អូស្ស៊ីល ថា ស្ស៊ីនើឌីន ស្ស៊ីដាន់ ជានិមិត្តរូបរបស់គាត់
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: July 11, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ខ្សែបម្រើក្រុមរៀលម៉ាឌ្រីដ (Real Madrid) ម៉េស៊ូត អូស្ស៊ីល (Mesut Ozil) ក៏ដូចជាកីឡាករដទៃទៀតគ្រប់រូបដែរ ពោលគឺតែងតែមានកីឡាករឆ្នើមរូបណាមួយជានិមិត្តរូបរបស់ខ្លួន។ អូស្ស៊ីលបានប្រាប់ឲ្យដឹងថា កីឡាករដែលជានិមិត្តរូបរបស់គាត់ ជាវីរបុរសរបស់ក្រុមអធិរាជស លោកស្ស៊ីនើឌីន ស្ស៊ីដាន់ (Zinedine Zidane) ដែលបច្ចុប្បន្ន គាត់ជាជំនួយការគ្រូបង្វឹកក្រុមរៀលដែរ។
កីឡាករខ្សែបម្រើ ម៉េស៊ូត អូស្ស៊ីល និងរូបរបស់លោក ស្ស៊ីនើឌីន ស្ស៊ីដាន់។ (រូបថត livejournal.com)
អតីតកីឡាករអន្តរជាតិបារាំង ស្ស៊ីដាន់ បានអង្រួនបេះដូងអ្នកគាំទ្រក្រុមរៀលម៉ាឌ្រីដ អស់រយះពេល៥ឆ្នាំ បន្ទាប់អតីតកីឡាកររួបនេះ លេងបានយ៉ាងល្អឥតខ្ចោះក្នុងក្រុមរៀលម៉ាឌ្រីដ រួមមានទាំងការញ៉ាក់បាល់ និងភាពរហ័សរហួន។ នៅឆ្នាំ២០០៣ ស្ស៊ីដាន់ បានឈ្នះពានរង្វាន់កីឡាករល្អបំផុតរបស់ពិភពលោក បន្ទាប់ពីបង្ហាញទម្រង់លេងនៅក្នុងកីឡាដ្ឋានសាន់ទីអាកូ បឺណាប៊ូ (Santiago Bernabeu) បានយ៉ាងល្អរួចមក។
បន្ទាប់ពីប្រកាសចូលនិវត្តន៏ ស្ស៊ីដាន់ បានមកចួលរួមជាមួយក្លិបជាថ្មីទៀត ក្នុងនាមជាអ្នកគ្រប់គ្រង់ផ្នែកបច្ចេកទេសបាល់ទាត់។ ប៉ុន្តែខណៈដែលគ្រូបង្វឹកថ្មីលោកកាឡូ អេនសេឡូទី (Carlo Ancelotti) បានមកដឹកនាំក្រុមនៅរដូវកាលថ្មីនេះ ស្ស៊ីដាន់បានក្លាយខ្លួនជាជំនួយការគ្រូបង្វឹកវិញ។
ខ្សែបម្រើឆ្នើមអន្តរជាតិអាឡឺម៉ង់ អូស្ស៊ីល បាននិយាយថា កាលពីគាត់នៅពេលពុំទាន់មានភាពលេចធ្លោរប៉ុន្មាននោះ (នៅឈុតយុវជនអាឡឺម៉ង់) ពេលនោះស្ស៊ីដាន់ កំពុងតែលេងបានយ៉ាងល្អ និងកំពុងតែមានភាពល្បីល្បាញយ៉ាងខ្លាំង ហើយគាត់ (អូស្ស៊ីល) ក៏ចាត់ទុកស្ស៊ីដាន់ជានិមិត្តរូបរបស់ខ្លួនចាប់ពីពេលនោះមក រហូតមកដល់សព្វថ្ងៃ។
កីឡាករវ័យ២៤ឆ្នាំ (អូស៊្សីល) បានប្រាប់ដល់ទស្សនាវដ្តី (So Sport) ថា៖ «ខ្ញុំចូលចិត្តស្ស៊ីដាន់ តាំងពីឃើញគាត់ លេងនៅបាល់ទាត់ពិភពលោកឆ្នាំ១៩៩៨ ក្នុងប្រទេសបារាំង។ ចាប់តាំងពីពេលនោះមក នៅពេលដែលខ្ញុំលេងហ្គេមបាល់ទាត់ ខ្ញុំតែងតែយកក្រុមរៀលម៉ាឌ្រីដ ឬក្រុមជម្រើសជាតិបារាំងជានិច្ច។»
អូស្ស៊ីល បានបន្តថា៖ «ពេលនោះ ខ្ញុំបានចូលទៅក្នុងគេហទំព័រយូធូប (YouTube) ដើម្បីស្វែងរកឈ្មោះស្ស៊ីដាន់ និងមើលពីរបៀបគាត់លេង។ ខ្ញុំតែងតែនិយាយប្រាប់ខ្លួនឯងថា ខ្ញុំត្រូវតែធ្វើឲ្យបានល្អដូចគាត់ នៅពេលដែលខ្ញុំស្ថិតក្នុងការប្រកួតនៅលើទីលាន៕»
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ