អង្គការអន្តរជាតិស្នើកម្ពុជា ឲ្យបញ្ចប់ការតែងតាំងកម្លាំងប្រដាប់អាវុធ ក្នុងបក្សកាន់អំណាច
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី៥ កុម្ភៈ ២០១៥
- កែប្រែចុងក្រោយ: February 15, 2015
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោក ប្រ៊ែដ អាដាម (Brad Adams) នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស ហៅថា Human Rights Watch បានថ្លែងថា លោកស្នើសុំឲ្យប្រទេសកម្ពុជា បញ្ចប់នូវការទាញយក កងកម្លាំងប្រដាប់អាវុធឯករាជ្យរបស់ជាតិ ដាក់បញ្ចូលទៅក្នុងគណបក្សកាន់អំណាច ដើម្បីការពារនូវអំណាចរបស់គណបក្សផ្ទាល់ខ្លួននោះ។ លោកបន្តថា កងកម្លាំងប្រដាប់អាវុធទាំងនោះ គួឈរនៅជាអព្យាក្រិត្យ និងគោរពសិទ្ធិមនុស្ស ពិសេសមិនត្រូវនៅជាកម្មសិទ្ធិផ្តាច់មុខ របស់គណបក្សកាន់អំណាចនោះឡើយ។
ការថ្លែងរបស់លោក លោក ប្រ៊ែដ អាដាម (Brad Adams) បានធ្វើឡើង បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា បានដាក់បញ្ចូលថ្នាក់ដឹកនាំយោធា កងរាជអាវុធហត្ថ និងប៉ូលិសប្រមាណ៨០នាក់ និងមន្ត្រីសន្តិសុខផ្សេងទៀត ទៅក្នុងគណៈកម្មាធិការកណ្ដាល នៃគណបក្សកាន់អំណាចមួយនេះ ក្នុងសមាជវិសាមញ្ញនៃគណបក្ស កាលពីថ្ងៃទី១ ខែកុម្ភៈឆ្នាំ២០១៥។
នៅថ្ងៃទី៤ ខែកុម្ភៈនេះ ក្រុមអង្គការសង្គមស៊ីវិលមួយចំនួន ក៏បានផ្សាយចេញ នូវសេចក្តីថ្លែងការណ៍របស់ខ្លួន ធ្វើការរិះគន់ដល់ថ្នាក់ដឹកនាំ របស់គណបក្សកាន់អំណាច ដែលបានគាំទ្រ តំឡើងស័ក្ត និងបញ្ចូលថ្នាក់ដឹកនាំ នៃកងកម្លាំងប្រដាប់អាវុធ ឲ្យទទួលតួនាទីថ្មីក្នុងបក្សប្រជាជនកម្ពុជា។ ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ បានសរសេរបន្តថា អ្នកទាំងនោះ សុទ្ធសឹងមានការពាក់ព័ន្ធ នឹងការរំលោភសិទ្ធិមនុស្ស។
មន្រ្តីកងកម្លាំងប្រដាប់អាវុធទាំងនោះ មានដូចជា លោក ទា វិញ មេបញ្ជាការកងទ័ពជើងទឹក - លោក ឈុំ សុជាតិ នាំពាក្យក្រសួងការពារជាតិ - លោក ស្រី ឌឹក មេបញ្ជាការប្រចាំភូមិភាគ៤តំបន់ប្រាសាទព្រះវិហារ - លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ - លោក ម៉ក់ ជីតូ អគ្គស្នងការរងនៃអគ្គស្នងការនគរបាលជាតិ - លោក ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ - លោក រ័ត្ន ស្រ៊ាង អគ្គមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស - លោក ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ។
ឯមន្ត្រីជាន់ខ្ពស់ដឹកនាំកងទ័ព កំពុងមានតួនាទី ក្នុងគណៈកម្មាធិការកណ្ដាល នៃគណបក្សប្រជាជនកម្ពុជាកន្លងមក មានដូចជា លោក ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ - លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ - លោក គន់ គីម និងលោក មាស សុភា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ។
លោក ប្រ៊ែដ អាដាម បានធ្វើចំណាប់អារម្មណ៍ លើសមាជិកគណបក្សប្រជាជនកម្ពុជា ដែលមានតួនាទីខ្ពស់ៗថា តែងតែរួចខ្លួន ពីការរំលោភសិទ្ធិមនុស្ស និងបង្កឲ្យមាននីទណ្ឌភាពនៅកម្ពុជា។ ព្រះរាជអាជ្ញា និងចៅក្រមនៅកម្ពុជា ខ្លាចអំណាចរបស់មន្ត្រីជាន់ខ្ពស់គ្រប់គ្រងផ្នែកសន្តិសុខ។ ដូច្នេះវត្តមាននៃមន្ត្រីយោធា និងប៉ូលិសទាំងនោះ ចូលជាសមាជិកជាន់ខ្ពស់ ក្នុងគណបក្សប្រជាជនកម្ពុជា នាំឲ្យមន្ត្រីតុលាការកាន់តែមានការភិតភ័យ និងខ្លាចកាន់តែខ្លាំង ក្នុងពេលបំពេញ មុខងារ ការងារ និងវិជ្ជាជីវៈរបស់ខ្លួន។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានសរសេរថា៖ «ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ (…) ការប្រើប្រាស់កម្លាំងហួសហេតុ ក្នុងការសម្លាប់បាតុករ ការបណ្តេញប្រជាពលរដ្ឋដោយបង្ខំ ពីលំនៅដ្ឋាន ការសម្លាប់ និងធ្វើឃាតបែបនយោបាយ និងការធ្វើទារុណកម្ម ការបង្ខាំងមនុស្ស ការរំលោភ និងការជួញដូរមនុស្សជាដើម ពួកគេទទួលខុសត្រូវចំពោះប្រវត្តិសាស្រ្ត។ (…) ការកាន់តំណែងជាន់ខ្ពស់ ក្នុងគណបក្សកាន់អំណាចរបស់ប្រទេសកម្ពុជា គឺជាវិធីងាយស្រួល គេចវ៉េសពីយុត្តិធម៌ ក្រោយពីបានប្រព្រឹត្តការរំលោភសិទ្ធិមនុស្ស។»
ឆ្លើយតបនឹងការលើកឡើងខាងលើ លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានចាត់ទុកថា ការដាក់កងកម្លាំងប្រដាប់អាវុធទាំងអស់ ក្នុងគណៈកម្មាធិការកណ្ដាលនៃគណបក្សប្រជាជនកម្ពុជានោះ មិនប៉ះពាល់ដល់អព្យាក្រឹតភាព របស់មន្ត្រីទាំងនោះទេ។ លោកបានបញ្ជាក់ តាមរយៈសារព័ត៌មានក្នុងស្រុកមួយថា៖ «សំខាន់ពួកគាត់អនុវត្ត ទៅតាមតួនាទីរបស់គាត់ នៅក្នុងផ្លូវរដ្ឋ ការងាររដ្ឋ គាត់អត់ធ្វើការ ប្រលូកនឹងកិច្ចការបក្សទេ។ (…) ខ្ញុំអាជ្ញាធរដែនដីដូចគ្នា ការងារបក្សជារឿងមួយផ្សេង ជារឿងផ្ទាល់ខ្លួ។ ប៉ុន្តែការងាររដ្ឋ ដែលបំពេញការផ្តល់សេវាសាធារណៈ និងផ្តល់ការងារសន្តិសុខ ធ្វើតាមតួនាទី។»
សម្រាប់លោក ឈាង វុន ដែលទើបនឹងជាប់ជាសមាជិកថ្មី ក្នុងគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជានោះ ក៏យល់ដែរថា ការបញ្ចូលបញ្ជាការកងកម្លាំងប្រដាប់អាវុធ ទៅក្នុងគណបក្សនោះគ្មានអ្វីខុសទេ ព្រោះលោកយល់ថា កងកម្លាំងប្រដាប់អាវុធទាំងនោះ មានសិទ្ធិចូលរួមក្នុងរឿងនយោបាយ។
យោងតាមច្បាប់ស្ដី ពីគណបក្សនយោបាយនៅកម្ពុជា មាត្រា១៥ វាក្យខណ្ឌទីពីរ បានចែងថា៖ «បុព្វជិត មន្រ្តីតុលាការ កងយោធពលខេមរភូមិន្ទ និងកងកម្លាំងនគរបាលជាតិ អាចចូលជាសមាជិកគណបក្សនយោបាយនានាបាន តែមិនត្រូវធ្វើសកម្មភាពគាំទ្រ ប្រឆាំងនឹងគណបក្សនយោបាយណាមួយឡើយ។ គណបក្សនយោបាយ មិនត្រូវរៀបចំរចនាសម្ព័ន្ធចាត់តាំង ក្នុងស្ថាប័ន សាសនា តុលាការ កងយោធពលខេមរភូមិន្ទ និងកងកម្លាំងនគរបាលជាតិទេ។»
សូមរំលឹកថា ក្នុងមហាសន្និបាទគណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃទី០១ខែកុម្ភៈ ឆ្នាំ២០១៥នេះ សមាជិកថ្មីប្រមាណ៣០៦រូប បានបញ្ចូលទៅក្នុងគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា ក្នុងនោះរួមមានទាំងកូនៗ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។ ជាសរុប គណៈកម្មាធិការកណ្ដាលនេះ មានសមាជិកចំនួន៥៤៥នាក់ ក្នុងនោះមានយ៉ាងតិចណាស់ ១១៦នាក់ មានតួនាទីនៅក្នុងកងកម្លាំងប្រដាប់អាវុធ និងគ្រប់គ្រងសន្តិសុខជាតិ បើគេរាប់ទាំងថ្មីទាំងចាស់។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានបន្ថែមថា អង្គភាពជាច្រើនដែលគ្រប់គ្រង ដោយសមាជិកនៃគណៈកម្មាធិការកណ្ដាល របស់គណបក្សប្រជាជនកម្ពុជានេះ ធ្លាប់មានប្រវត្តិរំលោភសិទ្ធិមនុស្ស ការបាញ់សម្លាប់បាតុករ បង្ខំបណ្ដេញពលរដ្ឋចេញពីផ្ទះសម្បែង ឃាតកម្មនយោបាយ ធ្វើទារុណកម្ម ការចាប់ឃុំខ្លួនយ៉ាងអនាធិបតេយ្យ រំលោភសិទ្ធិមនុស្ស និងរត់ពន្ធមនុស្ស។ អង្គការនេះ ស្នើឲ្យប្រទេសជាម្ចាស់ជំនួយរបស់កម្ពុជា ជំរុញឲ្យប្រទេសនេះបញ្ឈប់ ការធ្វើការតែងតាំងកងកម្លាំងប្រដាប់អាវុធទាំងអស់ នៅក្នុងគណបក្សនយោបាយ៕