សម្ភាសឡៅ ម៉ុងហៃ ៖ បញ្ហា​ព្រំដែន​ជុំ​វិញ​ប្រាសាទ​ព្រះវិហារ «កម្ពុជា​អត់​ចាញ់​ទេ គ្រាន់​តែ​មិន​ឈ្នះ»

ភាពតានតឹងនៃខ្សែបន្ទាត់ព្រំដែនកម្ពុជា -ថៃ នៃប្រាសាទព្រះវិហារ ចេះតែកើតមានជាបន្តបន្ទាប់ ជាពិសេសនៅក្រោយ​ពេល​ដែល ប្រាសាទព្រះវិហារខ្មែរ ត្រូវបានដាក់ចូលទៅក្នុងបញ្ជីបតិកភ័ណ្ឌពិភពលោកនោះមក។ ការរំលោភពីសំណាក់​ប្រទេស​ថៃម្ដងហើយម្ដងទៀត ដែលកម្ពុជាតែងតែត្អូញត្អែរនោះ បានជម្រុញឲ្យប្រទេសដែលជាម្ចាស់ប្រាសាទមួយនេះ ដាក់ពាក្យ​បណ្តឹង ទៅតុលាការយុត្តិធម៌អន្តរជាតិ នៅទីក្រុងឡាអេ ប្រទេសហូឡង់ សុំឲ្យបកស្រាយឡើងវិញនូវសាលក្រមឆ្នាំ១៩៦២ ទាក់ទងនឹងទឹកដីដែលនៅជុំវិញប្រាសាទនេះ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: April 23, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភាពតានតឹងនៃខ្សែបន្ទាត់ព្រំដែនកម្ពុជា -ថៃ នៃប្រាសាទព្រះវិហារ ចេះតែកើតមានជាបន្តបន្ទាប់ ជាពិសេសនៅក្រោយ​ពេល​ដែល ប្រាសាទព្រះវិហារខ្មែរ ត្រូវបានដាក់ចូលទៅក្នុងបញ្ជីបតិកភ័ណ្ឌពិភពលោកនោះមក។ ការរំលោភពីសំណាក់​ប្រទេស​ថៃម្ដងហើយម្ដងទៀត ដែលកម្ពុជាតែងតែត្អូញត្អែរនោះ បានជម្រុញឲ្យប្រទេសដែលជាម្ចាស់ប្រាសាទមួយនេះ ដាក់ពាក្យ​បណ្តឹង ទៅតុលាការយុត្តិធម៌អន្តរជាតិ នៅទីក្រុងឡាអេ ប្រទេសហូឡង់ សុំឲ្យបកស្រាយឡើងវិញនូវសាលក្រមឆ្នាំ១៩៦២ ទាក់ទងនឹងទឹកដីដែលនៅជុំវិញប្រាសាទនេះ។


ប្រាសាទព្រះវិហារខ្មែរ។

សាលក្រមឆ្នាំ១៩៦២ បានបញ្ជាក់ថា ប្រាសាទព្រះវិហារ ស្ថិតនៅលើដែនដីកម្ពុជា ដូច្នេះជាអធិបតេយ្យភាពកម្ពុជា មានន័យ​ស្មើនឹង ប្រាសាទព្រះវិហារនៅលើទឹកដីកម្ពុជា ដែលបានកំណត់ជាមូលដ្ឋាន ដោយផែនទីឧបសម្ព័ន្ធ១ របស់តុលាការ​អន្តរជាតិក្រុងឡាអេ។ ផ្ទុយទៅវិញ ថៃបែរជាគិតថាសាលក្រមនោះ បានកាត់មកឲ្យកម្ពុជា តែតួប្រាសាទប៉ុណ្ណោះ។

ទាក់ទិននឹងភាពចម្រូងចម្រាសនៃការបកស្រាយនេះ មនោរម្យព័ងអាំងហ្វូ បានជួបសម្ភាស ជាមួយអ្នកវិភាគឯករាជ្យមួយរូប​លោកបណ្ឌិត ឡៅ ម៉ុងហៃ  ដែលមានខ្លឹមសារដូចខាងក្រោម៖

មនោរម្យព័ងអាំងហ្វូ កម្ពុជាបានស្នើសុំទៅតុលាការអន្តរជាតិ ឲ្យធ្វើការបកស្រាយលើសាលក្រមឆ្នាំ១៩៦២ ដោយ​សម្អាងហេតុថា ដើម្បីការរស់នៅរបស់ប្រជាជាតិទាំងពីរ រស់នៅបានសុខសន្តិភាព។ ចំពោះលោកបណ្ឌិតផ្ទាល់ តើការស្នើ​សុំឲ្យមានការបកស្រាយនេះ តុលាការអន្តរជាតិអាចទទួលយកបានឬទេ?

លោក ឡៅ ម៉ុង ហៃ ៖ បាទ អាចធ្វើការបកស្រាយបាន ហើយត្រូវបកស្រាយឲ្យបានច្បាស់ ថាតើដីព្រំប្រទស់ប្រាសាទ​ព្រះវិហារនោះ កំណត់ត្រឹមណា? យើងសំអាងលើផែនទីឧបសម្ពន្ធ័មួយ ដែលបានធ្វើឡើងដោយបារាំង-សៀម ក្នុងឆ្នាំ​១៩០៩ ដែលនៅឆ្ងាយពីតួទីតាំងប្រាសាទ។ ឯសាលក្រមឆ្នាំ១៩៦២ហ្នឹង អត់បានកំណត់ច្បាស់លាស់ នូវព្រំប្រទល់ដី​ជុំ​វិញព្រះវិហារទេ ដែលនេះជាផលវិបាក ដូចឆ្នាំ២០០៨ ថៃបានចូលមកទឹកដីខ្មែរ ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ ការររំលោភដែនដី អធិបតេយ្យរបស់ខ្មែរ។

មនោរម្យព័ងអាំងហ្វូ តើលោកបណ្ឌិតគិតថា ការស្នើសុំនេះនឹងទទួលបាន ការបកស្រាយយ៉ាងដូចម្តេចដែរ?

លោក ឡៅ ម៉ុង ហៃ ៖ ខ្ញុំយល់ថាតុលាការសុខចិត្តទទួលយក ធ្វើការបកស្រាយហើយ។ ឯការបកស្រាយយ៉ាងណានោះ ស្ថិតលើសភាពការជាក់ស្តែង។ ខាងកម្ពុជាមានផែនទីឧបសម្ពន្ធ័មួយ ដែលកំណត់ដោយបារាំង-សៀម ភ្ជាប់ជាមួយ​នឹង​សាលក្រមឆ្នាំ១៩៦២ និងធ្វើការតវ៉ាជាបន្តបន្ទាប់ ក្រោយសាលក្រមឆ្នាំ១៩៦២ លើការតាំងរបងលួសបន្លា​នៅក្បែរនឹង ប្រាសាទ តែភាគីថៃមិនព្រមរើចេញ។ ចំពោះភាគីថៃវិញបានសំអាងលើផែនទី ដែលគូសដោយឯកតោភាគី ថាព្រំប្រទល់​នៅកៀកនឹងជណ្តើរប្រាសាទ។ មួយទៀតថៃបានលើកឡើងថា តាំងពីចេញសាលក្រមឆ្នាំ១៩៦២មក ពួកគេបានធ្វើរបង​លួសបន្លានៅខាងជើង ដែលនៅកៀកនឹងជណ្តើរនៃប្រាសាទ ហើយខ្មែរមិនបានធ្វើការតវ៉ាទេក្នុងនោះមក។ ដូច្នេះ អំណះ​អំណាងរៀងៗខ្លួន។

មនោរម្យព័ងអាំងហ្វូ តើលោកបណ្ឌិតគិតថា លទ្ធផលដែលនឹងរំពឹងទុកនោះ ថាកម្ពុជាអាចនឹងឈ្នះដែរឬទេ ហើយ​មូលហេតុអ្វី?

លោក ឡៅ ម៉ុង ហៃ ៖ យើងអត់ចាញ់ទេ គ្រាន់តែមិនឈ្នះ។ តាមសាលក្រមឆ្នាំ១៩៦២ ទីតាំងព្រំប្រទល់ដីជុំវិញប្រាសាទ​ព្រះវិហារ ជាដីរបស់ខ្មែរ និងយោងតាមកិច្ចព្រមព្រៀងបារាំង-សៀម (ផែនទីឧបសម្ពន្ធ័មួយ) ដែលខ្មែរបានស្នើសុំឲ្យ​ទទួល​យកធ្វើការបកស្រាយ។ ចំពោះតុលាការ ការកំណត់ទទួលយកការបកស្រាយនោះ មិនដឹងថា​នឹងត្រូវយោង​តាមអំណះ​អំណាងណាមួយទេ។ យោងតាមផែនទីឧបសម្ពន្ធ័មួយ ឬតាមផែនទីថៃ ឬតាមការកាន់កាប់ជាក់ស្តែង?។

មនោរម្យព័ងអាំងហ្វូ តើនឹងមានសង្រ្គាមតាមព្រំដែនទេ បើកម្ពុជាទទួលបានជោគជ័យក្នុងការសម្រេចសេចក្តីនេះ?

លោក ឡៅ ម៉ុង ហៃ ៖ ខ្ញុំថាមិនមានទេ។ ប៉ុន្តែមានភាពលំបាកបន្តិចត្រង់ថា ថៃអាចមិនទទួលយកសាលក្រមហ្នឹង។ ជាក់ស្តែងកន្លងមក ភាគីចាញ់ក្តី មិនដែលអនុវត្តតាមសាលក្រមនោះទេ។ បញ្ហាត្រប់ថា បើថៃនៅតែមិនគោរព តាមការ​សម្រេចនោះ យើងគិតយ៉ាងម៉េច? បើថៃមិនដកកំលាំងទាហានថយទេ តើយើងយកកំលាំងអ្វីមករុញ កំលាំងទាហាន? នោះអាច នឹងមានសង្រ្គាមកើតឡើង។

មនោរម្យព័ងអាំងហ្វូ បើតុលាការសម្រេចថាទឹកដីថៃ ចាប់ពីកាំជណ្តើរប្រាសាទព្រះវិហារទៅ តើកម្ពុជានឹងអាចទទួល​យកបានទេ? ហើយមានតំណោះស្រាយអ្វីជាបន្តទៅមុខទៀតទេ?

លោក ឡៅ ម៉ុង ហៃ ៖ យើងបានស្គាល់ និងទទួលស្គាល់ ហើយបានដាក់សេចក្តីទុកចិត្តរបស់យើងលើតុលាការនោះ ហើយក៏បានប្រកាសជាសាធារណៈ ថានឹងទទួលយកតាមការសម្រេចរបស់តុលាការ ដោយយោងតាមឯកសារ និង​ភស្តុតាងដែលខ្លួនមាន។ ចំពោះថៃតាមភាពជាក់ស្តែង កងទព័បានមកកាន់កាប់ លើដីជុំវិញព្រះវិហារជាដី ដោយលើក​ឡើងថាជាដីរបស់គេ។ ប្រសិនបើតុលាការសម្រេច ឲ្យទៅភាគីថៃមែននោះ កម្ពុជាមិនដឹងតវ៉ាយ៉ាងណាទៀតទេ មានន័យ ថាត្រូវបញ្ចប់ត្រឹមហ្នឹងហើយ។ ប៉ុន្តែបើយើងមិនសុខចិត្ត ហើយធ្វើសេចក្តីថ្លែងការណ៍ ប្រឆាំងនឹងការសម្រេចនេះថា​តុលាការមានការគៀបសង្កត់ពីថៃ មិនត្រឹមត្រូវទេ នាំឲ្យខ្មាសគេផង។

មនោរម្យព័ងអាំងហ្វូ បើភាគីណាមួយ ឬភាគីទាំងពីរ មិនព្រមអនុវត្តតាមការសម្រេច របស់តុលាការយុត្តិធម៌អន្តរជាតិ តើតុលាការនេះនឹងមានយុត្តិសាស្រ្តអ្វី ដើម្បីជម្រុញឲ្យមានការគោរព និងអនុវត្តតាម? និងមានទណ្ឌកម្មយ៉ាងណា ចំពោះ​អ្នកមិនអនុវត្ត?

លោក ឡៅ ម៉ុង ហៃ ៖ ក្នុងឆាកអន្តរជាតិ មិនមានកងកំលាំងណាមកបង្ខំប្រទេសណាមួយ ឲ្យអនុវត្តសាលក្រមតុលាការ​អន្តរជាតិនោះទេ។ ក្នុងប្រទេស យើងមានកំលាំងអំណាចរដ្ឋ អាចបង្ខំឲ្យភាគីចាញ់ទទួលយក តែក៏អាចកើត​ជាសង្គ្រាម​ដែរ។

មនោរម្យព័ងអាំងហ្វូ លោកបណ្ឌិតបានលើកឡើងថា តុលាការអន្តរជាតិជាតិមានអំណាចក្នុការសម្រេច តែមិនមាន​អំណាចក្នុងការចាប់បង្ខំ ឬជម្រុញ។ អញ្ចឹងមានន៍យស្មើនឹង ការសម្រេចរបស់តុលាការជា«អសារឥតបានការ»?

លោក ឡៅ ម៉ុង ហៃ ៖ មានការគៀបសង្កត់ការទូត ផ្នែកសេដ្ឋកិច្ចពីអន្តរជាតិ តែវាអាស្រ័យលើភាគីឈ្នះ តើអាច​ស្នើ​សុំ​អង្គការសហប្រជាជាតិ ក្រុមប្រឹក្សាសន្តិសុខ សម្រេចដាក់ទណ្ឌកម្មទៅលើភាគីដែលរឹងរួស មិនគោរព និងអនុវត្តតាមបាន​ឬទេ។ ម្យ៉ាងទៀតភាគីដែលឈ្នះ ក៏អាចដាក់ទណ្ឌកម្ម ផ្នែកសេដ្ឋកិច្ចដោយផ្ទាល់បានដែរ។ តែវាក៏ជាផលវិបាកសម្រាប់ ប្រជាពលរដ្ឋទាំងសងខាងដែរ៕

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២៣ មេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...