ខ្សែប្រយុទ្ធ​លេខ​«២០» ជួយ​ឲ្យ​ក្រុម​បីសាច​ក្រហម លើក​ពាន​ទី​«២០»

ក្រុមបាល់ទាត់បីសាចក្រហម ម៉ែនឆេស្ទើ យូណៃធីត (Manchester United) បានអបអរសាទរនូវពានរង្វាន់ព្រីមែលីក (Premier League) លើកទី២០របស់ខ្លួន បន្ទាប់កីឡាករដែលពាក់អាវលេខ២០ រ៉ូបីន វ៉ាន់ផឺស៊ី (Robin van Persie) ទាត់បញ្ចូលទីចំនួន ៣គ្រាប់តែម្នាក់ឯង ទៅលើក្រុម អាស្តុន វីឡា (Aston Villa) នៅឯកីឡាដ្ឋាន អូលត្រាហ្វដ (Old Trafford) កាលពីយប់ថ្ងៃច័ន្ទ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: April 23, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមបាល់ទាត់បីសាចក្រហម ម៉ែនឆេស្ទើ យូណៃធីត (Manchester United) បានអបអរសាទរនូវពានរង្វាន់ព្រីមែលីក (Premier League) លើកទី២០របស់ខ្លួន បន្ទាប់កីឡាករដែលពាក់អាវលេខ២០ រ៉ូបីន វ៉ាន់ផឺស៊ី (Robin van Persie) ទាត់​បញ្ចូលទីចំនួន ៣គ្រាប់តែម្នាក់ឯង ទៅលើក្រុម អាស្តុន វីឡា (Aston Villa) នៅឯកីឡាដ្ឋាន អូលត្រាហ្វដ (Old Trafford) កាលពីយប់ថ្ងៃច័ន្ទ។


កីឡាករដែលពាក់អាវលេខ២០ រ៉ូបីន វ៉ាន់ផឺស៊ី នៅពេលទាត់បញ្ចូលទីរួច។

គ្រាប់បាល់បញ្ចូលទី ៣គ្រាប់របស់ វ៉ានផឺស៊ី នៅវគ្គទី១ បានធ្វើឲ្យអ្នកគាំទ្រក្រុមបីសាចក្រហម ដែលចូលរួមទស្សនា​ផ្ទាល់​ប្រមាណជា ៧៥០០០នាក់ បានបន្លឺសម្លេងឡើងពេញពហុកីឡាដ្ឋាន។ ពួកគេស្រែក «ឆែមពាន! ឆែមពាន! លេខ២០! លេខ​២០!» ស្របពេលដែលតារាសំណព្វចិត្តរបស់ពួកគេ ដែលពាក់អាវលេខ២០ ជាអ្នករកគ្រាប់បាល់ទៀតនោះ ធ្វើឲ្យពួកគេ​រីករាយជាទីបំផុតនៅរាត្រីនោះ។

វ៉ាន់ផឺស៊ី ពេលនេះក្លាយជាកីឡាករ ដែលរកគ្រាប់បាល់បញ្ចូលទីបានច្រើនជាងគេនៅក្នុងលីក មានគ្រាប់បាល់ ២៤គ្រាប់ ក្នុងរដូវកាលដំបូងរបស់គាត់ ជាមួយនឹងក្រុមបីសាចក្រហម។ គាត់អាចនឹងក្លាយជាកីឡាករ ដែលទទួលបាន​ពានរង្វាន់​កីឡាករល្អដាច់គេប្រចាំឆ្នាំ និងស្បែកជើងមាស ប៉ុន្តែគាត់នៅមានគូប្រជែងខ្លាំងៗ ២រូបទៀត ដូចជាកីឡាករ ល្វីស ស្វារែស (Luis Suarez) និង ហ្គារែត បេល (Gareth Bale)។

ខ្សែប្រយុទ្ធអន្តរជាតិហូឡង់ បាននិយាយថា «វាជាអារម្មណ៏ដ៏អស្ចារ្យមួយសំរាប់ខ្ញុំ ហើយជាក្រុមដ៏អស្ចារ្យ និងកីឡាករ​ដ៏​អស្ចារ្យជាទីបំផុត»។

ការសម្រេចចិត្តរបស់លោក អាឡិច ហ្វឺកឺសិន (Alex Ferguson) ក្នុងការទិញយកកីឡាករ វ៉ាន់ផឺស៊ី ក្នុងតម្លៃខ្លួន ២៤លាន​ផោន មកពីក្រុម អាសិណល (Arsenal) ជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត ព្រោះកីឡាកររូបនេះ អាចរកគ្រាប់បាល់បញ្ចូល​ទីបានយ៉ាងច្រើន។

លោក ហ្វឺកឺសិន ដែលដឹកនាំទទួលបានពានរង្វាន់លើកទី៤៩ ក្នុងអាជីពរបស់គាត់បាននិយាយថា «ខ្ញុំចាំបានថា លោក អាសិង វិងកឺ (Arsene Wenger- គ្រូបង្វឹកក្រុមអាសិណល) បាននិយាយថា វ៉ាន់ផឺស៊ី ជាកីឡាករល្អជាងអ្វី ដែលអ្នកគិត។ ពេលនេះខ្ញុំគិតថា គាត់និយាយត្រូវ។»

ចំណែកឯគ្រូបង្វឹកក្រុមមេឃខៀវ ម៉ែនឆេស្ទើ ស៊ីធី (Manchester City) លោក រ៉ូបឺតូ ម៉ែនស៊ីនី (Roberto Mancini) ក៏បាន​និយាយដែរថា វ៉ាន់ផឺស៊ី ជាកីឡាករតែម្នាក់គត់ ដែលធ្វើឲ្យក្រុមរបស់គាត់បាត់បង់ឱកាស ក្នុងការការពារដំណែងជើងឯក និងធ្វើឲ្យក្រុមទាំង២ មានភាពខុសគ្នាឆ្ងាយក្នុងរដូវកាលនេះ។

ខ្សែប្រយុទ្ធឆ្នើម វ៉ាន់ផឺស៊ី អាចនឹងបញ្ចប់រដូវកាលទទួលបាន «ស្បែកជើងមាស» ខណៈដែលកីឡាករគូប្រជែងរបស់គាត់ ល្វីស ស្វារែស របស់ក្រុម លីវើភូល (Liverpool) ដែលរកគ្រាប់បាល់បាន ២៣គ្រាប់នោះ ទំនងជាទទួលរងនូវការដាក់ពិន័យ មិនឲ្យចូលលេងរហូតដល់ចប់រដូវកាល បន្ទាប់ពីគាត់បានខាំដៃខ្សែការពារក្រុម ឆែលស៊ី (Chelsea) កាលពីថ្ងៃអាទិត្យ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...