CNRP ប្រគល់ផែនទីមកពីបារាំងដល់រាជបណ្ឌិតសភា (vdo)
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី១០ សីហា ២០១៥
- កែប្រែចុងក្រោយ: August 12, 2015
- ប្រធានបទ: ព្រំដែន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥ នៅស្នាក់ការគណបក្សសង្គ្រោះជាតិ សង្កាត់ចាក់អង្រែលើ លោកសុខ ទូច និងមន្ត្រីមួយចំនួនទៀត មកពីរាជបណ្ឌិតសភា បានចុះហត្ថលេខា ព្រមទទួលយកផែនទីខ្មែរ ជាផ្ទាំង និងជា ឌីជីថល (ជាហ្វាល់កុំព្យូទ័រ) ពីគណបក្សនេះ។ ក្នុងការទទួលយកនេះ លោក សុខ ទូច ដែលជាប្រធានក្រុមការងារស្រាវជ្រាវ បញ្ហាព្រំដែន នៃរាជបណ្ឌិតសភាកម្ពុជា បានប្រកាសជាចំហរ ដល់ពលរដ្ឋខ្មែរទាំងមូលថា នឹងអាចមិនគាំទ្រគណបក្សទាំងពីរ ក្នុងការបោះឆ្នោតអាណត្តិក្រោយ បើគណបក្សទាំងពីរនេះ នៅមិនឯកភាពគ្នា ពីបញ្ហាព្រំដេនទៀត។
លោក សុខ ទូច បានថ្លែងបញ្ជាក់ថា៖ «ធ្វើតែមួយហ្នឹងហើយ (គណបក្ស) បានជាឈ្លោះគ្នា។ អញ្ចឹងបានជារាជបណ្ឌិតសភា ដើរតួលើកយកផែនទី មកដាក់លើតុហ្នឹង។ បើមួយធ្វើ មួយមិនធ្វើ!!។ អីចឹងរឿងនេះ ប្រជាជនបានដាក់សេចក្តីទុកចិត្ត ទៅឲ្យគណបក្សទាំងពីរ។ (...) ចង់ ឬមិនចង់ គណបក្សទាំងពីរ ត្រូវតែចូលខ្លួនដោះស្រាយបញ្ហានេះ សម្រាប់ជាតិទៅថ្ងៃអនាគត។»
ការជជែក ជាមួយតំណាងរាជបណ្ឌិតសភាកម្ពុជា ក្នុងការដោះស្រាយបញ្ហារឿងព្រំដែននេះ ក៏ត្រូវបានលោក ឡុង រី តំណាងរាស្រ្តមកពីគណបក្សសង្គ្រោះជាតិ ទទួលស្គាល់ដែរ។ លោក ឡុង រី បានលើកឡើងថា លោកចង់បានការឯកភាព រវាងខ្មែរតែមួយ ឯកភាពលើផែនទីតែមួយ ដើម្បីឈានទៅរកដំណោះស្រាយជាតិ ដើម្បីឈាន ទៅរកការដោះស្រាយបញ្ហាព្រំដែន នៃប្រទេសជិតខាង។ លោក បានថ្លែងឲ្យដឹងថា៖ «គោលដៅរួមរបស់យើង គឺការដោះស្រាយបញ្ហាជាតិ មិនត្រូវខ្លាចនឹងការប្រឈម នូវឧបសគ្គតិចតួចនោះឡើយ។»
ទាក់ទងនឹងផែនទី ដែលប្រគល់ឲ្យក្រុមស្រាវជ្រាវ របស់រាជបណ្ឌិតសភា តំណាងដោយលោក សុខ ទូច នេះ ត្រូវបានលោក ហុង ស៊ុនហួរ សមាជិកព្រឹទ្ធសភា មកពីគណបក្សសមរង្ស៊ី បានលើកឡើងថា មាន២៦ផ្ទាំង និងរួមនឹងផែនទី ឌីជីថល DVD នោះផង។ លោក ស៊ុនហួរ ដែលជាមន្ត្រីខុទ្ទកាល័យលោក សម រង្ស៊ី បានពន្យល់ថា ផែនទីនោះជាផែនទី ដែលមានខ្នាត១/១០០ពាន់ ដែលបោះពុម្ភ ដោយក្រុមភូមិសាស្រ្តឥណ្ឌូចិន នៅក្នុងអំឡុងឆ្នាំ១៩៣៣ -១៩៥៣ ប៉ុន្តែមិនត្រូវបាន ក្រុមការងាររបស់លោក អះអាងថា ជាផែនទី«ពិត»ឡើយ។
លោក សុខ ទូច បានបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្ននេះ ក្រុមស្រាវជ្រាវរបស់លោក ក៏បានទទួលនូវផែនទី ពីអង្គការសហប្រជាជាតិចំនួន២០ផ្ទាំង ក្នុងនោះមាន ផែនទីពង្រីកចំនួន២ផ្ទាំង។ លោកបន្ថែមថា លោកក៏បានទទយលផែនទីមួយចំនួន ពីរាជរដ្ឋាភិបាលចំនួន២៦ផ្ទាំង, ពីបណ្ណាល័យសហរដ្ឋអាមេរិក ២៦ផ្ទាំង, ពីបណ្ណាល័យកូសាំងស៊ីន នៃប្រទេសបារាំង២៦ផ្ទាំង និងពីលោក ស៊ាង ប៉េងសែ ចំនួន១៤៩ផ្ទាំង។ លោកបន្តថា លោកនៅតែទទួលយក ផែនទីពាក់ព័ន្ធនានា ពីបណ្តាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ដែលចង់ផ្តល់ផែនទីទាំងនោះ មកក្រុមការងារលោក។
សូមបញ្ជាក់ថា ការប្រគល់ផែនទី របស់គណបក្សសង្គ្រោះជាតិ នៅពេលនេះ មានផែនទីដែលបានបោះពុម្ភលើក្រដាស ជាគំរូចំនួន៣ផ្ទាំង ពាក់ព័ន្ធនឹងតំបន់ទាន់ហន់ ក្នុងខេត្តខេត្តកំពតមួយផ្ទាំង ពាក់ព័ន្ធនឹងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀងមួយផ្ទាំង និងមួយផ្ទាំងទៀតពាក់ព័ន្ធនឹងឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ក្រៅពីនោះ ជាផែនទី ឌីជីថល ស្ថិតក្នុង DVD ចំនួន២៦ផ្ទាំង៕