ក្រុម រៀល នៅ​តែខ្លាំង​ដោយ​បំបាក់​ក្រុម ណាប៉ូលី ៣-១

ជំហានបោះទៅមុខ គួរជាទីសង្ឃឹម សម្រាប់ក្រុមរៀលម៉ាឌ្រីត (Real Madrid) បន្ទាប់ពីបានប្រកួត​ឈ្នះ ក្រុម​ ណាប៉ូលី (Napoli) មក​ពី​ប្រទេស​អ៊ីតាលី ក្នុងពិន្ទុ ៣ទល់នឹង១ នៅយប់នេះ។ តែគ្រាន់តែ​​សង្ឃឹម​​ច្រើន​​ប៉ុណ្ណោះ ព្រោះ​ក្រុម ណាប៉ូលី ដែល​រក​បាន​មួយគ្រាប់ នៅក្រៅផ្ទះ​នេះ ក៏សង្ឃឹម​យ៉ាង​ខ្លាំងក្លាដែរ ថាខ្លួន​នឹង​យក​ឈ្នះ​ក្រុម រៀល វិញ នៅ​ក្នុង​ការ​ប្រកួត «ត្រឡប់ ឬជុំទី២» ក្នុងខែ​មិនា​ខាង​មុខ​នោះ​ដែរ។
ក្រុម រៀល នៅ​តែខ្លាំង​ដោយ​បំបាក់​ក្រុម ណាប៉ូលី ៣-១
កីឡាករ តូនី គ្រូស បានលោតឡើងសប្បាយ បន្ទាប់ពីរកគ្រាប់បាល់បាន នៅនាទីទី៤៩។ (រូបថតលើទ្វីសធើរ)
Loading...
  • ដោយ: ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី១៥ កុម្ភៈ ២០១៧
  • កែប្រែចុងក្រោយ: February 16, 2017
  • ប្រធានបទ: ជើងឯកអ៊ឺរ៉ុប
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើទោះជាមួយគ្រាប់ របស់កីឡាករ «Lorenzo Insigne» នៃក្រុម ណាប៉ូលី (Napoli) តាំងពីនាទីទី៨ បាននាំ​មុខ​ក្រុម​ខ្លួន​ក៏ដោយ តែកីឡាករដ៏ល្បីៗ របស់ក្រុម រៀលម៉ាឌ្រីត (Real Madrid) មិនរង្គើខ្លួន​ ឬ​ញាប់​ញ័រសូម្បី​បន្តិច​ឡើយ នៅ​ក្នុង​ការ​ប្រកួត​វគ្គ ១ភាគ៨ ផ្ដាច់ព្រ័ត្រ នៃក្របខណ្ឌដណ្ដើមជើងឯកអ៊ឺរ៉ុប (Champions League) ឆ្នាំ​២០១៦-២០១៧ ក្នុង​យប់​ថ្ងៃពុធ ទី១៥ ខែកុម្ភៈនេះ។ ក្រុម​​ម្ចាស់ពាន​ជើងឯកអ៊ឺរ៉ុប ឆ្នាំមុន​មួយនេះ នៅ​តែ​​មាន​ជំហរ​បាល់​រឹងមាំ ការ​លេង​យក​ប្រៀប និងរកឱកាស​បាន​ច្រើនដង ក្នុងការទាត់បញ្ចូលទី របស់​គូប្រកួត​ រហូត​លុះ​ត្រា​រក​បាន​៣គ្រាប់​វិញ។

គ្រាប់បាល់ទាំងបីនោះ របស់ក្រុមរៀល រកបាន​ដោយ​កីឡាករ «Karim Benzema» នៅនាទី​ទី១៨ - កីឡាករ ​«Toni Kroos» នៅនាទីទី៤៩ និងដោយកីឡាករ «Casemiro» នៅនាទីទី៥៤។ មួយគ្រាប់​ចុង​ក្រោយ​នេះ ជា​ការ​ទាត់​ផ្កាប់​បង្វិល​ខ្លួន របស់​កីឡាករ​អន្តរជាតិ «Casemiro» មកពីប្រទេស​ប្រេស៊ីល តាំងពី​ចំងាយ​ប្រមាណជា​២០ម៉ែត្រ ដែល​ធ្វើឲ្យ​អ្នក​ទស្សនា មិនព្រឺព្រួចមិនបាន។

ផ្ទុយទៅវិញ កីឡាករអន្តរជាតិ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) វិញ រកមិន​បាន​គ្រាប់​បាល់ សូម្បី​តែ​មួយ នៅក្នុង​ការប្រកួតនេះ បើទោះជា​បាន​ព្យាយាម ទាត់បញ្ចូលទី​ចំនួន​ពីរដង នៅនាទី​ទី២៨ និងនាទី​ទី ៦៦ នោះ​ក៏​ដោយ។

លទ្ធផល ចេញពីការប្រកួតនេះ បានផ្ដល់ក្ដីសង្ឃឹមយ៉ាងច្រើន សម្រាប់ក្រុមរៀល ក្នុងជំហាន​ឡើង​ទៅ​ប្រកួត នៅ​វគ្គ​១ភាគ៤ នៃ​ការ​ប្រកួត​ជើង​ឯក​អ៊ឺរ៉ុប ឆ្នាំនេះ ជាពិសេស នៅចំពោះក្រុម ណាប៉ូលី ដែលមិន​បាន​បង្ហាញ ពី​ជំហរ​បាល់​រឹងមាំ ឬការវាយសម្រុក ប្រកប​ដោយ​គ្រោះថ្នាក់ ឲ្យបានច្រើន​ឡើយ។ ប៉ុន្តែពិន្ទុនេះ មិនបាន​ធ្វើឲ្យ​ក្រុម​បាល់​ទាត់ មកពី​ប្រទេសអ៊ីតាលី សំដែងក្ដីអស់​សង្ឃឹម​ទាំងស្រុង​ឡើយ ដោយសារថា បើក្រុម​ខ្លួន​រក​បាន​ពិន្ទុ​ ត្រឹម​តែ ២ទល់​នឹង០ នៅក្នុង​ការ​ប្រកួត​«ត្រឡប់ ឬជុំទី២» នោះ គឺខ្លួន​នឹង​បានឡើង ទៅវគ្គ​ខាង​លើ​ទៀត។

លោក «Maurizio Sarri» គ្រូបង្វឹករបស់ក្រុម ណាប៉ូលី បានថ្លែងនៅក្រោយការប្រកួត ទទួលស្គាល់​ថា​ក្រុមលោក លេង​មិន​បានល្អ បាល់តែង​ត្រូវ​បានក្រុម រៀល ដណ្ដើមបាន។ លោកថា៖ «យើង​នឹង​ព្យាយាម ដើម្បី​ឈ្នះ​ការ​ប្រកួត​លើក​ក្រោយ ត្រឹម​តែ២-០ គឺគ្រប់គ្រាន់ហើយ តែខ្ញុំ​គិត​ថា ក្រុម រៀល នឹង​មិន​យល់​ព្រម​ទេ»។

ចំពោះលោក ហ្សីណាឌីន ហ្សីដាន់ (Zinedine Zidane) គ្រូបង្វឹករបស់ក្រុម រៀល វិញ បាន​ថ្លែង​ថា ក្រុម​លោក​នឹងទៅប្រកួត នៅក្រុង ណាព្ល៍ (Naples - ក្រុងក្នុងប្រទេសអ៊ីតាលី ដែលក្រុម ណាប៉ូលី ស្ថិតនៅ) ក្នុង​ខែមិនា​ខាង​មុខ ​ជាមួយ​នឹង​លទ្ធផល ដែលក្រុមលោកបានឈ្នះ នៅថ្ងៃនេះ។ លោកបញ្ជាក់ថា ក្រុមលោក​នឹង​ព្យាយាម រក​គ្រាប់​បាល់​បន្ថែម​ឲ្យ​បាន។ លោកថា៖ «ច្បាស់ហើយថា យើងនឹង​ព្យាយាម។ តែ​ទោះជា​លទ្ធផល អាច​ចេញ​មក ខុស​ពី​​ការ​រំពឹង​ទុក​ក៏​ដោយ ក៏​ការ​ផ្ចង់​អារម្មណ៍​របស់​យើង សាមគ្គីភាព​ក្នុងក្រុម និងការ​ដាក់​ក្រឡា​ទាត់ នឹង​មិន​មាន​ការ​ផ្លាស់​ប្ដូរឡើយ។»៕

» វីដេអូសង្ខេប នៃការប្រកួត៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...