គឹម សុខ ប្រាប់ ហ៊ុន សែន ទោះថែម១០០បណ្ដឹងទៀត...
- ដោយ: ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី១៦ កុម្ភៈ ២០១៧
- កែប្រែចុងក្រោយ: February 16, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅចំពោះការថែមបណ្ដឹងថ្មីមួយទៀត ប្ដឹងលោក ឡើងទៅតុលាការនោះ លោក គឹម សុខ អ្នកអ្នកឃ្លាំមើលបញ្ហាសង្គម បានចេញមកប្រកាសប្រាប់ ពីជំហររបស់លោកថា បណ្ដឹងមួយ ឬពីរ ឬចង់លោក ហ៊ុន សែន ប្ដឹងលោកថែម ១០០បណ្ដឹងទៀត ក៏លោកនៅមិនប្ដូរជំហររបស់លោក ក្នុងការធ្វើអត្ថាធិប្បាយ ស្ដីពីសង្គម និងនយោបាយនោះដែរ។
កាលពីថ្ងៃចន្ទ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យលោក គី តិច មេធាវីតំណាងដោយអាណត្តិរបស់លោក ដាក់ពាក្យបណ្ដឹង ទៅកាន់សាលាដំបូង ប្ដឹងលោក គឹម សុខ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ ឲ្យមានភាពវិកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម ទាក់ទងនឹងការធ្វើអត្ថាធិប្បាយមួយ របស់អ្នកវិភាគរូបនេះ ដែលនិយាយថា គណបក្សប្រជាជនកម្ពុជា ទំនងជានៅពីក្រោយឃាតកម្ម បាញ់សម្លាប់លោក កែម ឡី កាលពីខែកក្កដា ឆ្នាំទៅម៉ិញ។
ប៉ុន្តែពីម្សិលម៉ិញនេះ សារព័ត៌មានក្នុងស្រុកមួយ ដែលគេស្គាល់ថា ជាអ្នកនាំពាក្យឲ្យរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា បានរាយការណ៍ថា លោក ហ៊ុន សែន នឹងឲ្យមេធាវីរបស់លោក ប្ដឹងលោក គឹម សុខ មួយករណីទៀត ទាក់ទងនឹងការលើកឡើងថា រដ្ឋាភិបាលលោក ហ៊ុន សែន បានបង្កើត ឲ្យមាន«ប្រព័ន្ធមួយ ដែលមានការសម្លាប់មនុស្សហើយ រកមុខឃាតកមិនឃើញ»។
នៅចំពោះការប្ដឹងផ្ទួនៗ ពីសំណាក់នាយករដ្ឋមន្ត្រីនេះ លោក គឹម សុខ បានថ្លែងឡើងថា លោកនៅតែរក្សាជំហរដដែល ក្នុងការធ្វើអត្ថាធិប្បាយ ពីបញ្ហាសង្គម និងនយោបាយ។ លោកបន្ថែមថា «[ខ្ញុំ]មិនរត់ទៅណាទេ កុំថាឡើយដាក់មួយបន្ថែមទៀត ដាក់១០០ថែម ទៀត ក៏ខ្ញុំមិនរត់ទៅណាដែរ ជម្រាបជំហរច្បាស់លាស់ អំពីរឿងហ្នឹង»។
បន្ទាប់ពីដាក់ពាក្យបណ្ដឹង កាលពីថ្ងៃចន្ទរួចហើយ នៅក្នុងថ្ងៃនោះដដែល សាលាដំបូងក៏បានចេញដីកាមួយ បង្គាប់ឲ្យលោក គឹម សុខ ចូលបំភ្លឺនៅថ្ងៃសុក្រ ស្អែកនេះ។ ប៉ុន្តែលោក គឹម សុខ បានត្អូញត្អែរ ពីការរកមេធាវីការពារខ្លួនលោកមិនបាន និងបានស្នើឲ្យតុលាការពន្យាពេល ការចូលខ្លួនទៅបំភ្លឺ។ តែការស្នើសុំរបស់លោក ត្រូវបានតុលាការបដិសេធ នៅថ្ងៃព្រហស្បត្តិ៍នេះ។
លោក គឹម សុខ បាននិយាយថា លោកគ្មានប្រាក់ជួលមេធាវី ហើយមេធាវីភាគច្រើន ក៏មិនទទួលយកសំនុំរឿង របស់លោកដែរ ដោយហេតុថា ដើមបណ្ដឹង គឺជានាយករដ្ឋមន្ត្រី។ លោកបានពន្យល់ថា៖ «មិនហ៊ានទទួលហ្នឹងមែនហើយ ពិចារណាបារម្ភអំពីរឿងក្តី របស់ខ្ញុំហ្នឹង វាចំពេក សម្តេចនាយករដ្ឋមន្ត្រី គាត់បញ្ជាឲ្យប្តឹង [ក៏]ប្ដឹងតែម្តង»។
នៅក្នុងបណ្ដឹងដំបូង ប្រឆាំងលោក គឹម សុខ នោះ នាយករដ្ឋមន្ត្រីកម្ពុជា ដែលមិនរង្គើពីតំណែង តាំងពីជាង៣ទសវត្សន៍មកនោះ បានប្ដឹងទាមទារ ឲ្យតុលាការផ្ដន្ទាទោសអ្នកវិភាគរូបនោះ តាមច្បាប់ និងទារសំណងចំនួនកន្លះលានដុល្លារ (៥០ម៉ឺនដុល្លារ)។ មិនត្រឹមតែប៉ុណ្ណឹង លោក ហ៊ុន សែន នៅបានបញ្ជាទៅកងកម្លាំងនគរបាល ឲ្យតាមឃ្លាំមើលលោក គឹម សុខ ដោយបារម្ភខ្លាចលោក គឹម សុខ រត់ចេញទៅក្រៅប្រទេស។ ជាការបារម្ភ ដែលលោក គឹម សុខ ខ្លួនលោកបានច្រានចោល និងអះអាងថា សុខចិត្តនៅតតាំង តាមផ្លូវតុលាការ ក្នុងប្រទេសកម្ពុជា។
នាយកប្រតិបត្តិអង្គការខុមហ្វ្រែល លោក គល់ បញ្ញា បានសរសេរនៅបណ្ដាញសង្គម រិះគន់ដោយមិនចំមុខ ថានៅប្រទេសប្រជាធិតេយ្យសេរី និងនីតិរដ្ឋ អ្នកនយោបាយ ពិសេសជាអ្នកដឹកនាំ អំណាចនយោបាយ របស់រដ្ឋាភិបាល ឬជាគណបក្សនយោបាយ មិនប្តឹងប្រជាពលរដ្ឋ អំពីបទបរិហារកេរ្តិ៍ ទាក់ទិនការចោទប្រកាន់ ឬការទិតៀននយោបាយ ជាមួយការទារសំណងទឹកលុយ ដ៏សម្បើមហួសហេតុដូចនេះទេ។
លោក គល់ បញ្ញា បានសរសេរបន្តថា៖ «ខ្លួនជាបុគ្គលសាធារណៈ ឬនីតិបុគ្គល ស្វែងរកកេរ្តិ៍ឈ្មោះ ដើម្បីបានអំណាចនយោបាយ តែមិនដូចបុគ្គលសាធារណៈ ជាសិល្បករ ឬកីឡាករ អ្នករកសុី (Celebrities) កេរ្តិ៍ឈ្មោះទាក់ទិនតម្លៃលុយ [នោះឡើយ]។ ការខូចខាតកេរ្តិ៍ឈ្មោះ របស់អ្នកនយោបាយ ឬគណបក្ស គឺត្រឹមតម្លៃប្រជាប្រិយខាងនយោបាយ ប៉ុន្តែមិនមែនលុយទេ។ អ្នកដឹកនាំអំណាចនយោបាយ ជាដើមបណ្តឹង ប្តឹងប្រជាពលរដ្ឋ ហើយក៏បញ្ជាអាជ្ញាធរ ដាក់សម្ពាធឃាត់អ្នកចុងចោទ ដែលនេះ ជាទំនាស់ផលប្រយោជន៍ នៃកាប្រើអំណាច និងប៉ះពាល់ឯករាជ្យភាព របស់ប្រព័ន្ធយុត្តិធម៌។ ករណីបែបនេះ គឺមិនមានសិទ្ធិស្មើគ្នា ចំពោះមុខច្បាប់ និងការប្រើប្រព័ន្ធយុត្តិធម៌ទេ។»៕