រមលាលែង ឬឈប់ពីតំណែងនោះឡើយ។

តែផ្ទុយទៅវិញ លោក ជា ចំរើន ដែលគេស្គាល់ថា ជាសមាជិកជាន់ខ្ពស់មួយរូប ពីគណៈកម្មការកណ្ដាល និង​ជាអតីតតំណាងរាស្ត្រ (អាណត្តិមុន) នៃគណបក្សប្រជាជនកម្ពុជា បែរជាដាក់លិខិតសុំលាឈប់ ឬដកខ្លួន​ចេញ ពីគណបក្សដ៏មានអំណាចមួយនេះទៅវិញ។ តើការលាឈប់នេះ មានអាថ៌កំបាំងអ្វី? ឬមានការប៉ែង​ជើង​គ្នា នៃ​តំណែង​ក្នុងជួររដ្ឋាភិបាល?

នៅលើទំព័រហ្វេសប៊ុករបស់លោក ដែលមនុស្សតាមដានជាច្រើននោះ លោក ជា ចំរើន ដែលជាសាកល​វិទ្យា​ធិការ នៃសាកលវិទ្យាល័យចំរើន ពហុបច្ចេកវិទ្យា បានបង្ហោះលិខិតលាឈប់របស់លោក ជាមួយនឹងពាក្យ​សម្​ដីមួយឃ្លា សរសេរថា៖ «ខ្ញុំបាទ បានសម្រេចលាឈប់ ពីសមាជិកគណបក្សប្រជាជន»។ លិខិតដែលដាក់​ជូន​ប្រធាន​គណបក្ស លោក ហ៊ុន សែន កាលពីថ្ងៃទី១៨ ខែវិច្ឆិកា នោះ លោក ជា ចំរើន បានសរសេរថា៖ «ខ្ញុំបាទ ជា ចំរើន ជាសមាជិកគណបក្សប្រជាជនកម្ពុជា។ (...) ខ្ញុំបាទបានចូលបំរើ ជាសមាជិកគណបក្ស​ប្រជាជន​កម្ពុជា តាំងពីឆ្នាំ១៩៩៣ រហូតមកដល់ពេលបច្ចុប្បន្ននេះ។ ហើយឥឡូវ ខ្ញុំបាទសុំលាឈប់បំរើ ការងារ​គណបក្ស​​ប្រជាជនកម្ពុជា ចាប់ពីពេលនេះតទៅ។»

យ៉ាងណាក៏ដោយ ក៏ហេតុការណ៍នៃការសុំលាឈប់របស់លោក ត្រូវបានមនុស្សជាច្រើនសម្ដែងប្រតិកម្ម។ មតិ​ជាច្រើនបានធ្វើការគាំទ្រ ដោយចាត់ទុកថា នេះជាឱកាស សម្រាប់ក្មេងជំនាន់ក្រោយផង និងជាគំរូសម្រាប់​មន្រ្តីផ្សេងៗ ដែលចូលចិត្តក្រាញអំណាច រហូតអស់ជីវិត។ ប៉ុន្តែអ្នកខ្លះទៀត បានសួរបកមកលោកវិញ ថាពិត​ជា​មានអាថ៌កំបាំង នៅពីក្រោយ និងខ្លះទៀត បានចាត់ទុកថា ជាការស្វែងរកផលចំណេញ ឲ្យដល់​រូបលោក​ផ្ទាល់។

អ្នកប្រើប្រាស់ហ្វេសប៊ុក ដាក់ឈ្មោះ «Samnang Thet Kon Pov» បានលើកឡើងថា៖ «ត្រឹមត្រូវ​ណាស់​លោកពូ ដល់ពេលដែលត្រូវគិត ពីប្រទេសជាតិជាធំហើយ» ខណៈលោក «Samot Pen» បាន​បន្ថែម​ថា៖ «អ្នក​ដែល​លា​ចេញ ពីគណបក្សប្រជាជន ទើបជាអ្នកស្នេហាជាតិពិត។ ឯអ្នកលាលែងពីបក្ស​ផ្សេង ចូល​បក្ស​ប្រជាជន គឺ​ដើម្បី​លាភសក្ការ:ប៉ុណ្ណោះ»។ ចំពោះលោក «Thol Ngorn Theng» បានចាត់ទុកថា ចូលរួម​ធ្វើ​នយោបាយ ឬ​មិន​ចូល មិនសំខាន់នោះទេ។ ប្រិយមិត្តរូបនេះ បានសរសរថា៖ «សំខាន់ការចូលរួមធ្វើ​ការងារ​សង្គម ជួយ​សង្គម​​ឲ្យ​បានច្រើននោះ ទើបអាចជួយជាតិយើងបាន»។

សម្រាប់ប្រិយមិត្តហ្វេសប៊ុកមួយរូបទៀត លោក «គង់ ច័ន្ទវាសនា» បានចោទជាសំនួរ ទៅលោក ជា ចំរើន ថា៖ «តើឯកឧត្តមបង្ហោះពាក្យសុំឈប់នេះ ក្នុងគោលបំណងអ្វី?។ ខ្លាចសម្តេច​តេជោ មិនព្រម​អោយ​ឯកឧត្តម​​លា​ឈប់ ឬដើម្បីទាក់ទាញចំណាប់អារម្មណ៍ សម្រាប់ឯកឧត្តមផ្ទាល់? តើ​ការ​បង្ហោះ​ពាក្យ​សុំ​លា​ឈប់ តាម​ហ្វេសប៊ុក​​នេះ គឺជានីតិវិធី​ដែលមានចែង ក្នុងលក្ខន្តិក:គណបក្ស ឬជាការ​យល់​ឃើញ​ផ្ទាល់​ខ្លួន របស់​ឯកឧត្តម?»

ឯលោក «Serey Sovathana» មិនជឿការលាឈប់នេះ ថាជាការពិតនោះឡើយ។ លោក​ថា ការ​លា​ឈប់​នេះ ព្រោះតែចង់បានអ្វិមួយ ដែលគេនៅមិនទាន់ដឹងប្រាកដនៅឡើយ។ អ្នកប្រើប្រាស់​ហ្វេសប៊ុក​រូប​នេះ បាន​សរសេរ​ថា៖ «មិនទាន់ជឿទាំងស្រុងទេ ព្រោះនេះអាចជាល្បិចលាឈប់ ដើម្បីចុះចូលក្នុង​​គោល​បំណង​​​អ្វី​​មួយ ដែលគ្មានអ្នកណាម្នាក់អាចស្មានដឹង»។

ដោយឡែក លោក «Saran Na» បានបង្ហាញទស្សនៈថា ការលាឈប់របស់លោក ជា ចំរើន ដោយ​សារ​​បញ្ញាវ័ន្ដ ដែលមានសញ្ញាប័ត្រដល់ថ្នាក់បណ្ឌិត លោក ជា ចំរើន មិនពេញចិត្តនឹងនយោបាយ និងទង្វើ​របស់​​គណបក្ស​កាន់​អំណាច។ «Saran Na» បានសរសរថា៖ «ខ្ញុំបាទគិតថា លោកបណ្ឌិតមិនពេញចិត្ត​និង​បក្ស​នេះ ដូច​ជា​គោល​នយោបាយ របស់បក្សនេះមិនល្អ - សកម្មភាពរបស់បក្សនេះ ធ្វើផ្ទុយ​និង​ច្បាប់ - កំពុង​​ដឹកនាំ​​ប្រទេស ទៅរកការបែកបាក់ (ហាយនៈភាព) - បង្កើតវប្បធម៌ហឹង្សា ដើម្បីគ្រប់គ្រង វប្បធម៌​​និទណ្ឌភាព - ចាត់​ទុក​អ្នក​មាន​យោបល់ផ្សេង គំនិតផ្សេង ជាខ្មាំងសត្រូវ - បង្កើតបញ្ហា ហើយគ្មានដំណោះស្រាយ មិន​​ស្តាប់​​មតិ​​ប្រជា​ពលរដ្ឋ ដែល​ជាម្ចាស់ប្រទេស បំភិតបំភ័យអ្នកវិនិយោគទុន និងអ្នកមានប្រាក់​អោយ​គាំទ្រ​ខ្លួន។ល។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...