ឡៅ ម៉ុងហៃ៖ គណបក្សប្រជាជនមានចំណុចខ្យោយ ខណៈបក្សប្រឆាំងមានចំណុចខ្លាំង
នៅបន្ទាប់ពីការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រថ្ងៃទី២៨ខែកក្កដានោះមក ការប្រកាសលទ្ធផល ក៏បានចេញផ្សាយជាផ្លូវការរួចហើយដែរ។ ឆ្លងតាមលទ្ធផលនេះ អ្នកវិភាគបាននិយាយថា វាជាការឆ្លុះបញ្ចាំងពីចំណុចខ្សោយ របស់គណបក្សកានអំណាច និងចំណុចខ្លាំងរបស់គណបក្សប្រឆាំង។
មួកមានរូបសញ្ញាគណបក្សនយោបាយធំពីរ នៅប្រទេសកម្ពុជា។
លទ្ធផលបណ្តោះអាសន្ន ដែលបង្ហាញថាគណបក្សប្រជាជនកម្ពុជា ទទួលបាន៦៨អាសនៈ ខណៈបក្សប្រឆាំងទទួលបាន៥៥អាសនៈ។ សបញ្ជាក់ឲ្យឃើញថា គណបក្សប្រជាជនបានបាត់បង់អាសនៈ រហូតដល់ទៅ២២បើប្រៀបធៀប ទៅនឹងការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៤ ដែលទទួលបានរហូតដល់៩០អាសនៈ។
ការថយចុះនូវចំនួនអាសនៈ របស់គណបក្សកាន់អំណាចយ៉ាងខ្លាំង ស្របពេលដែលគណបក្សប្រឆាំង មានការកើនឡើងពី២៩ រហូតដល់៥៥អាសនៈ បានបង្ហាញឲ្យឃើញថា គណបក្សប្រឆាំងមានឥទ្ធិពលខ្លាំង ដែលមិនធ្លាប់មានក្នុងប្រវត្តិនៃការបោះឆ្នោតនៅកម្ពុជា បើគិតត្រឹមឆ្នាំ១៩៩៣រហូតដល់បច្ចុប្បន្ន។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យពីបញ្ហានយោបាយនៅកម្ពុជា បានពន្យល់ថាគណបក្សកាន់អំណាច មិនបានដោះស្រាយបញ្ហាជូនពលរដ្ឋ ខណៈបក្សប្រឆាំងសន្យាដោះស្រាយបញ្ហាទាំងនោះ ជូនពួកគេ។
លោកបានលើកឡើងពីបញ្ហាទាំងនោះក្នុងនោះរួមមាន អំពើពុករលួយ ជម្លោះដីធ្លី បក្សពួកនិយម លំហូចូលមកក្នុងកម្ពុជា នូវជនអន្តោប្រវេសន៍ ការំលោភសិទ្ធិមនុស្ស យុវជនអត់ការងារធ្វើ ភាពអានាធិបតេយ្យនៅក្នុងសង្គម និងប្រជាពលរដ្ឋបាត់បង់ការជឿជាក់លើរដ្ឋាភិបាល ខណៈមានបញ្ហាជាច្រើនកំពុងកើតឡើងនៅក្នុងសង្គម។
ចំពោះការកើនអាសនៈ របស់គណបក្សប្រឆាំង ដែលទទួលបានការគាំទ្រកើនឡើងពីសំណាក់ប្រជាពលរដ្ឋ ត្រូវបានអ្នកវិភាគរូបនេះលើកឡើងនូវកត្តាសំខាន់ៗ ក្នុងនោះរួមមានការរួបរួមសាមគ្គីគ្នា មានការគាំទ្រពីក្នុងនិងក្រៅប្រទេស ប្រជាពលរដ្ឋមានការជឿទុកចិត្ត ព្រោះសកម្មភាពការពារជាតិ របស់ពួកគេសមស្របទៅនឹង ស្ថានការណ៍បច្ចុប្បន្ន។ ជាពិសេសនោះ គឺគោលនយោបាយ៧ចំណុច ដែលបង្កើតឡើងដោយបក្សប្រឆាំង មានសារៈសំខាន់ពាក់ព័ន្ធនឹងជីវភាព របស់ពួកគេប្រចាំថ្ងៃ។
កន្លងមកក្នុងកំឡុងពេល យុទ្ធនាការឃោសនាបោះឆ្នោត គេសង្កេតឃើញថាគណបក្សប្រជាជន ដែលជាគណបក្សកាន់អំណាច បានប្រើស្ទើរតែគ្រប់មធ្យោបាយដើម្បីទាក់ទាញអ្នកគាំទ្រ ជាពិសេសនៅក្នុងរាជធានីភ្នំពេញ។ ប៉ុន្តែជាលទ្ធផលគណបក្សប្រជាជន ទទួលបានតែ៥អាសនៈប៉ុណ្ណោះ ខណៈគណបក្សប្រឆាំងទទួលបាន៧អាសនៈ ពីក្នុងចំណោម១២អាសនៈ សម្រាប់មណ្ឌលរាជធានីនេះ៕
--------------------------------------------------------
ដោយៈ អ៊ុំ បូរី - ភ្នំពេញថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ