មេ​ឃុំ​វើនសៃ រង​ការ​ចោទ​ថា ហៅ​ពលរដ្ឋ​ទៅ​ថត​រូប​បោះ​ឆ្នោត

ប្រជាពលរដ្ឋ ស្ទើរទាំងឃុំវើនសៃ បានប្រកាសតៗគ្នា ក្រោយពេលទទួលព័ត៌មានថា មេឃុំវើនសៃ ហៅទៅថតរូប នៅសាលាឃុំ ដើម្បីធ្វើប័ណ្ឌបោះឆ្នោត។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញថ្ងៃទី១ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 02, 2015
  • ប្រធានបទ: បោះឆ្នោត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប៉ុន្មានថ្ងៃមុននេះ និងបន្តមករហូតដល់ ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៥ ប្រជាពលរដ្ឋបួនភូមិ ក្នុងចំណោមប្រាំមួយភូមិ ដែល​នៅក្បែរ(ជិត) បាននាំគ្នា ទៅសាលាឃុំ តាមការកោះហៅ របស់មេឃុំ និងមេភូមិ ដើម្បីថតរូប។ តែពួកគាត់មួយចំនួន ត្រូវ​បានទទួលឲ្យថតរូប និងមួយចំនួនទៀត ត្រូវបានបដិសេធមិនឲ្យថត ក្រោមមូលហេតុថា ថតឲ្យតែអ្នកជាសមាជិក គណបក្ស​ប្រជាជនកម្ពុជា តែប៉ុណ្ណោះ។ ឯអ្នកមកពីគណបក្សផ្សេង ពិសេសមកពី គណបក្សសង្គ្រោះជាតិ មិន​អនុញ្ញាត​ឲ្យ​ថត​ឡើយ។

ប្រជាពលរដ្ឋម្នាក់ មកពីភូមិវើនសៃ ឃុំវើនសៃ ស្រុកវើនសៃ ខេត្តរតនគីរី បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នាព្រឹក​ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៥នេះថា ចំពោះព័ត៌មាន ដែលមេឃុំហៅទៅថតរូបនោះ លោកមិនបានទទួលព័ត៌មាន​ច្បាស់​ការ ថាទៅថតរូបដើម្បីអ្វីទេ។ លោក ប៉ង ថង បានបន្ថែមថា តែប្រជាពលរដ្ឋ ដែលបានទទួលដំណឹងតៗគ្នា បានប្រាប់​ថា លោកមេឃុំ បានប្រាប់លោកមេភូមិមួយៗថា ឲ្យប្រជាពលរដ្ឋទៅថតរូប ដើម្បីធ្វើប័ណ្ណបោះឆ្នោត អ្នកខ្លះទៀតថា ទៅ​ថត​រូបដើម្បីធ្វើប័ណ្ណ អាចចេញចូល ទៅមកក្នុងនិងក្រៅឃុំបាន។

លោក ប៉ង ថង ដែលជាសកម្មជន គណបក្សសង្គ្រោះជាតិ បានបញ្ជាក់ឲ្យដឹងថា៖ «ម៉ាក់ខ្ញុំលឺថា មេឃុំហៅទៅថតរូប ក៏ទៅជាមួយគេ ដល់ពេលទៅ គេមិនថតឲ្យទេ។ ដោយបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាថតផ្សេង គណបក្ស​សង្គ្រោះ​ជាតិថតផ្សឹង។ (...) គេដឹងថា ខ្ញុំនៅខាងហ្នឹង (គណបក្សសង្គ្រោះជាតិ) ហើយថាម៉ាក់ខ្ញុំ នៅហ្នឹងដែរ គេមិន​ថត​ឲ្យ​ទេ។»

ប្រជាពលរដ្ឋម្នាក់ទៀត បានលើកឡើង ប្រហែលគ្នានេះដែរថា មេភូមិ បានប្រាប់ពួកគាត់ថា ឲ្យប្រជាពលរដ្ឋទៅកាន់​សាលាឃុំ ដើម្បីថតរូបធ្វើប័ណ្ណបោះឆ្នោត ទើបបានជាពួកគាត់ ប្រកាសប្រាប់គ្នា ដើម្បីបានទៅជុំជាមួយគ្នា តែម្តង។ ដល់​ពេលទៅដល់ ទើបប្រាប់ថា ថតរូបឲ្យតែអ្នក ដែលជាសមាជិកគណបក្សប្រជាជនកម្ពុជា ប៉ុណ្នោះ។ ប្រជាពលរដ្ឋ ដែល​សុំមិនបញ្ចេញឈ្មោះ និងជាអតីតសមាជិក គណបក្សប្រជាជនកម្ពុជា បានលើកឡើងថា៖ «គេប្រាប់ខ្ញុំថា មកថត​រូបដើម្បីធ្វើប័ណ្ណបោះឆ្នោត។ ពួកខ្ញុំមកដល់ គេក៏រើសអ្នកណា ដែលធ្លាប់ជាសមាជិក គណបក្សប្រជាជនកម្ពុជា ក៏ចាប់​ឲ្យ​ចូលថតរូបតែម្តង។ ខ្ញុំចង់ប្រកែក ក៏នឹងពិបាកដែរ តែបើដឹងថាថតរូប ធ្វើសមាជិកបក្ស ពួកខ្ញុំមិនមកទេ។»

ឯលោក លាង ឌួង តំណាងគណបក្សសង្គ្រោះជាតិ បានបង្ហាញនូវការមិនគាំទ្រថា លោកមេឃុំ បានធ្វើការបោក​បញ្ចោត ដើម្បីឲ្យប្រជាពលរដ្ឋទាំងអស់ ទៅដល់សាលាឃុំ ដើម្បីចាប់ថតរូបតែម្តង។ លោកបន្តថា ចំពោះអ្នកណា ដែល​លោកច្បាស់ថា ជាសមាជិកគនបក្សសង្គ្រោះជាតិ គឺមិនអនុញ្ញាតិឲ្យថតតែម្តង។ លោក ឌួង បានថ្លែងថា៖ «អ្វីដែល​សំខាន់ គាត់ឃោសនាខុស។ ខុសត្រង់ថា គាត់ប្រាប់ថា ថតធ្វើប័ណ្ណបោះឆ្នោត ឬប័ណ្ណសមាជិកភូមិ ទើបប្រជាពលរដ្ឋ​នាំគ្នាទៅ។ ដល់ពេលទៅដល់ ពលរដ្ឋមួយចំនួន ត្រូវបង្ខំចិត្តថត និងត្រូវបានមេភូមិ ជម្រុញថែមទៀត ពួកគាត់ចង់មិន​ចង់ ក៏ត្រូវតែថតដែរ។»

ទាក់ទងនឹងការវចោទប្រកាន់ របស់ប្រជាពលរដ្ឋខាងលើ លោកមេឃុំវើនសៃ បានធ្វើការបដិសេធថា លោកមិនបាន​បង្គាប់ ឲ្យប្រជាពលរដ្ឋមកថតរូប ដើម្បីធ្វើប័ណ្ណបោះឆ្នោតនោះទេ តែឲ្យពួកគាត់ មកថតរូបដើម្បីបំពេញប្រវត្តិរូបថ្មី ជា​សមាជិក​គណបក្សប្រជាជនកម្ពុជា តាមការបញ្ជា ពីថ្នាក់ស្រុកប៉ុណ្ណោះ។ លោកមេឃុំ ផល្លី បានបន្តថា៖ «មិនមែន​ជា​ប័ណ្ណ​បោះ​ឆ្នោតទេ។ ខាងក្រុមប្រឹក្សាស្រុក បញ្ជាមកឲ្យថតរូបដើម្បីបិទ លើបញ្ជីក្រុមបក្ស របស់គណបក្សប្រជាជន។ (...) មិន​មែន​ថតរូប ធ្វើប័ណ្ណបោះឆ្នោតទេ។»

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចទាក់ទង សុំការបញ្ជាក់បន្ថែម ពីលោក ជុំ ងិល អភិបាលស្រុកវើនសៃ និងអ្នកនាំ​ពាក្យ គណបក្សសង្គ្រោះជាតិបានទេ។ តែមន្រ្តីម្នាក់ របស់គណបក្សសង្គ្រោះជាតិ បានលើកឡើងថា ចំពោះការ​ប្រកាស​ថា មកធ្វើប័ណ្ណបោះឆ្នោតនោះ ជាចេតនារបស់លោកមេឃុំ ដេលចង់ឲ្យប្រជាពលរដ្ឋទាំងអស់ទៅ ហើយលោកហៅ​អ្នកណា ដែលជាសមាជិកគណបក្សប្រជាជន មកថត និងក៏អាចបង្ខំ ឲ្យពួកគេថតបានដែរ។ មន្ត្រីគណបក្សប្រឆាំង បាន​ថ្លែង​ឡើង​ថា៖ «បើមិនប្រាប់ថា មកថតធ្វើប័ណ្ណបោះឆ្នោត ធ្វើម៉េចប្រជាពលរដ្ឋនាំគ្នាទៅសាលាឃុំ។ (...) បើប្រាប់ថា ថតរូប​ដើម្បី​ធ្វើ​ប័ណ្ណ សមាជិកគណបក្ស ច្បាស់ជាពលរដ្ឋមិននាំគ្នាទៅទេ។ នេះជាចេតនា របស់មេឃុំ ក្នុងការថតរូប​លើក​នេះ។»

មន្រ្តីដដែលនេះ បានបន្តថា ចំពោះសកម្មភាពថតរូបប្រជាពលរដ្ឋ របស់លោកមេឃុំវើនសៃ ដែលមកពីគណបក្ស​ប្រជាជន​នាពេលនេះ ក៏ខុសនឹងច្បាប់រដ្ឋបាលដែរ។ លោកបញ្ជាក់ថា៖ «បើជាបុគ្គល នោះជាមនុស្សរបស់បក្ស។ តែបើ​ក្នុង​នាម​ជា​មេឃុំ នោះជាមនុស្សរបស់រាស្រ្ត តំណាងឲ្យរាស្រ្ត ដោះស្រាយបញ្ហាជូនរាស្រ្ត។ (...) មិនអាច​ប្រើតួូនាទី​លាយ​ឡំ​គ្នា​បាន​ទេ។ (...) ដូច្នេះ ការថតរូបក្នុងនាមគណបក្ស ត្រូវបានធ្វើឡើង នៅទីស្នាក់ការបក្ស មិនមែននៅក្នុងសាលាឃុំ ដែល​ជា​ទី​ចាត់​តាំង​រដ្ឋបាល របស់អាជ្ញាធរមូលដ្ឋានឡើយ។ ក្នុងនាមជាអាជ្ញាធរមូលដ្ឋាន គ្មាននិន្មាការគណបក្ស​នយោបាយ​ណា​មួយ​ឡើយ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...