ហ្សីដាន ថាគ្រាន់ជាការចាប់ផ្ដើមប៉ុណ្ណោះ បន្ទាប់ពី រៀល បំបាក់ដៃគូ ៥-០ ក្នុងថ្ងៃដំបូង
- ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី០៩ មករា ២០១៦
- កែប្រែចុងក្រោយ: January 10, 2016
- ប្រធានបទ: បាល់ទាត់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ស្នាមញញឹមបិទមាត់មិនជិត របស់អតីតកីឡាករ ហ្សីណេឌីន ហ្សីដាន (Zinédine Zidane) បញ្ជាក់ថា គ្រូបង្វឹកថ្មីថ្មោងរបស់ក្រុម រៀលម៉ាឌ្រីត (Real Madrid) រូបនេះ មានចិត្តសប្បាយរីករាយណាស់។ តើនរណាមួយ មិនសប្បាយចិត្ត នៅពេលដែលការចាប់ផ្ដើមអាជីពថ្មី ជាគ្រូបង្វឹកឲ្យក្រុមបាល់ទាត់ដ៏ធំមួយ ត្រូវបានចាប់ផ្ដើម ដោយលទ្ធផលដ៏ត្រចះត្រចង់ (៥-០) ការការចេញប្រកួត ជាមួយនឹងក្រុម ឡាកូរ៉ូញ (La Corogne) ដែលល្បីល្បាញគួរសមដែរនោះ?
លោក ហ្សីដាន ហៅក្រៅ ហ្សីហ្សូ (Zizou) បានថ្លែងទទួលស្គាល់ ការសប្បាយចិត្តរបស់លោកថា៖ «នៅពេលប្រកួតបានឈ្នះម្ដងៗ គ្រូបង្វឹកមិនមានអ្វី ក្រៅតែពីសប្បាយចិត្តនោះទេ។ ជាពិសេស យើងមានពេល តែប៉ុន្មានថ្ងៃប៉ុណ្ណោះ សម្រាប់ធ្វើការហាត់សម ជាមួយគ្នា។ អញ្ចឹង ខ្ញុំសប្បាយចិត្តណាស់។»
មិនត្រឹមតែលទ្ធផលប៉ុណ្ណោះទេ តែគ្រូបង្វឹកថ្មីថ្មោង ក៏បានសប្បាយចិត្ត ជាមួយនឹងកីឡាកររបស់ខ្លួន ដែលលេងបានយ៉ាងល្អ នៅក្នុងការប្រកួតនេះដែរ។ អតីតកំពូលកីឡាករបារាំងរូបនេះ បានថ្លែងបន្តថា៖ «អ្វីដែលខ្ញុំស្រឡាញ់ ចូលចិត្តបំផុតនោះ គឺឫកពាររបស់កីឡាករទាំងអស់ ទាំងអ្នកដែលបានចូលទាត់ និងទាំងអ្នកដែលមិនបានទាត់។ ខ្ញុំជឿថា មិនមែនជារឿងស្រួលទេ ដែលបានឈ្នះក្នុងពិន្ទុ ៥-០ ទល់នឹងក្រុម ឡាកូរ៉ូញ។ យើងត្រូវតែបន្តលេង បែបនេះទៀត។ ក្រុម រៀលម៉ាឌ្រីត ត្រូវតែឈ្នះរហូត។ យើងនឹងធ្វើការវិវត្តខ្លួន ព្រោះយើងមានពេល សម្រាប់រឿងនេះ។»
តែបើទោះជា ក្រុមដ៏ធំ របស់ប្រទេសអេស្ប៉ាញ មួយនេះ បានទទួលជ័យជំនះដ៏អស្ចារ្យក៏ដោយ តែក្រុមនេះ នៅតែមានបញ្ហា នៅខ្សែការពារនៅឡើយ។ លោក ហ្សីដាន បានលើកយកករណីនេះ មកបញ្ជាក់ថា៖ «អ្វីដែលយើងអាចធ្វើ ឲ្យប្រសើរបាន គឺការឆក់ដណ្ដើម យកបាល់មកវិញ។ ប៉ុន្តែ ខ្ញុំទើបតែមកដល់ ព្រោះរឿងនេះ ត្រូវការពេលវេលា។»
លោក ហ្សីដាន បាននិយាយទាក់ទង នឹងអ្នកគាំទ្រ ដែលមានវត្តមាន ដ៏ច្រើនលើសលប់ នៅក្នុងកីឡាដ្ឋាន ជាមួយនឹងសម្លេងទះដៃ ដ៏កងរំពង។ គ្រូបង្វឹកថ្មី បានថ្លែងឡើងថា៖ «ខ្ញុំដឹងពីការសប្បាយរីករាយនេះ។ ជារឿងថ្មី ដ៏ល្អបំផុតមួយ ដែលខ្ញុំទើបនឹងទទួលបាន សម្រាប់ខ្ញុំ ហើយខ្ញុំចង់ឆ្លៀតឱកាសនេះ ឲ្យបានច្រើនបំផុត។ ខ្ញុំចង់ថ្លែងអំណរគុណ តបទៅអ្នកគាំទ្រវិញ តែអ្នកគាំទ្រមកមើលការប្រកួតរវាងកីឡាករ។ (...) អ្វីដែលសំខាន់ គឺយើងត្រូវទៅមុខទៀត។ វាគ្រាន់តែជាចាប់ផ្ដើមប៉ុណ្ណោះ។»