ក្រុមបាសេឡូណា៖ ណីម៉ា និងតារាឆ្នើមៗ ចាប់ផ្ដើមចូលហ្វឹកហាត់
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: July 30, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កីឡាករចំណូលថ្មីក្រុមបាសេឡូណា (Barcelona) ណីម៉ា (Neymar) បានធ្វើដំណើរមកហ្វឹកហាត់ជាមួយក្រុមលើកដំបូង កាលពីថ្ងៃច័ន្ទម្សិលមិញ ជាមួយនឹងគ្រូបង្វឹកថ្មីរបស់ក្រុម លោកហ្គឺរ៉ាដូ ម៉ាទីណូ (Gerardo Martino)។
កីឡាករ ណីម៉ា និងលីយ៉ូនែល ម៉េស៊ី នៅពេលហ្វឹកហាត់ក្នុងក្រុមបាលឺឡូណា។ (រូបថត REUTERS)
ក្លិបអ្នកមានបុណ្យ បានស្វាគមន៏កីឡាករដែលជាប់ភារកិច្ចលេងនៅ ពានរង្វាន់ខុនហ្វេដឺរ៉េសិនខាប (Confederations Cup) ទាំងអស់ត្រឡប់មកកាន់ក្រុមវិញ កាលពីរសៀលម្សិលមិញ ដែលកីឡាករឆ្នើមៗទាំងនោះ មានដូចជា៖ ណីម៉ា, ស្ស៊ាវី (Xavi), អេនដ្រេ អ៊ីណែស្តា (Andres Iniesta)និងខ្សែបម្រើ សែស ហ្វាប្រេហ្គាស (Cesc Fabregas)។ រីឯខ្សែប្រយុទ្ធ លីយ៉ូនែល ម៉េស៊ី (Lionel Messi) ក៏បង្ហាញខ្លួនដែរ។
នេះជាឱកាសលើកដំបូង ដែលណីម៉ា មកបង្ហាញពីបច្ចេកទេសរបស់គាត់ ដល់មិត្តរួមក្រុមបានឃើញ ខណៈមានតម្លៃថ្លៃជាងគេលំដាប់ទី២របស់ក្លិប បន្ទាប់ពីកីឡាករស្លាតាន់ អ៊ីប្រាហ៊ីម៉ូវីក (Zlatan Ibrahimovic) ដែលត្រូវបានបាសេឡូណា ទិញចូលក្នុងតម្លៃ ៥៦លានផោន កាលពីឆ្នាំ២០០៩។
ណីម៉ា ជាតារាឆ្នើម និងជាកីឡាករដែលលេចធ្លោរបំផុត នៅក្នុងការប្រកួតពានរង្វាន់ ខុនហ្វេដឺរ៉េសិនខាប់ កាលពីខែមិថុនា ខណៈដែលគាត់បានជួយឲ្យប្រេស៊ីល យកឈ្នះក្រុមអេស្ប៉ាញ ក្នុងវគ្គផ្តាច់ព្រ័ត្រ ហើយគាត់ក៏បានឈ្នះលើមិត្តរួមក្រុមរបស់គាត់ ជាច្រើននាក់ ដែលលេងឲ្យក្រុមអេស្ប៉ាញផងដែរ។
ចំណែកឯខ្សែបម្រើអេស្ប៉ាញ សែស ហ្វាប្រេហ្គាស កំពុងតែត្រូវបានក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) ចង់បានដដែល ខណៈដែលលោក ដេវីដ ម៉យ (David Moyes) មានជំនឿថា ពួកគេនឹងអាចទិញយកបាន នៅមុនពេលដែលទីផ្សារដោះដូរកីឡាករ ត្រូវបានបិទ នៅថ្ងៃទី០២ ខែកញ្ញាខាងមុខ។
ម៉ែនញូ បានដេញថ្លៃ២លើករួចមកហើយ ប៉ុន្តែក្លិបបាសេឡូណា បានច្រានចោលទាំង២លើក។ ហើយលោក ដេវីដ ម៉យ បាននិយាយថា៖ «យើងនឹងចាំសង្កេតមើលតទៅទៀត ហើយយើងនឹងពិចារណា ដើម្បីធ្វើការដេញថ្លៃបន្តទៀត។»
ទោះបីជាយ៉ាងណា គ្រូបង្វឹកថ្មីក្រុមបាសា លោកម៉ាទីណូ បាននិយាយថា៖ «ម៉ែនញូ ចង់បានហ្វាប្រេហ្គាស? បើក្លិបបានបដិសេធ ២លើកមកហើយ ខ្ញុំនឹងបដិសេធជាលើកទី៣។ ហ្វាប្រេហ្គាស នឹងនៅទីនេះ៕»
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ