ស្ត្រីសង្ស័យទាំងពីរត្រូវបាន«ហ្វឹកហាត់» ដើម្បីធ្វើឃាត គីម
- ដោយ: កេសរ កូល ([email protected]) - ភ្នំពេញ ថ្ងៃទី២៣ កុម្ភៈ ២០១៧
- កែប្រែចុងក្រោយ: February 24, 2017
- ប្រធានបទ: ឃាតកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ផ្ទុយពីការអះអាង របស់ស្ត្រីទាំងពីរនាក់ ដែលបញ្ជាក់ប្រាប់អ្នកស៊ើបអង្កេត ថាពួកខ្លួនគ្រាន់តែបានចូលរួម នៅក្នុងឈុតឆាកលួចថតមួយ សម្រាប់កម្មវិធីទូរទស្សន៍ប៉ុណ្ណោះនោះ តែនគរបាលស៊ើបអង្កេត របស់ប្រទេសម៉ាឡេស៊ី បានយល់ឃើញផ្សេងទៅវិញ។ ក្រុមអ្នកស៊ើបអង្កេត បានដាក់បន្ទុក និងការសង្ស័យ ទៅលើស្ត្រីទាំងពីរនាក់ ថាពិតជាបានដឹង ពីការវាយប្រហារ ដោយថ្នាំបំពុល កាលពីថ្ងៃទី១៣ ខែកុម្ភៈ សប្ដាហ៍មុន នៅព្រលានយន្ដហោះអន្តរជាតិ កូឡាឡំពួរ ទៅលើលោក គឹម ជុង-ណាម (Kim Jong-nam) បងប្រុសម្ដាយទីទៃ របស់លោក គឺម ជុង-អ៊ុន (Kim Jong-Un) មេដឹកនាំកូរ៉េខាងជើងសព្វថ្ងៃ។
នាយនគរបាលជាតិម៉ាឡេស៊ី លោក «Khalid Abu Bakar» បានប្រកាសពីការសង្ស័យនេះ ប្រាប់ក្រុមអ្នកសារព័ត៌មាន ដោយចាប់ផ្ដើមសួរឡើងថា៖ «ខ្ញុំគិតថា អ្នករាល់គ្នា ប្រាកដជាបានទស្សនាវីដេអូ (នៃកាម៉េរ៉ាសុវត្ថិភាព របស់ព្រលានយន្ដហោះ) ហើយ មែនឬទេ?»។ លោកបានរៀបរាប់ថា៖ «ស្ត្រីម្នាក់នេះ បានគេចខ្លួនយ៉ាងប្រញាប់ប្រញាល ចូលទៅក្នុងបន្ទប់ទឹក ជាមួយនឹងដៃទាំងគូ ដាក់ទៅខាងមុខ។ ដូច្នេះ នាងពិតជាបានដឹង យ៉ាងច្បាស់ថា នៅនឹងដៃរបស់ពួកនាង មានជាតិពុល ហើយនាងចាំបាច់ ត្រូវលាងដៃជាបន្ទាន់។»។
លោក «Khalid Abu Bakar» បានបន្ថែមទៀតថា ស្ត្រីទាំងពីរនាក់ ទទួលបានការហ្វឹកហាត់ ដើម្បីការវាយប្រហារនេះ។ ស្ត្រីទាំងពីរនាក់នោះ មានម្នាក់កាន់លិខិតឆ្លងដែនវៀតណាម ឈ្មោះ «Doan Thi Huong» អាយុ២៨ឆ្នាំ និងម្នាក់ទៀត កាន់លិខិតឆ្លងដែនឥណ្ឌូនេស៊ី ឈ្មោះ «Siti Aishah» អាយុ២៥ឆ្នាំ។
មន្ត្រីការទូតកូរ៉េខាងជើង រងការសង្ស័យ...
ក្រុមអ្នកស៊ើបអង្កេតម៉ាឡេស៊ី បានបញ្ជាក់ទៀតថាខ្លួនចង់សាកសួរ ទៅលើមន្ត្រីការទូតមួយរូប របស់ប្រទេសកូរ៉េខាងជើង ដែលកំពុងបំពេញភារកិច្ចការទូត នៅរាជធានី កូឡាឡំពួរ ប្រទេសម៉ាឡេស៊ី។ អាជ្ញាធរបានសង្ស័យ ទៅលើជនជាតិកូរ៉េខាងជើងចំនួន៥នាក់ ថាបានជាប់ពាក់ព័ន្ធ នឹងទង្វើមនុស្សឃាតដ៏សាហាវនេះ ហើយមានបំណង ចង់បើកការសាកសួរ ទៅលើជនជាតិកូរ៉េខាងជើង ចំនួនបីនាក់ផ្សេងទៀត។
លោក «Khalid Abu Bakar» បានអះអាងថា ពីក្នុងចំណោមជនទាំងបីនាក់នេះ មានម្នាក់ជាមន្ត្រីការទូត របស់ស្ថានទូតកូរ៉េខាងជើង ប្រចាំនៅរាជធានី កូឡាឡំពួរ និងម្នាក់ទៀត ជាបុគ្គលិករបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ កូរ៉េខាងជើង។ នាយនគរបាលជាតិរូបនេះ បានថ្លែងបន្តទៀតថា៖ «យើងបានសរសេរជាផ្លូវការ ទៅកាន់ស្ថានទូតកូរ៉េខាងជើង ដើម្បីទទួលបានការអនុញ្ញាត ឲ្យបើកការសាកសួរ ទៅលើជនជាតិកូរ៉េខាងជើង ទាំងពីរនាក់។ យើងសង្ឃឹមថា ស្ថានទូតកូរ៉េខាងជើង នឹងចូលរួមសហការជាមួយយើង ហើយអនុញ្ញាតឲ្យយើង បានធ្វើកិច្ចការនេះ ក្នុងពេលឆាប់ៗខាងមុខ។ បើមិនអញ្ចឹងទេ យើងនឹងចេញលិខិត បង្ខំពួកគេឲ្យមកបង្ហាញខ្លួន នៅនឹងការិយាល័យរបស់យើង។»៕