វ៉ែន រ៉ូនី ច្រឡោតពេលលឺគ្រូបង្វឹកថា ខ្លួនជាជម្រើសទី២
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: July 17, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស វ៉ែន រ៉ូនី (Wayne Rooney) បានខឹងច្រឡោតយ៉ាងខ្លាំង ខណៈដែលលឺសម្តីរបស់គ្រូបង្វឹកម៉ែនឆេស្ទើ យូណៃធីត(Manchester United) ថ្មី និយាយថា គាត់អាចជាជម្រើសដ៏ល្អមួយ បន្ទាប់ពីខ្សែប្រយុទ្ធ រ៉ូបីន វ៉ាន់ផឺស៊ី (Robin van Persie) នៅក្នុងរដូវកាលនេះ។
ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស វ៉ែន រ៉ូនី មិនសូវសប្បាយចិត្តនៅម៉ែនឆេស្ទើ យូណៃធីត។
ស្ថានីយទូរទស្សន៏ស្កាយស្ពត (Sky Sports) បានដកស្រង់ផ្សាយ កាលពីថ្ងៃអង្គារ៏ថា រ៉ូនី «ខឹងច្រឡោត និងច្រឡំ» ពេលលឺសម្តីរបស់គ្រូបង្វឹករបស់គាត់ លោកដេវីដ ម៉យ (David Moyes) បាននិយាយនៅក្នុងសន្និសិតកាសែតមួយ។
ទោះបីជាយ៉ាងណា អតីតគ្រូបង្វឹកក្រុមអេវើតុន (Everton) បាននិយាយរួចហើយថា ខ្សែប្រយុទ្ធរូបនេះ មិនមែនសម្រាប់លក់នោះទេ។ ប៉ុន្តែគាត់បាននិយាយធ្លាយចំណុចខ្សោយមួយ ដែលធ្វើឲ្យរ៉ូនី ខឹងនិងអន់ចិត្តយ៉ាងខ្លាំង នៅពេលគ្រូបង្វឹករូបនោះនិយាយថា ខ្សែប្រយុទ្ធវ័យ២៧ឆ្នាំ (រ៉ូនី) អាចជាជម្រើសមួយដ៏ល្អ នៅពេលដែលវ៉ាន់ផឺស៊ី មានបញ្ហា។
ដេវីដ ម៉យ បាននិយាយនៅកំឡុងពេលត្រៀមប្រកួតជាមួយក្រុមប្រទេសអូស្ត្រាលីថា៖ «សម្រាប់ការគិតរបស់ខ្ញុំទៅលើ រ៉ូនី៖ បើមានកាលៈទេសៈណា វ៉ាន់ផឺស៊ី រងរបួស យើងនឹងត្រូវការគាត់ (រ៉ូនី)។»
ទោះបីជាយ៉ាងណា គ្រូបង្វឹករូបនេះ ក៏បានបន្ថែមទៀតដែរថា៖ «ខ្ញុំអាចនឹងឲ្យពួកគេ (រ៉ូនី និងវ៉ាន់ផឺស៊ី) លេងទាំង២នាក់រួមគ្នា ហើយខ្ញុំក៏នៅតែត្រូវការខ្សែប្រយុទ្ធ ដេនី វ៊ែលប៊ែក (Danny Welbeck) និងចាវីយើ ហឺណាន់ដេស (Javier Hernandez) ដែរ។ ខ្ញុំចង់មានជម្រើសច្រើន តាមដែលអាចធ្វើទៅបាន។»
ប្រភពស្កាយស្ពតដដែល បានលើកឡើងថា រ៉ូនីមានអារម្មណ៏ថា គាត់ប្រហែលជាគ្មានអនាគតល្អទៀតទេ ជាមួយក្រុមបីសាចក្រហម បន្ទាប់ពីចំណាយពេល៩ឆ្នាំ ជាមួយនឹងក្លិបនេះរួចមក ហើយគាត់អាចនឹងចាកចេញទៅរកក្រុមថ្មី ដើម្បីបានលេងជាជម្រើស១១នាក់ដំបូងបានទៀងទាត់។
ខណៈដែល វ៉ាន់ផឺស៊ី រកគ្រាប់បាល់បញ្ចូលទីបាន៣០គ្រាប់ កាលពីរដូវកាលមុន និងក្លាយជាកីឡាករទាត់បញ្ចូលទីបានច្រើនជាងគេ (top scorer) ជាលើកទី២ នៅក្នុងក្របខ័ណ្ឌព្រីមែលីក (Premier League) ទៀតនោះ រ៉ូនីអាចរកគ្រាប់បាល់បញ្ចូលទីបានតែ១២គ្រាប់ប៉ុណ្ណោះ។
មិនត្រឹមតែប៉ុណ្ណោះ រ៉ូនីក៏បានធ្លាក់ដំណែងទៅជាកីឡាករបម្រុងក្នុងការប្រកួតសំខាន់ៗមួយចំនួន ក្រោមការដឹកនាំរបស់លោក អាឡិច ហ្វឺកឺសិន (Alex Ferguson) ផងដែរកាលពីរដូវកាលមុន ដូចជាការប្រកួតជើងទី២ ឆែមពានលីក (Champions League) ជាមួយនឹងក្រុមរៀលម៉ាឌ្រីដ (Real Madrid) ជាដើម ដែលធ្វើឲ្យគាត់មានការអាក់អន់ចិត្ត ចាប់តាំងពីពេលនោះមក៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ