ទីបំផុត ចៅសង្កាត់ CNRP ថ្មីបានបន្ទប់សង្កាត់ធ្វើការហើយ!
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១១ កក្កដា ២០១៧
- កែប្រែចុងក្រោយ: July 11, 2017
- ប្រធានបទ: ជ្រុងមួយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«សាលាសង្កាត់ ជាកម្មសិទ្ធិរបស់រដ្ឋ មិនមែនជារបស់ឯកជនទេ! សូមបងប្អូនប្រជាពលរដ្ឋជ្រាប ជាដំណឹង។» នេះ ជាសាររិះគន់មួយ ដែលយកគំរូ តាមសារ«មីក្រូហិរញ្ញវត្ថុ»ដ៏ល្បី នៅក្នុងរយៈពេល នៃការផ្លាស់ប្ដូរតំណែង នៃមេឃុំ ឬចៅសង្កាត់ ទើបជាប់ឆ្នោតថ្មី មួយចំនួន ដែលត្រូវបានមេឃុំ ឬចៅសង្កាត់ចាស់ បដិសេធមិនព្រមប្រគល់បន្ទប់ចៅសង្កាត់ នៅក្នុងអាគារសាលាឃុំ ឬសាលាសង្កាត់ឲ្យធ្វើការ ក្រោមហេតុផលថា អាគារនោះសង់ឡើង ដោយគណបក្សប្រជាជនកម្ពុជា ឬដោយថវិកាផ្ទាល់ខ្លួន របស់មេឃុំ ឬចៅសង្កាត់ចាស់។
ហើយនេះ ជាករណីរបស់លោក ជិន សុខង៉េង ដែលទើបនឹងជាប់ឆ្នោត ជាចៅសង្កាត់ថ្មី មកពីគណបក្សសង្គ្រោះជាតិ ក្នុងសង្កាត់សាលាកម្រើក ក្រុងសៀមរាប មុននឹងត្រូវបានចៅសង្កាត់ចាស់ មកពីគណបក្សប្រជាជនកម្ពុជា បើកសោរប្រគល់បន្ទប់ចៅសង្កាត់ ឲ្យលោកបានចូលធ្វើការពេញលេញ ក្នុងព្រឹកថ្ងៃទី១១ ខែកក្កដានេះ។ ចៅសង្កាត់ថ្មីវ័យក្មេង បានសរសេរនៅលើបណ្ដាញសង្គម អះអាងថា៖ «ព្រឹកនេះ ខ្ញុំបានបន្ទប់ចូលបំពេញការងារ បម្រើពលរដ្ឋហើយ» ។
កាលពីម្សិលម៉ិញ ចៅសង្កាត់ជាប់ឆ្នោត បានសរសេរត្អូញត្អែរ ពីការគ្មានបន្ទប់ សម្រាប់ធ្វើការត្រឹមត្រូវថា៖ «តាំងពីការប្រកាសចូលកាន់តំណែង រហូតមកដល់ព្រឹកថ្ងៃច័ន្ទនេះ ខ្ញុំចៅសង្កាត់ថ្មីសាលាកំរើក មិនទាន់មានបន្ទប់ធ្វើការ សម្រាប់បម្រើសេវា ជូនពលរដ្ឋនៅឡើយទេ ក៏ព្រោះតែបន្ទប់ ត្រូវបានអតីតចៅសង្កាត់ធ្លាក់ឆ្នោតចាក់សោរ មិនឲ្យចៅសង្កាត់ថ្មី ចូលធ្វើការងារ»។
ប៉ុន្តែនៅថ្ងៃនេះ ដំណឹងនៃការទទួលបានបន្ទប់ធ្វើការនេះ ត្រូវបានអបអរជាទូទៅ។ លោក ជិន សុខង៉េង បានសំដែងក្ដីដឹងគុណ ទៅដល់សាធារណមតិ ដែលបានលើកឡើង ពីរឿងរ៉ាវដ៏ប្រទាំងប្រទើសនេះ រហូតលុះត្រាលោក ទទួលបានបន្ទប់ធ្វើការ។ លោកបានសរសេរថា៖ «ខ្ញុំថ្លែងអំណរគុណបងប្អូន ដែលជួយតស៊ូមតិតាមរយៈបណ្តាញសង្គម នានា ។ បណ្តាញសង្គម ជាឱសថដ៏មានប្រសិទ្ធភាព ដើម្បីបង្ហាញពីធាតុពិត នៃសង្គម ក្នុងការកសាងលិទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា។»៕