ដិមសី ទាត់ចូលទី២គ្រាប់ ជួយឲ្យអាមេរិកឈ្នះអាឡឺម៉ង់
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: June 03, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ខ្សែបម្រើប្រយុទ្ធឃ្លីន ដិមសី (Clint Dempsey) បានរកគ្រាប់បាល់បញ្ចូលទីបាន២គ្រាប់ ហើយបានជួយឲ្យក្រុមជម្រើសជាតិសហរដ្ឋអាមេរិក យកឈ្នះក្រុមខ្លាំងឥន្ទ្រីដែកអាឡឺម៉ង់ ដោយលទ្ធផល ៤-៣ ក្នុងការប្រកួតមិត្តភាពអន្តរជាតិកាលពីថ្ងៃអាទិត្យយប់មិញ ហើយបានជួយឲ្យគ្រូបង្វឹកអាមេរិកលោកចឺចិន ឃ្លីនស្មាន (Juergen Klinsmann) អាចយកឈ្នះប្រទេសកំណើតរបស់គាត់ដែរ។
ខ្សែបម្រើប្រយុទ្ធឃ្លីន ដិមសី របស់ក្រុមជម្រើសជាតិអាមេរិក (ពាក់អាវស)។
គ្រាប់បាល់២គ្រាប់របស់ដិមសី នៅវគ្គទី២ បានជួយឲ្យអាមេរិកធ្វើការនាំមុខ៤-១ មុនពេលដែលអាឡឺម៉ង់វាយបកនៅចុងម៉ោងបាន២គ្រាប់វិញ នាកីឡាដ្ឋានអរអេហ្វឃេ (RFK) ក្នុងរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី (Washington DC)។
លោកឃ្លីនស្មាន បាននិយាយថា «យើងពិតជារីករាយ និងពេញចិត្តខ្លាំងណាស់ ជាមួយនឹងការប្រកួតលក្ខណៈដូចជាកំសាន្តផង និងលក្ខណៈអន្តរជាតិផងមួយនេះ។ ការមានកីឡាករដូចជាឃ្លីន ដិមសី ជាមួយក្រុម វាជារឿងមោទនភាពណាស់។ គាត់ជាកីឡាករដ៏កំពូលម្នាក់នៅក្នុងប្រវត្តិសាស្ត្របាល់ទាត់អាមេរិក។»
គួរបញ្ជាក់ថា ក្រុមឥន្ទ្រីដែកអាឡឺម៉ង់ ពុំមានកីឡាករសំខាន់ៗដែលលេងក្នុងការប្រកួតឆែមពានលីក (Champions League) វគ្គផ្តាច់ព្រ័ត្រ របស់ក្រុមបាយឺន ម៉ូនិជ (Bayern Munich) និងក្រុមបូរ៉ាស្សៀ ដតម័ន (Borussia Dortmund) នោះទេ ខណៈដែលកីឡាករឆ្នើមៗទាំងនោះ ត្រូវបានសហព័ន្ធឲ្យមានវិសមកាល បន្ទាប់ពីមានការនឿយហត់ខ្លាំងពេញមួយរដូវកាលរួចមក។
ទោះបីជាយ៉ាងណា ក្រុមជម្រើសជាតិអាឡឺម៉ង់ ក៏បានប្រកួតឈ្នះក្រុមអេក្វាឌឺ ដោយលទ្ធផល ៤-២ ដែរ កាលពីថ្ងៃពុធកន្លងទៅ។
ចំណែកឯការប្រកួតមិត្តភាពអន្តរជាតិសំខាន់មួយគូទៀតនោះ ក្រុមស៊ាំបាប្រេស៊ីល ធ្វើបានត្រឹមស្មើ ២-២ ជាមួយនឹងក្រុមតោកំណាចអង់គ្លេស នៅក្នុងទឹកដីខ្លួនឯង។
ខ្សែប្រយុទហ្វ្រេដ (Fred) បានជួយឲ្យប្រេស៊ីលនាំមុខមុន នៅនាទីទី៥៧ ខណៈដែលខ្សែបម្រើក្រុមអាសិណល (Arsenal) អាឡិចអុកឡាត់ ឆាំបឺឡិន (Alex Oxlade-Chamberlain) ទាត់បាល់រ៉ាមួយជើង ចូលទីបានសម្រេចជួយឲ្យអង់គ្លេសតាមបានស្មើមកវិញ។
ខ្សែប្រយុទ្ធក្រុមបីសាចក្រហមម៉ែនឆេស្ទើ យូណៃធីត (Manchester United) វ៉ែន រ៉ូនី (Wayne Rooney) បានទាត់បាល់មួយទំហឹងចំមុំ៩០ដឺក្រេ ចូលទីបានសម្រេច ហើយជួយឲ្យតោកំណាចនាំមុខវិញម្តង។ ប៉ុន្តែនៅនាទីទី៨២ ខ្សែបម្រើផូលីញ៉ូ (Paulinho) បានបញ្ចប់ក្តីសង្ឃឹមរបស់អង់គ្លេស បន្ទាប់កីឡាករវ័យ២៤ឆ្នាំរូបនេះ ទាត់កាប់មួយទំហឹង ផុតដៃអ្នកចាំទីអង់គ្លេសចូ ហាត (Joe Hart) បានសម្រេចដូចគ្នា ហើយក៏បញ្ចប់លទ្ធផលត្រឹមស្មើគ្នា។
គួររំឮកថា ក្រុមស៊ាំបាប្រេស៊ីល ដែលត្រូវធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០១៤នោះ ប្រកួតឈ្នះតែ១លើកទេ ក្នុងការប្រកួត៦លើកចុងក្រោយនេះ ក្រោមការដឹកនាំរបស់លោកល្វីសហ្វីលីប ស្ករឡារី (Luiz Felipe Scolari)។ ហើយនេះជាក្តីកង្វល់ដ៏ធំមួយរបស់ពួកគេ ដែលមានមហិច្ឆតាចង់ឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក នាពេលខាងមុខ៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ