មេនស៊ីធី ភ័យបុកពោះមុននឹងយកឈ្នះ ម៉ូណាកូ នៅចុងបញ្ចប់
- ដោយ: ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី២១ កុម្ភៈ ២០១៧
- កែប្រែចុងក្រោយ: February 22, 2017
- ប្រធានបទ: ជើងឯកអ៊ឺរ៉ុប
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
គ្រាប់បាល់រកបាន ដូចក្បង់គ្រាប់ភ្លៀង ដែលកំពុងធ្លាក់ ដែលជាសរុប មានទាំងអស់៨គ្រាប់ នៅក្នុងការប្រកួត វគ្គ១ភាគ៨ នៃក្របខណ្ឌប្រកួតជើងឯកអ៊ឺរ៉ុប (Champions League) ក្នុងយប់ថ្ងៃអង្គារនេះ រវាងក្រុមបាល់ទាត់ ម៉ូណាកូ (AS Monaco) របស់បារាំង និងក្រុមមេនឆេស្ទ័រ ស៊ីធី (Manchester City) របស់អង់គ្លេស។ ក្រុម មេនស៊ីធី រកបានគ្រាប់បាល់មុនក្រុម ម៉ូណាកូ មែន តែគ្រាប់បន្តបន្ទាប់មក គឺក្រុម ម៉ូណាកូ ជាអ្នកនាំមុខក្រុមបាល់ទាត់អង់គ្លេស (៣-២) នៅក្នុងកីឡាដ្ឋាន «City of Manchester Stadium (ផ្ទះរបស់ក្រុម មេនស៊ីធី)» រហូតដល់៧០នាទីដំបូង នៃការប្រកួត។
ប៉ុន្តែ ចាប់ពីនាទីទី៧០ នោះមក ការប្រកួតបានក្រឡាប់ចាក់។ ក្រុមម៉ូណាកូ បានបាក់កម្លាំង ធ្លាក់ជើង បែកការគ្រប់គ្រង ទៅលើបាល់ បើសូម្បីតែទាត់បញ្ជូន ឲ្យកីឡាករគ្នាឯងក៏ដោយ។ ដោយហេតុនេះហើយ ទើបក្រុម មេនស៊ីធី បានឆ្លៀតឱកាសនេះ បើកការវាយលុក យ៉ាងសន្ធាប់ រកបានគ្រាប់បាល់ ៣គ្រាប់ផ្ទួនៗគ្នា ត្រឹមតែរយៈពេល១១នាទីប៉ុណ្ណោះ។ គ្រាប់បាល់ទាំងបីនោះ រកបានដោយកីឡាករ «Agüero» នៅនាទីទី ៧១ កីឡាករ «John Stones» នៅនាទីទី ៧៧ និងដោយកីឡាករ «Leroy Sané» នៅនាទីទី ៨២។
ជ័យជំនះរបស់ក្រុមមេនស៊ីធី ដោយពិន្ទុ ៥ទល់នឹង៣នេះ មិនបានធ្វើឲ្យក្រុម ម៉ូណាកូ អស់សង្ឃឹមទេ ព្រោះគ្រាប់បាល់ទាំង ៣ ដែលក្រុមនេះរកបាន នៅខាងក្រៅផ្ទះ ជាកម្លាំងផ្គួបដ៏ខ្លាំងមួយ សម្រាប់ការប្រកួត «ត្រឡប់ ឬជុំទី២» នៅថ្ងៃទី១៥ ខែមីនាខាងមុខ នៅក្នុងកីឡាដ្ឋាន របស់ក្រុមម៉ូណាកូ (ក្នុងរាជាណាចក្រម៉ូណាកូ ខាងត្បូងប្រទេសបារាំង)។
គ្រាប់បាល់ដ៏សន្ធឹកសន្ធាប់ របស់ក្រុម មែនស៊ីធី ក្នុងផ្ទះខ្លួនឯង មិនបានកើតឡើង ដោយភាពស្វិតស្វាញ ឬការលេងយ៉ាងល្អ ពីសំណាក់កីឡាករ របស់លោក ប៉េប ហ្គ័រឌីយ៉ូឡា (Pep Guardiola) នោះឡើយ។ ភាគច្រើននៃគ្រាប់បាល់ ដែលក្រុម មែនស៊ីធី រកបាន សុទ្ធសឹងតែបានកើតឡើង ដោយសារកំហុសរបស់ក្រុម ម៉ូណាកូ ក្រោមការដឹកនាំ របស់គ្រូបង្វឹក «» មកពីប្រទេស ព័រទុយហ្គាល់។ ហើយ នៅមានបាល់ពិន័យ ១១ម៉ែត្រ មួយគ្រាប់ ត្រូវបានខ្សែប្រយុទ្ធដ៏ល្បី របស់ក្រុម ម៉ូណាកូ គឺកីឡាករ «Radamel Falcao» ទាត់មិនចូល (ត្រូវអ្នកចាំទី របស់ក្រុម មែនស៊ីធី លោតទៅចាប់បាន) នោះទៀត។
គេត្រូវចាំមើល នៅការប្រកួតជុំក្រោយនេះម្ដងទៀត ដើម្បីដឹងពីលទ្ធផលចុងក្រោយ ថាតើក្រុមណាមួយ ពិតជាមានសមត្ថភាព សម្រាប់ឡើងទៅវគ្គ ១ភាគ៤ ផ្ដាច់ព្រ័ត្រ នៃការប្រកួតដណ្ដើមជើងឯកអ៊ឺរ៉ុប ឆ្នាំនេះ៕
» វីដេអូសង្ខេប នៃការប្រកួតរវាងក្រុម មែនស៊ីធី និងក្រុមម៉ូណាកូ៖