រី ឈុនហេ ពិធីការិនី​ជា​ប្រវត្តិសាស្ត្រ នៃ​ព្រឹត្តិការណ៍​ជាតិ​កូរ៉េ​ខាង​ជើង

នៅរៀងរាល់ការផ្សាយដំណឹង ស្ដីពីព្រឹត្តិការណ៍ជាតិសំខាន់ៗ ដូចយ៉ាងបុណ្យជាតិ ដំណើរទស្សនកិច្ច របស់​មេ​ដឹកនាំ ឬ​​ការ​​សាកល្បង​​គ្រាប់​បែក របស់ប្រទេសកូរ៉េខាងជើង ទស្សនិកជននៅទូទាំងពិភពលោក ប្រាកដ​ជា​ឃើញ​ នូវ​​ពិធីការិនី​​វ័យ​​ចំណាស់​​មួយ​រូប ដែលតែងចេញមកបង្ហាញខ្លួន នៅតាមកញ្ចក់ទូរទស្សន៍ជាតិ របស់​ប្រទេស​​កុម្មុយនីស។ តើ​​ស្ត្រី​ម្នាក់​​នេះ ជា​​នរណា?
រី ឈុនហេ ពិធីការិនី​ជា​ប្រវត្តិសាស្ត្រ នៃ​ព្រឹត្តិការណ៍​ជាតិ​កូរ៉េ​ខាង​ជើង
អ្នកស្រី រី ឈុនហេ ចេញមុខមកជាថ្មី ដើម្បីប្រកាសដំណឹង ទាក់ទងការសាកល្បងគ្រាប់បែក ប្រភេទ«H» របស់របបកុម្មុយនីស។ (រូបថតផ្តិតពីវីដេអូ)
Loading...
  • ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី៣១ មករា ២០១៦
  • កែប្រែចុងក្រោយ: February 07, 2016
  • ប្រធានបទ: តារា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

និយាយឲ្យខ្លី ស្ត្រីម្នាក់នេះ ជាកំពូល«សមមិត្តនារី» ដ៏យូរលង់មួយរូប ដែលមានតួនាទីជាអ្នក​ផ្ដល់​ព័ត៌មាន តាមកញ្ចក់ទូរទស្សន៍ជាតិ ដែលមានតែមួយគត់ របស់ប្រទេសកូរ៉េខាងជើង។ អ្នកស្រីឈ្មោះ រី ឈុនហេ (Ri Chun-hee) ហើយអ្នកស្រីគឺជា ធាតុមួយដែលមិនអាចអត់បាន ដើម្បីបម្រើឲ្យការ«ឃោសនា» របស់​របប​កុម្មុយនីស។

តាមពិតទៅអ្នកស្រី ដែលកើតនៅឆ្នាំ១៩៤៣​ និងជាអតីតតារាភាពយន្ដរូបនេះ បានចូលនិវត្តន៍តាំង​ពីដើម​សតវត្សន៍ ទី២១ មកម្លេះ តែអ្នកស្រីបានចេញមុខមកវិញ ជាមួយនឹងសម្លៀកបំពាក់​ប្រពៃណី ពណ៌ផ្កាឈូក ដើម្បី​ធ្វើការ​ប្រកាស នូវលទ្ធផលនៃការសាកល្បង គ្រាប់បែកនុយក្លេអ៊ែរ ប្រភេទ«H (ជាអក្សរកាត់ ពីពាក្យ Hydrogène)» ដែលរបបក្រុងព្យុងយ៉ាង អះអាងថា ទទួលបានផ្លែផ្កាយ៉ាង«ត្រចះត្រចង់» កាល​ពីដើមខែ​មករា​កន្លង​មក។

វីដេអូខាងក្រោមនេះ ជាដំណឹងបង្អើលពិភពលោក ដែលរូបអ្នកស្រីផ្ទាល់ បានចេញមកធ្វើការប្រកាស ជាមួយ​ទឹកមុខប្រិមប្រិយ តែពោរពេញដោយមោទនភាព ដូច្នេះថា៖ «ការសាកល្បងលើកទីមួយ នៃគ្រាប់បែកប្រភេទ "អ៊ីឌ្រូសែន" របស់សាធារណរដ្ឋ បានសម្រេចទៅ ដោយជោគជ័យ នៅម៉ោង១០ព្រឹក (ម៉ោងក្នុងស្រុក) នាថ្ងៃ​ទី៦ ខែមករា ឆ្នាំ២០១៦ និងដោយឈរ​នៅលើមូលដ្ឋាន នៃយុទ្ធសាស្ត្រដ៏ខ្ពង់ខ្ពស់ របស់គណបក្សពលករ (គណបក្ស​តែមួយគត់ នៅប្រទេសកូរ៉េខាងជើង ដែលកំពុងកាន់អំណាចសព្វថ្ងៃ)»។

អ្នកស្រី រី បានចាប់ផ្ដើមប្រឡូក ក្នុងវិស័យភាពយន្ដ នៅឆ្នាំ១៩៦០។ នៅឆ្នាំ១៩៧១ អ្នកស្រីបានចាប់ផ្ដើម ចូល​ធ្វើការងារ ជាពិធីការិនី នៅក្នុងទូរទស្សន៍ជាតិ របស់ប្រទេសកូរ៉េខាងជើង និងបាននៅក្នុងអាជីពថ្មីនេះ រហូត​មាន​រយៈពេល ៤០ឆ្នាំ។ ដំណឹងចុងក្រោយបង្អស់ (មុនដំណឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦) ធ្វើឡើងនៅថ្ងៃទី ១៧ ខែ​វិច្ឆិកា ឆ្នាំ២០១១ ស្ដីពីដំណឹងមរណភាពរបស់ អតីតមេដឹកនាំ គីម ជុង-អ៊ីល (Kim Jong-il) ដែលត្រូវជា​ឪពុក​របស់​មេដឹកនាំ គីម ជុង-អ៊ុន (Kim Jong-un) សព្វថ្ងៃ។ សព្វថ្ងៃនេះ អ្នកស្រីរស់នៅ ជាមួយគ្រួសារអ្នកស្រី នៅ​ក្នុង​សង្កាត់​មួយ កណ្ដាលរដ្ឋធានីព្យុងយ៉ាង។

ចំពោះដំណឹង កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦ ទាក់ទងនឹងលទ្ធផលនៃការសាកល្បងគ្រាប់បែក ប្រភេទ«H» ត្រូវបានប្រភពជាច្រើនអះអាងថា គឺមេដឹកនាំវ័យក្មេង គីម ជុង-អ៊ុន ជាអ្នកស្នើសុំដោយផ្ទាល់ ឲ្យអ្នកស្រីចេញ​មុខ​មក ធ្វើការ​ប្រកាសដំណឹងនេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...