ប៉េប៉េ រ៉េណា ផ្ញើសារទៅអ្នកគាំទ្រក្រុមហង្សក្រហម ទាំងឈឺចាប់
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: July 30, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អតីតអ្នកចាំទីក្រុមលីវើភូល (Liverpool) ប៉េប៉េ រ៉េណា (Pepe Reina) បានចាកចេញពីទឹកដីអង់គ្លេសហើយ បន្ទាប់ពីក្លិបហង្សក្រហម បានប្រកាសថាពួកគេបានឲ្យក្រុមណាប៉ូលី (Napoli) របស់ប្រទេសអ៊ីតាលី ខ្ចីជើង១ឆ្នាំ ខណៈដែលរ៉េណា បង្ហើបប្រាប់ថា ក្លិបបង្ខំឲ្យគាត់ចាកចេញ ទាំងគ្មានប្រឹក្សាយោបល់ជាមួយនឹងគាត់សោះ។
អតីតអ្នកចាំទីក្រុមលីវើភូល (Liverpool) ប៉េប៉េ រ៉េណា ដែលមកលេងឲ្យក្រុមណាប៉ូលីមួយឆ្នាំ។ (រូបថត metro.co.uk)
កីឡាករអន្តរជាតិអេស្ប៉ាញ ដែលលេងឲ្យលីវើភូលតាំងពីឆ្នាំ២០០៥ បានផ្ញើសំបុត្រផ្លូវការមួយ ដល់អ្នកគាំទ្រក្រុមលីវើភូលទាំងអស់ ដោយគាត់និយាយថា៖ «ខ្ញុំពិតជាខកចិត្ត ដែលអ្នកចាត់ការក្រុមលីវើភូល យល់ព្រមឲ្យខ្ញុំចេញទៅក្រុមណាប៉ូលី ដោយមិនបានប្រាប់ខ្ញុំពីដំបូង។»
គ្រូបង្វឹកក្រុមហង្សក្រហម លោកប្រេដិន រ៉ដចឺ (Brendan Rodgers) បានចំណាយលុយ ៩លានផោន នាំយកអ្នកចាំទី ស៊ីម៉ុន ម៉ិកណូឡិត (Simon Mignolet) មកពីក្រុមសាន់ដឺឡែន (Sunderland) ក្នុងគោលបំណងជាអ្នកចាំទីដៃទី១នៅរដូវកាលថ្មី រីឯរ៉េណា ក៏មិនអាចក្លាយជាកីឡាករបម្រុងនោះដែរ ដូច្នេះមានតែផ្លូវឲ្យគាត់ចេញពីក្លិបបណ្តោះអាសន្នសិន។
អ្នកចាំទីវ័យ៣០ឆ្នាំ រ៉េណា ស្រលាញ់ និងស្មោះស្ម័គ្រ នឹងក្លិបលីវើភូលណាស់ ហើយគាត់ក៏មិនដែលប្រាប់ក្លិបថា គាត់ចង់ចាកចេញម្តងណានោះដែរ ប៉ុន្តែលោករ៉ដចឺ បាននិយាយថា គាត់មិនអាចទុកឲ្យអ្នកចាំទីអេស្ប៉ាញរូបនេះ អង្គុយនៅកន្លែងបម្រុងនោះទេ ព្រោះគាត់មានថ្លៃឈ្នួលថ្លៃណាស់ (១១ម៉ឺនផោន ក្នុង១សប្តាហ៏)។
ក្នុងសេចក្តីសំបុត្រ រ៉េណាបានបន្តថា៖ «ខ្ញុំបានប្រាប់ដល់គ្រូបង្វឹកថា ខ្ញុំចង់លេងឲ្យក្រុមលីវើភូល មិនចង់ចេញទៅណាទេ លើកលែងតែក្លិបចាស់របស់ខ្ញុំ បាសេឡូណា (Barcelona) ត្រូវការខ្ញុំខ្លាំង ទើបខ្ញុំអាចពិចារណាខ្លះ ហើយខ្ញុំនឹងរីករាយ ក្នុងប្រជែងជាមួយកីឡាករចំណូលថ្មី ដើម្បី រកដំណែងជម្រើសទី១ជាបន្ត ប៉ុន្តែខ្ញុំពិតជាភ្ញាក់ផ្អើលនៅពេលដឹងថា ក្លិបបានយល់ព្រមឲ្យក្រុមណាប៉ូលីខ្ចីជើង។»
រ៉េណា បានបង្ហាញពីអារម្មណ៏ឈឺចាប់ និងក្តុកក្តួលជាបន្តថា៖ «ទាំងក្លិប, បុគ្គលិក, ទីក្រុង, ប្រជាជន និងអ្នកគាំទ្រលីវើភូលទាំងអស់ ជាផ្នែកមួយដ៏ធំធេងបំផុត នៅក្នុងជីវិតរបស់ខ្ញុំ។ លីវើភូលជាក្លិបដ៏ពិសេស ហើយខ្ញុំពិតជាសំណាងណាស់ ដែលមានឱកាសលេងជាច្រើនឆ្នាំនៅទីនោះ។ គ្រប់អនុស្សារីយ៏ទាំងអស់ នឹងធ្វើឲ្យខ្ញុំចងចាំជារៀងរហូត។»
ជាចុងបញ្ចប់រ៉េណា បានបញ្ជាក់ថា៖ «ខ្ញុំសូមជូនពរ ឲ្យគ្រូបង្វឹក និងកីឡាករមិត្តរួមក្រុមទាំងអស់ ទទួលបានជោគជ័យធំៗ និងជួយក្លិបឲ្យក្លាយជាក្រុមមួយ ដែលធ្លាប់ល្បីល្បាញដូចពីអតីតកាល។ ខ្ញុំគ្មានចង់បានអ្វីនោះទេ គ្រាន់តែនៅថ្ងៃណាមួយ ខ្ញុំនឹងត្រឡប់ទៅជួយលីវើភូលវិញ ហើយខ្ញុំចង់លេងឲ្យក្លិបច្រើនឆ្នាំបំផុត រហូតដល់បញ្ចប់អាជីពរបស់ខ្ញុំ។ អរគុណសម្រាប់អ្វីៗគ្រប់យ៉ាង ខ្ញុំនឹងជួបអ្នកទាំងអស់គ្នា ក្នុងពេលឆាប់ៗ។»
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ