អាសឺណល រងសន្ធឹកជើងយ៉ាងធ្ងន់ធ្ងរ ពីក្រុម បាយ៉ឺន ៥-១
- ដោយ: ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី១៥ កុម្ភៈ ២០១៧
- កែប្រែចុងក្រោយ: February 16, 2017
- ប្រធានបទ: ជើងឯកអ៊ឺរ៉ុប
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្នុងរវាងតែ១០នាទីប៉ុណ្ណោះ ក្រុមអាសឺណល (Arsenal) ហៅក្រុមកាំភ្លើងធំ មកពីប្រទេសអង់គ្លេស បានបាក់អស់កម្លាំងប្រយុទ្ធ ទល់នឹងក្រុមបាល់ទាត់ បាយ៉ឺន មូនិក (Bayern Munich) ដែលជាក្រុមយក្សមួយ មកពីប្រទេសអាល្លឺម៉ង់ សម្រាប់ការប្រកួត កាលពីយប់ម៉ិញ ក្នុងវគ្គ១ភាគ៨ នៃក្របខណ្ឌដណ្ដើមជើងឯកអ៊ឺរ៉ុប (Champions League)។
ហើយគ្រោះថ្នាក់នេះ មិនមែនក្រុមកាំភ្លើងធំខ្លួនឯង មិនបានដឹងជាមុននោះទេ។ នៅពាក់កណ្ដាលម៉ោងដំបូង ក្រុមបាល់ទាត់មកពីប្រទេសអង់គ្លេស ទំនងជានៅមានសង្ឃឹមខ្លះ ជាមួយនឹងពិន្ទុស្មើគ្នា ជាមួយនឹងក្រុម បាយ៉ឺន។ ប៉ុន្តែរាប់ចាប់តាំង ពីនាទីទី៥៣ មកទល់នឹងនាទី៦៣ ក្រុមកាំភ្លើងធំ បែរជារងការបាញ់ពីក្រុម បាយ៉ឺន ចូលក្នុងទីរបស់ខ្លួន ចំនួនបីគ្រាប់ផ្ទួនៗ។
ពិន្ទុ ៤ទល់នឹង១ នេះ នៅមិនទាន់ស្ងប់នៅឡើយ ព្រោះកីឡាករ ថូម៉ាស មីល័រ (Thomas Müller) របស់ក្រុមអាល្លឺម៉ង់ បានបន្ថែមមួយគ្រាប់ទៀត នៅនាទីទី៨៨ ជិតចប់ការប្រកួត ធ្វើឲ្យក្រុមអាសឺណល់ ម្ដងនេះ ហាក់មានអារម្មណ៍ ថាបរាជ័យជាថ្មី និងជាលើកទី៧ របស់ខ្លួន ហាក់បង្ហាញរូបរាង ពិតប្រាកដហើយ សម្រាប់រាល់ការឡើង មកប្រកួតដណ្ដើមជើងឯកអ៊ឺរ៉ុប ក្នុង៧ឆ្នាំជាប់គ្នា ចុងក្រោយ។
ការបរាជ័យ ដែលមានរូបរាងច្បាស់នោះ គឺដោយសារ នៅក្នុងការប្រកួត «ត្រឡប់ - ឬជុំទីពីរ» ដែលនឹងត្រូវធ្វើ នៅខែមិនាខាងមុខ ក្រុមអាសឺណល ត្រូវរកឲ្យបាន ៤ គ្រាប់ទល់នឹង ០ ឈ្នះលើក្រុម បាយ៉ឺន ដើម្បីខ្លួនអាចឡើង ទៅវគ្គ១ភាគ៤ ផ្ដាច់ព្រ័ត្របាន។ តែនៅចំពោះសន្ធឹកជើង ដ៏ខ្លាំងក្លា របស់ក្រុមបាយ៉ឺន របៀបនេះ តើក្រុមកាំភ្លើងធំ មានសង្ឃឹមអ្វី?
ផ្ទុយទៅវិញ ជ័យជំនះ ក្នុងពិន្ទុ៥-១នេះ នឹងធ្វើឲ្យក្រុម បាយ៉ឺន មានជំនឿចិត្តខ្លាំងឡើង ថាពួកគេនឹងមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីអាចឈ្នះពានជើងឯកអ៊ឺរ៉ុបឆ្នាំនេះ មកកាន់នៅនឹងដៃ។ ក្រុមអ្នកនិយមបាល់ទាត់ ក៏បានគិតទុកជាមុនដែរ ថាក្រុម បាយ៉ឺន នៅតែជាក្រុម «យក្ស» ដ៏ខ្លាំងមួយដដែល ដែលអាចបង្កគ្រោះបានគ្រប់ពេល ទៅដល់គូប្រកួតរបស់ខ្លួន ទោះមកពីឋានណាក៏ដោយ៕
» វីដេអូសង្ខេប នៃការប្រកួត៖