កូនស្រីប្រធានាធិបតី ត្រាំ សម្លឹងនាយករដ្ឋមន្ត្រីកាណាដា«ចង់លេប»
- ដោយ: សុបិន្ដ ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី ១៥ កុម្ភៈ ២០១៧
- កែប្រែចុងក្រោយ: February 16, 2017
- ប្រធានបទ: ពីនេះពីនោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ទាំងរូបសម្ផស្ស ខ្ពស់សង្ហា រួសរាយ និងមានអំណាច ជានាយករដ្ឋមន្ត្រី នៃប្រទេសមួយ ដែលមានផ្ទៃដីធំជាងគេទីពីរ (បន្ទាប់ពីប្រទេសរ៉ូស្ស៊ី) ក្នុងលោក... តើស្ត្រីណាមួយ ទប់អារម្មណ៍មិនមើលនោះ? ទាស់តែការសម្លឹង មើលនាយករដ្ឋមន្ត្រីកាណាដា លោក ជូស្ទីន ទ្រូដូ (Justin Trudeau) រហូតដល់ថ្នាក់«ភ្លឹក»នោះ បានកើតឡើង ទៅលើអ្នកស្រី អាយវេនកា ត្រាំ (Ivanka Trump) កូនស្រីរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកនោះតែម្ដង។
ការសម្លឹងមើល ដោយក្រសែភ្នែក «លង់» សឹងតែមិនព្រិចនោះ បានកើតតាំងពីនាទីដំបូង រហូតដល់ពេលបញ្ចប់អង្គប្រជុំ នៃក្រុមស្ត្រី មេដឹកនាំក្រុមហ៊ុន-សហគ្រាស នៅនឹងសេតវិមាន កាលពីថ្ងៃចន្ទទី១៣ ខែកុម្ភៈកន្លងទៅ។ រូបថតជាច្រើនសន្លឹក ទាក់ទងនឹងអង្គប្រជុំ ត្រូវបានបង្ហោះចេញ ដោយក្រុមអ្នកថតរូបអាជីព ហើយត្រូវបានក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម យកមកចំអន់ ដោយលើកឡើងថា កូនស្រីប្រធានាធិបតី ត្រាំ កំពុងលង់ស្នេហ៍ ទៅក្នុងសភាព ជាបុរសដ៏គួរឲ្យទាក់ទាញ របស់នាយករដ្ឋមន្ត្រីវ័យក្មេង នៃប្រទេសកាណាដា។
ប្រិយមិត្តម្នាក់ បានសរសេរ អមនឹងរូបថតខាងលើថា៖ «អាយវេនកា ត្រាំ បានត្រៀមខ្លួន រួចជាស្រេចហើយ ថានឹងបូជាអ្វីៗទាំងអស់...»។ ប្រិយមិត្តខ្លះ បានបន្ថែមថា៖ «ស្ត្រីទាំងឡាយ ចូរអ្នកទុកប្ដី ឬសង្សាររបស់អ្នក នៅចោលនៅនឹងផ្ទះទៅ ព្រោះមានបុរសពិសេសៗ ច្រើនណាស់ នៅកន្លែងធ្វើការ»។
ខណៈប្រិយមិត្តមួយទៀត បានសរសេរថា៖ «គ្មាននរណាម្នាក់ អាចគេចរួច ពីសំណាញ់ស្នេហ៍ របស់លោកនាយករដ្ឋមន្ត្រីបានទេ» ហើយប្រិយមិត្តម្នាក់ផ្សេង បានលើកជាសំណួរឡើងថា៖ «ចូរអ្នករាល់គ្នា រកមើលថា តើមាននរណាម្នាក់ ដែលសម្លឹងអ្នកឯង ដូច អាយវេនកា ត្រាំ សម្លឹង ជូស្ទីន ទ្រូដូ ដែរឬទេ?»៕